កាលពីព្រឹកថ្ងៃទី១៣ កញ្ញា មុននេះ គេឃើញតារាសម្ដែង អ្នកនាង ម៉ី ហ្ស៊ិនយ៉ា ទទួលបានកិត្តិយសយ៉ាងកាលីប ពីលោក ហ៊ុន ម៉ាណែត ក្នុងពិធីទ្រង់ទ្រាយធំរបស់អង្គភាពបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ដោយអ្នកនាង ទទួលបាន គ្រឿងឥស្សរិយយស-មនីសារភ័ណ ថ្នាក់មហាសេរីវ័ឌ្ឍន៍។ អ្នកនាងបញ្ជាក់ថា នេះជាលើកទី១ដែលអ្នកនាងទទួលបាននូវកិត្តិយសនេះ ប៉ុន្តែសម្រាប់គ្រួសាររបស់អ្នកនាងគឺទទួលគ្រឿងកិត្តិយសនេះចំនួន២លើកហើយ ដោយពីលើកមុនស្វាមីរបស់អ្នកនាងជាអ្នកឡើងទទួល។
អ្នកនាង ម៉ី ហ្ស៊ិនយ៉ា បានថ្លែងបញ្ជាក់ថា ហេតុផលដែលអ្នកនាងទទួលបាននូវគ្រឿងឥស្សរិយយស នៅក្នុងពិធីនោះ គឺដោយសារតែពេលកន្លងមកអ្នកនាង និង ស្វាមី បានរួមចំណេកកសាងសមិទ្ធិផលជាច្រើននៅក្នុងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដែលរួមមានផ្លូវ និងសមិទ្ធិផលមួយចំនួនទៀត ក្នុងនាមជាសប្បុរសជន។ អ្នកនាងថា ក្នុងនាមដែលអ្នកនាង និងស្វាមី គឺជាអ្នកជំនួញផង អ្នកនាងមិនមែនទើបតែបានចំណាយធនធានលើការស្ថាបនា និងកសាងក្នុងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកនេះទេ នៅក្នុងស្ថាប័នរដ្ឋផ្សេងៗ ក៍អ្នកនាង និងស្វាមីបានរួមចំណែកផងដែរ ដោយគ្រាន់តែទើបតែបានគ្រឿងឥស្សរិយយសពីស្ថាប័នតែមួយនេះ។ អ៊ីចឹងហើយទើបមួយរយៈចុងក្រោយ អ្នកនាងរយាលពីការងារសិល្បៈ ដោយសារតែអ្នកនាងមមាញឹកនឹងកិច្ចការជំនួញខាងបើកក្រុមហ៊ុនទទួលបុកគ្រឹះ និងម៉ៅការសំណង់ ស្របគ្នាដែលអ្នកនាង ក៏មានវក់វីនឹងសកម្មភាពខាងផ្នែកសប្បុរសធម៍ផង។
អ្នកនាង ម៉ី ហ្ស៊ិនយ៉ា បន្តថា បើទោះជាអ្នកនាងកាន់តែរវល់នឹងកិច្ចការផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក៏អ្នកនាង មិនចោលការងារសម្ដែងនោះដែរ ដោយគ្រាន់តែងាកមកទទួលតែការងារមួយចំនួនដែលមិនសូវប៉ះពាល់នឹងការងារជំនួញ។ ក្នុងនោះការបង្ហាញខ្លួន ក្នុងសកម្មភាពសប្បុរសធម៍ជួបជុំតារាសិល្បៈ និងសកម្មភាពសិល្បៈ ដែលមានលក្ខណៈលើកកម្ពស់សង្គមជាតិ គឺអ្នកនាងរមែងមិនបាត់មុខ ដើម្បីបានរំលេចមុខមាត់កុំអោយមហាជនភ្លេចមុខផង និងដើម្បីបន្តជួបជុំមិត្តភ័ក្ត្រក្នុងសិល្បៈ កុំអោយដាច់ឆ្ងាយគ្នាផង។ អ្នកនាងខ្លួន មិនច្បាស់ពីការរួមចំណាយលើការរួមចំណែកជួយដល់បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក មុននឹងទទួលបានគ្រឿងឥស្សរិយយសនោះទេ ប៉ុន្តែអ្នកនាងថាអស់ច្រើន ដោយសារតែអ្នកនាង និងស្វាមីបានរួមចំណែកជួយផ្នែកនេះបន្តិចផ្នែកនោះបន្តិចជាហូរហែរ៕
មតិយោបល់