ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាជើងចាស់ សរ កេសារ៉ា បើកដៃអោយជើងថ្មី ឈួន ពន្លឺ សម្អុយឈ្មោះ

ខុសពីម្ចាស់ផលិតកម្មមួយចំនួនដែលត្រូវតារាណាម្នាក់ប្រតិកម្ម ហើយខំស្វះស្វែងចរចារដើម្បីបញ្ចប់ជម្លោះកុំអោយមានរឿងប៉ះពាល់ដល់ផលិតកម្ម សម្រាប់អ្នកស្រីសរ កេសារ៉ា ជាអ្នកផលិតរឿង«រ៉ូហ្ស៉ា៥» បែរជាបានប្រកាសបើកដៃអោយគូជម្លោះគឺតារាសម្ដែងលោក ឈួន ពន្លឺ បង្ហោះវាយប្រហារអ្នកស្រី និងភាពយន្តអ្នកស្រីតាមចិត្តដោយគ្មានគម្រោងប្ដឹងផ្ដល់ទៅវិញ។ អ្នកស្រីប្រកាសមិនសុំទោសតាមការចង់បានរបស់លោក ឈួន ពន្លឺ ជាដាច់ខាត ដោយអ្នកស្រីស្វាគមន៍ចំពោះការធ្វើព្យុះធ្វើភ្លៀងទាំងឡាយនោះផង។

អ្នកស្រីបានមានប្រសាសន៍តាមឆាតកាលពីយប់ថ្ងៃទី១០ ឧសភា ថា អ្នកស្រីគ្មានការសុំទោសណាមួយតាមការទាមទារទៅកាន់ម្ចាស់ហាងMr. Man នោះទេ ដោយសារតែពេលប្រើប្រាស់សំលៀកបំពាក់របស់ហាងនេះសម្រាប់ថតរឿង«រ៉ូហ្ស៉ា៥» គឺអ្នកស្រីមិនធ្លាប់ទៅកុងត្រាណាមួយជាមួយម្ចាស់ហាង Mr.Man។ អ្នកស្រីនៅតែយល់ថាខ្លួនមិនខុស ដោយអះអាងថានៅចុងបញ្ចប់រឿង«រ៉ូហ្សា៥»ដែលបានដាក់បញ្ចាំងក្នុងរោង គឺអ្នកស្រីបានដាក់ថាអរគុណចំពោះហាងមួយនេះរួចទៅហើយ។ អ្នកស្រីថាអ្នកសាងកំហុសគឺភាគីម្ចាស់ហាងMr.Man និងលោកឈួន ពន្លឺ ដែលជាអ្នកចាត់ការក្នុងភាពយន្តរបស់អ្នកស្រីឯណោះទេ ដោយសារភាគីទាំងពីមិនបានបញ្ជូនសំណើរមុនពេលធ្វើ Poster និង Trailer លុះដល់ផលិតPoster និង Trailer រួចហើយទើបតវ៉ា។ អ្នកស្រីចាត់ទុកថា ម្ចាស់ពានតារាសម្ដែងឆ្នើមប្រចាំរបស់ទូរទស្សន៍អប្សរាកាលពីដើមឆ្នាំ២០១៧លោក ឈួន ពន្លឺ បំពេញការងារមិនទទួលខុសត្រូវ ទើបអ្នកស្រីមិនអាចទៅទទួលខុសត្រូវណាមួយចំពោះហាងសំលៀកបំពាក់Mr.Man ដោយសារអ្នកស្រីបានដាក់ពាក្យអរគុណនៅបញ្ចប់រឿងរួចហើយ។ ទន្ទឹមនឹងការប្រកាសមិនសុំទោស អ្នកស្រីក៏អះអាងថាគ្មានគម្រោងដាក់បណ្ដឹងពីបទបរិហារកេរ្តិ៍ណាមួយចំពោះលោកឈួន ពន្លឺផងដែរ បើទោះជាអ្នកស្រីទទួលស្គាល់ថាការបង្ហោះបន្តបន្ទាប់របស់លោក ធ្វើអោយអ្នកស្រីស្អុយឈ្មោះ និងធ្វើអោយភាពយន្តរបស់លោកស្រីដែលទើបដាក់បញ្ចាំងបានប៉ុន្មានថ្ងៃប៉ះពាល់។ ឆ្លើយតបនឹងការរិះគន់របស់អ្នកទស្សនាមួយចំនួនដែលបានសរសេរថារឿង«រ៉ូហ្ស៉ា៥» គ្មានគុណភាព និងមើលមិនកើត អ្នកស្រីសរ កេសារ៉ា ដែលត្រូវគេស្គាល់ថាជាតារាជើងចាស់ល្បីឈ្មោះកាលពីសង្គមចាស់ផង បានអះអាង ថាអ្នកបង្ហោះនោះគ្រាន់តែជាអ្នកចង់ជាន់ពន្លិចវិស័យភាពយន្តខ្មែរ និងជាបក្សពួករបស់លោកឈួន ពន្លឺ ប៉ុណ្ណោះ។ អ្នកស្រីថារឿងនោះពិតជាមានចំណុចខ្សោយខ្លះព្រោះជាកូនកុនដែលអ្នកស្រីស្ទាបស្ទង់ទីផ្សារ ហើយបើទោះជាមានអ្នកអ្នកគាំទ្រទិញសំបុត្រទស្សនាមិនច្រើនតាមរោងខ្លះ ព្រោះតែការបង្ហោះរបស់អ្នកសម្អុយទាំងនោះធ្វើអោយរឿងមួយនេះខាតដើម ក៏អ្នកស្រីប្រកាសថាមិនខ្វល់នោះដែរ ដោយអ្នកស្រីថាខ្លួនមិនខ្វះលុយផលិតបន្ត និងមិនមែនសម្អាងលើផលចំណេញពីរឿង”រ៉ូហ្ស៉ា៥”។

តារាសម្ដែងលោកឈួន ពន្លឺ ប្រកាសថាចម្លើយរបស់អ្នកស្រីសរ កេសារ៉ា ថាជាការបកស្រាយគ្មានការទទួលខុសត្រូវ។ លោកថាក្នុងពេលចចារ អ្នកស្រីពិតជាមិនបានព្រមព្រៀងដោយផ្ទាល់ជាមួយហាង Mr.Man មែន តែអ្នកស្រីបានយល់ព្រមគ្រប់យ៉ាងតាមការចង់បានរបស់ម្ចាស់ហាងដូចជា ដាក់LogoនៅលើPoster នៅក្នុងTrailer និងព្រមថតឈុតក្នុងហាងអោយជាប់យីហោខាងក្រៅរបស់ហាងជាដើម ទើបខាងMr.Manយល់ព្រមផ្ដល់សំលៀកបំពាក់អោយតួក្នុងរឿង«រ៉ូហ្ស៉ា៥»ប្រើខោអាវស្លៀកទាំងស្រុងពេញមួយរឿងនេះ តាំងពីដើមដល់ចប់ ដោយគ្រាន់តែរ៉ូបដែលមានតម្លៃខ្ទង់រយដុល្លារ គឺមិនតិចជាង៣០រ៉ូប និងស្លៀកមិនសល់សូម្បីតែតួរាយរង។ លោកថាខ្លួនបានខលទៅជម្រាប និងឆាតរំលឹកពាក់ព័ន្ធនឹងការដាក់Logo ហាងទៅកាន់អ្នកស្រីច្រើនដងមកហើយ តែអ្នកស្រីក្រោយពេលថតចប់ គឺខលមិនលើក ឆាតមិនតប ហើយដល់ពេលចេញបញ្ចាំងភាពយន្ត ក៍បានត្រឹមតែអរគុណដល់ហាង ដែលលោកបញ្ជាក់ថាមានត្រឹមអក្សររត់អរគុណប៉ុណ្ណឹង គឺមិនមានអ្នកចាប់អារម្មណ៍ និងមិនអាចអោយខាងម្ចាស់ហាងទទួលយកបាន។ លោកថាអ្នកស្រីកាត់ប្លង់ដែលថតក្នុងហាង ដោយមិនភ្ជាប់យីហោមុខហាងដែលបានឯកភាពទៅទៀត ទើបបញ្ហាទទួលយករឹតតែមិនកើត។ មួយករណីទៀត លោកអះអាងអ្នកបង្ហោះរិះគន់ពីរឿង«រ៉ូហ្ស៉ា៥»មើលមិនកើត មិនមែនជាបក្សពួកខ្លួននោះទេ ដោយលោកគ្រាន់តែកាត់សម្ដីរិះគន់នោះមកបង្ហោះក្រោយផ្ទុះជម្លោះជាមួយអ្នកស្រីប៉ុណ្ណោះ។ បើទោះជាគ្មានការប្រកាសបើកដៃ ក៏លោកបញ្ជាក់ជំហរថានឹងមិនឈប់ត្រឹមហ្នឹងនោះទេ គឺបន្តបង្ហោះទទូចអោយអ្នកស្រីទទួលខុសត្រូវចំពោះម្ចាស់ហាង Mr.Man អោយបានដាច់ខាត ដើម្បីកុំអោយបញ្ហាចម្រូងចម្រាស់ដែលបានកើតឡើង បែរជាត្រូវលោករ៉ាប់រងជាមួយម្ចាស់ហាងទៅវិញ៕

មតិយោបល់