ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្តរឿង«ជួយអូនផង» បានរដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើភ្ញៀវពិសេស

ចាប់តាំងពីភាពយន្តខ្មែរបើកសម្ពោធនៅតាមរោងកុន គេចាប់អារម្មណ៍ថាជាលើកទី១ដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ហើយអង្គុយទស្សនាភាពយន្តរហូតដល់ ចប់តែម្ដង ក្នុងពេលដែលការសម្ពោធភាពយន្តកន្លងមកគេឃើញត្រឹមតែតំណាងក្រសួងវប្បធម៌ចូលរួម។ វត្តមានរបស់លោកតាំងពីដើមដល់ចប់ពិធីជាមួយនឹងភរិយា បានជួយអោយភាពយន្តរឿង«ជួយអូនផង»កន្ទ្រាក់បាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។

គ្មានអ្នកណាមិនកត់សម្គាល់នោះទេ ក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយាបានចំណាយពេលតាំងពីម៉ោងជាង៥ចូលរួមពិធីសម្ពោធរឿង«ជួយអូនផង»របស់ផលិតកម្មCLIPS Media ហើយអង្គុយទស្សនារឿងនេះរហូតដល់ចប់ ដោយបានទាំងសរសើរថានេះភាពយន្តខ្មែរដែលលោកសរសើរថាមានគុណភាព។ លោកអញ្ជើញចូលរួមមិនមែនក្នុងនាមជាគណធិបតី ដែលត្រូវបញ្ចេញទស្សនៈយោបល់មុនពេលបញ្ចាំងរឿងដូចគ្នានឹងវត្តមានរបស់មន្ត្រីក្រសួងវប្បធម៌មកនោះទេ គឺមកក្នុងនាមជាភ្ញៀវមកទស្សនាមិនខុសគ្នានឹងភ្ញៀវដទៃ។ លោកថាហេតុផលដែលលោកអង្គុយទស្សនារហូតដល់ចប់ គឺដោយសារតែរឿងនោះល្អមើល ហើយចង់ដើរចេញកណ្ដាលទីដើរចេញមិនកើត។ លោកបានបញ្ជាក់ក្រោយពីទស្សនារឿងចប់ថា ដោយសារមានការអញ្ជើញពីខាងផលិតករ ហើយលោកក៏ចង់ទស្សនាស្នាដៃផលិតភាពយន្តរបស់ខ្មែរផងទើបលោកចំណាយពេល។ យ៉ាងណាមិញ លោកថាមិនមានបំណងអង្គុយទស្សនាដល់ចប់ចុងចប់ដើមនោះទេ ប៉ុន្តែមកពីលោកយល់ថាសាច់រឿងទាក់ភ្នែក ហើយភរិយារបស់លោកក៏សរសើរថារឿងនេះល្អមើលផង ទើបចំណាយអង្គុយទស្សនាដល់ចប់។ លោកថាវិស័យភាពយន្តនៅកម្ពុជាកាន់តែប្រសើរ ហើយក៏ជាមុខមាត់របស់វិស័យសិល្បៈជាតិផងដែរ ដែររឿងដុំខ្មែរ ក៏ដូចជារឿងភាគខ្មែរកាន់តែមានគុណភាពល្អឡើង។

យោងតាមតារាប្រុសស្រីទាំង៤ក្នុងរឿងបានអះអាងថា ក្នុងរឿង«ជួយអូនផង»បានចំណាយពេលថតច្រើនខែមកហើយ ដោយការចំណាយដើមទុនក៏អស់រង្វង់សែនដុល្លារផងដែរ ទើបភាពយន្តនេះមានភាពរស់រវើក។ អ្នកនាងសុខ សោម៉ាវត្តី អ្នកនាងសារ៉ាយ សក្ខណា លោកផល ពៅវិរ័ត្ន និងលោកមុំ សុទ្ធារ៉ា សុទ្ធតែបានលើកឡើងពីឈុតលំបាកទម្រាំថតចប់ និងបានរំពឹងថាក្រោយការដាក់បញ្ចាំងនៅថ្ងៃទី២៣ កុម្ភៈ គឺអ្នកស្នេហាវិស័យភាពយន្តពិតជាចាប់អារម្មណ៍ទៅទស្សនា។ ខ្សែរឿងនេះត្រូវបានគេកត់សម្គាល់ថាមានឆ្អឹងរឿងប្លែក ដោយក្រៅពីកំប្លែង រន្ធត់ កំសត់ ក៏មានបញ្ចូលរសជាតិថ្មីនៅស្រុកស្រែ ដោយធ្វើអោយអ្នកទស្សនាសើចហៀរទឹកភ្នែកមិនដឹងខ្លួនព្រោះតែស្រុកស្រែប្រើកាត ATM ទិញដូរ មានក្លិបVIP
កណ្ដាលព្រៃ និងមានទស្សនៈប្លែកៗច្រើនទៀត ដែលភាពយន្តកំប្លែងមុនៗមិនទាន់នឹកឃើញនោះផងដែរ។ អ៊ីចឹងហើយទើបរឿង«ជួយអូនផង»ត្រូវគេឃើញលោករដ្ឋមន្ត្រីក្រសួងព័ត៌មានជក់ចិត្ត រហូតអង្គុយទស្សនាដល់ចប់៕

https://www.youtube.com/watch?v=yCe6ZZinzuA

មតិយោបល់