ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងទាំងស្រុងថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២០និង០០នាទី មានជនជាតិចិនម្នាក់បានមករាយការណ៍ជូនកម្លាំងជំនាញ ផែននគរបាលព្រហ្មទណ្ឌថា មិត្តភក្តិរបស់គាត់ឈ្មោះ LI SHI GUO ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន ត្រូវបានគេឃុំទុកក្នុងបន្ទប់លេខៈ ៨៣០១ ( អគារថ្មី ) នៃកាស៊ីណូ អររ៉េនថលភៀល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ អស់រយៈពេលមួយសប្តាហ៍មកហើយ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍សង្កាត់៤ និងតំណាងម្ចាស់ទីតាំង កាស៊ីណូ អររ៉េនថលភៀល បានធ្វើការឆែកឆេរបន្ទប់លេខៈ ៨៣០១ ( អគារថ្មី ) នៃកាស៊ីណូ អររ៉េនថលភៀល ដើម្បីរំដោះជនរងគ្រោះចំនួន ៣នាក់ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ ។
+ជនរងគ្រោះចំនួន ៣នាក់៖ ១-ឈ្មោះ LI SHI GUO ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ រកស៊ី ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ YU GUO ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅសណ្ឋាគារ ដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង៣-ឈ្មោះ GUO HOU XIANG ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ ឆាងអាន ស្នាក់នៅ សណ្ឋាគារយ៉ាឌូលី ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ប្រតិបត្តិការខាងលើ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ៖
១-ឈ្មោះ LI YAO FENG ប្រុស អាយុ ៣០ឆ្នាំ មុខរបរ ចងការប្រាក់នៅកាស៊ីណូ មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ JIANG HUA YANG ប្រុស អាយុ ២៥ឆ្នាំ មុខរបរ ចងការប្រាក់នៅកាស៊ីណូ មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ LI YANG ប្រុស អាយុ ៣២ឆ្នាំ មុខរបរ ចងការប្រាក់នៅកាស៊ីណូ មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ FAN BAO GUO ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ចងការប្រាក់នៅកាស៊ីណូ មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ LI YU GUO ប្រុស អាយុ ២៣ឆ្នាំ មុខរបរ ចងការប្រាក់នៅកាស៊ីណូ មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានទៅលេងល្បែងនៅកាស៊ីណូ អររ៉េនថលភៀល ពេលលេងចាញ់អស់លុយ ក៍ចងការប្រាក់ពីក្រុមជនសង្ស័យ ដែលជាអ្នករកស៊ីចងការប្រាក់នៅក្នុងកាស៊ីណូ នៅពេលដែលគ្មានលុយសងក៏ត្រូវក្រុមជនសង្ស័យឃុំទុកក្នុងបន្ទប់ ដើម្បីឲ្យជនរងគ្រោះទាក់ទងទៅក្រុមគ្រួសារ ឬមិត្តភក្តិ រកលុយសងពួកគេ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់