ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វែង សុជាតា និង រ៉េដរ៉ូស កាន់តែស្និទ្ធស្នាលគ្នា

ក្នុងពិភពសម្ដែង គេសុទ្ធតែដឹងថា អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េដរ៉ូស ទើបតែត្រូវបានហក់ចូលសិល្បៈ ក្រោយមានឱកាសជូនកូនប្រុសកូនស្រី ដែលជាតារាសម្ដែងទាំងវ័យក្មេងទៅកាន់កន្លែងថត ហើយត្រូវបានផលិតករស្នើឲ្យជួយសម្ដែងប៉ុណ្ណោះ។ ប៉ុន្តែគេកត់សម្គាល់ថា តារាសម្ដែងវ័យជ្រេរូបនេះ ទទួលបានទីផ្សារសម្ដែងលឿនស្លេវ ដោយអ្នកស្រីត្រូវបានផលិតករ ដាក់ឲ្យសម្ដែងស្មើមុខស្មើមាត់ នឹងតារាជើងចាស់ផ្សេងៗ ព្រោះតែមានសមត្ថភាពនោះផង។

អ្វីដែលកត់សម្គាល់ គឺ អ្នកស្រី ត្រូវបានផលិតករលើកឲ្យសម្ដែង ជាតួអង្គធំជាមួយអ្នកនាងស្វែង សុជាតា ប្រមាណជាមួយរយៈចុងក្រោយ រហូតធ្វើឲ្យតារាទាំងពីរមានទំនាក់ទំនស្និទ្ធស្នាលគ្នាក្រៅឆាក បើទោះជាបានហក់ចូលសិល្បៈខុសជំនាន់គ្នាដាច់។ លោក លៀក លីដា ម្ចាស់ផលិតកម្មLD បានអះអាងក្នុងពិធីក្រុងពាលី៣រឿង ក្នុងពេលតែមួយកាលពីព្រឹកថ្ងៃទី១៣ កញ្ញា ថា ហេតុផលដែលលោកសម្រេចចិត្ត ឲ្យតារាសម្ដែងទាំងពីរសម្ដែងក្នុងរឿង អង្រឹង ប៉ះគ្នា គឺដោយសារតែអ្នកទាំងពីរមានវ័យប្រហែលគ្នា ហើយមានសមត្ថភាព អាចសម្ដែងបានស៊ីសង្វាក់គ្នា ហើយសំខាន់គឺនៅក្រៅឆាកអ្នកទាំងពីររាប់អានគ្នាបានល្អ។

លោកថាអ្នកស្រី ចាន់ សោភ័ណ្ឌ ទើបតែបានចូលប្រឡូកការសម្ដែងបានមួយរយៈខ្លីប៉ុណ្ណោះ តែអ្នកស្រីអាចសម្ដែង បានល្អមិនថា តំណែងជាតួម្ដាយឆ្នាស់ កាច ចិត្តអាក្រក់ ចិត្តល្អ និងជាតួអ្នកមានអ្នកក្រជាដើម។ មុននឹងធ្វើការសម្រេចចិត្ត ឲ្យតារាវ័យជ្រេទាំងពីរ បានសម្ដែងប៉ះគ្នា ក្នុងតំណែងជាតួអង្គម្ដាយសំខាន់នៅក្នុងភាពយន្តខាងលើ លោកថាបានគិតយ៉ាងច្បាស់ ស្របគ្នាដែលអ្នកទាំងពីរ ក៏មានពេលវេលាសមស្របអាច ឲ្យលោកទទួលយកបាននោះផង។ លោកកាន់តែសប្បាយចិត្ត នៅពេលដឹងថា អ្នកស្រី ចាន់ សោភ័ណ្ឌ និងអ្នកនាងស្វែង សុជាតា មានទំនាក់ទំនងគ្នាល្អនៅក្រៅសិល្បៈ ដែលលោកបានហៅទំនាក់ទំនងនេះថា គឺជាអ្វីដែលក្រុមផលិតករចចង់បាន ដោយសារតែពេលកន្លងមក គឺមានករណីតារាសម្ដែងច្រើននាក់មកហើយ ដែលមានសភាពកាច់កុងគ្នា ហើយមិនចង់សម្ដែង ជាមួយអ្នកនេះជាមួយអ្នកនោះ ព្រោះតែរឿងមិនសូវចុះសម្រុងគ្នា។

ម្យ៉ាងមកពីលោកធ្លាប់ធ្វើជាមួយតារាទាំងពីរ ហើយអ្នកទាំងពីរតែងផ្ដល់ពេលវេលាមកថតក៏ល្អ ការសម្ដែងក៏សឹងតែកុម្ម៉ង់បានមិនថា ឲ្យសម្ដែងយ៉ាងមិចផង ទើបលោកយល់ថាតារាស្រីវ័យជ្រេ២រូបនេះ ស័ក្ដសមនឹងតំណែងក្នុងភាពយន្តរឿង អង្រឹង បំផុត មុននឹងលោកសម្រេចចិត្ត ឲ្យសម្ដែងប៉ះគ្នា។ អ្នកស្រី ចាន់ សោភ័ណ្ឌ និយាយថា បើទោះជាអ្នកនាង ស្វែង សុជាតា ជាតារាជើងចាស់ ហើយអ្នកស្រីទើបតែបានចូលសម្ដែង និងក្លាយជាតួធំក្នុងភាពយន្តនាពេលថ្មីៗ តែអ្នកនាងមិនដែលរើសអើងចំពោះខ្លួននោះទេ ដោយបានទាំងផ្ដល់ទំនាក់ទំនង និងពាក្យសម្ដីល្អៗ ចំពោះខ្លួននោះផង ទើបអ្នកស្រី និងអ្នកនាងស្វែង សុជាតា ចាប់ផ្ដើមរាប់គ្នា ក្រោយពីបានថតរឿងជាមួយគ្នា។

អ្នកស្រីថា ក្នុងចំណោមតារាជើងចាស់ដែលអ្នកស្រីធ្លាប់បានសម្ដែងជាមួយ អាចនិយាយបានថា មិនមានតារារៀមច្បងណាម្នាក់មិនល្អនោះទេ ប៉ុន្តែបើធៀបចំពោះអ្នកនាង ស្វែង សុជាតា គឺល្អលើសគេ ដោយរមែងមានការប្រាស្រ័យពឹងពាក់គ្នាទៅវិញទៅមក ទើបអ្នកស្រី និងអ្នកនាង ស្និទ្ធគ្នាក្នុងមួយរយៈចុងក្រោយ បើទោះជាក្នុងភាពយន្តតម្រូវឲ្យសម្ដែងកាច់កុងគ្នា។ ទំនងជាភាពស្និទ្ធស្នាលនេះ ទើបខ្លួន និងអ្នកនាងស្វែង សុជាតា រមែងត្រូវបានផលិតករជ្រើសឲ្យសម្ដែងភាពយន្តជាមួយគ្នា បួករួមតាំងភាពយន្តរឿង អង្រឹង ដែលផលិតកម្ម អ៊ិលឌី ទើបផ្ដល់ឲ្យសម្ដែងនេះផង៕

មតិយោបល់