ខុសពីពេលកន្លងមករបស់តារាសិល្បៈ ដែលបានជុំគ្នាធ្វើបុណ្យដាក់ទានដោយចែកអំណោយជាដើម តារាសម្ដែង និងជាម្ចាស់ក្លិបសិល្បៈមួយផង លោក ឡុង សុខហៀង បែរជាត្រូវគេឃើញធ្វើសកម្មភាពចែកចាយស៊ីឌីស្មូតយ៉ាងសកម្ម ដែលក្នុងបទស្មូតនោះ គឺលោកបានច្រៀងខ្លួនឯង ហើយរៀបរាប់ពីគុណឪពុកម្ដាយ និងពីបុណ្យបាប ទៅកាន់បណ្ដាវត្ត និងពុទ្ធបរិស័ទនានា ដោយតាមការអះអាង គឺលោកបានចែកស៊ីឌី ទាំងនេះ ប្រមាណជាជាង១១០០បន្ទះហើយ នៅតាមទីអារ៉ាមចំនួនជាង១០ខេត្តក្រុង។ អ្វីដែលគេកោតសរសើរគឺលោកបានទាំងប្រកាសថា សោកស្ដាយ ដែលលោកមិនមានលទ្ធភាពផលិតស៊ីឌីអោយបានច្រើនបន្ទះជាងនេះ ដើម្បីចែកចាយអោយកាន់តែទូលំទូលាយនោះផង។
លោក ឡុង សុខហៀង និយាយថា ក្នុងស៊ីឌី ដែលលោកចែកចាយនោះ រួមមានបទស្មូតសរុបចំនួន១២បទ ដោយមួយបទគឺបទ«ទំនួញប្រែត!» ដែលជាបទរបស់ម្ចាស់ដើម ហើយ១១បទផ្សេងទៀត ជាបទដែលលោកនិពន្ធ និងស្មូត្រដោយផ្ទាល់ ទុកជាកាដូចជូនដល់ចាស់ៗ សម្រាប់ ឱកាសខែភ្ជុំ។ លោកថាខ្លួនបានស្វះស្វែងគៀរគរជំនួយ ដើម្បីថតសំឡេងស្មូត្រ និងផលិតជាស៊ីឌី យ៉ាងលំបាក ទម្រាំទទួលបានស៊ីឌីបទស្មូត្រទាំង១២បទ ដើម្បីចែកចាយ។ ក្នុងនោះការចែកចាយទៅកាន់បណ្ដាខេត្តនានា ដើម្បីអោយទាន់មុនកាន់បិណ្ឌក៏ជារឿងលំបាកផងដែរ ក្នុងពេលដែលលោកក៏មិនសូវទំនេរច្រើន ព្រោះតែរវល់នឹងការងារផ្ទាល់ខ្លួនផង និងការងារសិល្បៈផងនោះ។ លោកថា ស៊ីឌីមួយចំនួនត្រូវបានលោក និងក្រុមតារាក្មេងៗចុះចែកដោយផ្ទាល់ដៃទៅកាន់ពុទ្ធបរិស័ទ និងតាមបណ្ដាវត្ត ហើយស៊ីឌីភាគច្រើន គឺលោកបានផ្ញើតាមរថយន្ត ទៅកាន់មិត្តភ័ក្រ្ត សាច់ញាតិ និងអ្នករាប់អានដែលរស់នៅដោយឡែកៗខេត្តគ្នា ដើម្បីអោយយកទៅចែកចាយបន្ត។ មកទល់នឹងបិណ្ឌទី១ នៅថ្ងៃទី២៥ កញ្ញានេះ លោកថាបានចែកចាយស៊ីឌីស្មូតរបស់ខ្លួនបានអស់ជាង១១០០បន្ទះហើយ ដោយខេត្ត និងរាជធានីចំនួន១១រួមមាន ភ្នំពេញ កណ្ដាល សៀមរាប ប៉ៃលិន កណ្ដាល បន្ទាយមានជ័យ កំពត ពោធិសាត់ កំពង់ធំ កំពង់ចាម និង មណ្ឌលគីរី បានទទួល។
លោក ឡុង សុខហៀង បញ្ជាក់ថា លោកជាតារាសម្ដែង និងជាតារាចម្រៀង ដែលមានជំនាញស្មូត្រជាយូរមកហើយ ដោយពេលកន្លកទៅលោកក៏បានបញ្ចេញសមត្ថភាពនេះនៅក្នុងសិល្បៈផងដែរ គាប់ជួនជាលោកក៏បានបួសរៀនច្រើនឆ្នាំ ក្នុងព្រះពុទ្ធសាសនាផង ទើបលោកកាន់តែអាចយល់ដឹង ហើយអាចនិពន្ធពាក់ព័ន្ធអត្ថបទស្មូត្របានត្រូវនឹងជំនឿភ្ជុំ និងគុណមាតាបិតា បន្ថែមពីលើជំនាញស្មូត្រ។ លោកថាបទស្មូត្រទាំំង១១ ដែលបានដាក់បញ្ជូលក្នុងស៊ីឌី សុទ្ធតែបានក្រើនរំលើកអោយស្គាល់ពីបាបបុណ្យ គុណទោស និងភាពកត្តញូរបស់កូនៗចំពោះឪពុក និងសាសនា ទើបលោកយល់ថាការចំណាយទាំងការស្មូត្រ និងផលិតជាស៊ីឌីចែកចាយរបស់លោក នឹងបានបុណ្យច្រើន ដើម្បីអោយកាន់តែបានភ្ជាប់និស្ស័័យនឹងព្រះពុទ្ធសាសនា។ មុននេះ លោកក៏បានដឹកនាំកូនសិស្សក្នុងក្លិបឡុងសុខហៀងរបស់លោក ទៅធ្វើបុណ្យជុំគ្នានៅវត្តផងដែរ កាលពី២៤ កញ្ញា ចំថ្ងៃពេញបរមី មុនកាន់បិណ្ឌ១ផងដែរ ដើម្បីបង្រៀនអោយតារាក្មេងៗ ចេះស្គាល់បុណ្យបាប ក្នុងឱកាសខែភ្ជុំ៕
មតិយោបល់