ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃីម ហ្សានីត អាចក្លាយជាតារាទី១ ដែលមានកុងត្រា

យោងតាមប្រភពពីសម្អាងការ ហ្សាណា បានអះអាងថា លោក ឃីម ហ្សានីត ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាព Mr. United Cambodia ហើយទើបត្រូវបានសម្អាងការមួយនេះ ទាក់ទងអោយថតម៉ូដ ទំនងនឹងក្លាយជាតារាទី១ ដែលមានកុងត្រាផ្ដាច់មុខ ដើម្បីបង្ខាំងអោយលោកថតប្រចាំតែសម្អាងការមួយ ហើយមិនអាចទទួលថតសម្អាងការណាផ្សេងបានទាំងអស់។

នេះជាលក្ខណ្ឌដែលគេមិនធ្លាប់ឃើញសម្រាប់តារាខ្មែរ ខណៈដែលភាគីម្ចាស់ហាង និងសមីខ្លួន បានទទួលស្គាល់។

កញ្ញា ថៃ ហ្សាណា ម្ចាស់សម្អាងការហ្សាណា ដែលត្រូវគេស្គាល់ថាជាម្ចាស់ជ័យភីផ្នែកផាត់មុខក្នុងកម្មវិធី Revelon ប្រចាំខែ១១ កាលពីឆ្នាំ២០១៧ បានថ្លែងប្រាប់ថា សម្អាងការរបស់កញ្ញា កំពុងសិក្សាពីតម្លៃផ្ដាច់មុខ ដើម្បីអោយតារាសម្ដែង លោក ឃីម ហ្សានីត អាចថតតែអោយសម្អាងការរបស់ខ្លួន ហើយមិនលូកលាន់នឹងការថតម៉ូដអោយសម្អាងការផ្សេង។ ហេតុផលដែលនាំអោយឈានដល់គម្រោងចុះកុងត្រាយកលោកថតផ្ដាច់មុខនេះ ដោយសារតែលោកតាំងតែពីបានឡើងកូដ មិនទាន់ថតផ្សាយអោយសម្អាងការណាមួយ ហើយក្រោយពេលជ្រើសអោយលោកមកថតផ្សាយអោយសម្អាងខ្លួន ក៏ឃើញពីភាពទាក់ទាញ។ កញ្ញាថា លោកជាតារាខ្មែរដែលមានមាឌធំ មុខមាត់កូនកាត់ ហើយអាចនិយាយបានថាស័ក្ដសមក្នុងការគ្រងឈុតកូនកំលោះ ទើបកញ្ញាចង់អោយលោកថតតែសម្អាងការខ្លួនមួយសម្រាប់ឆ្នាំដំបូង ដោយគ្រោងនឹងចរចារផ្ដល់តម្លៃកុងត្រា និងអោយតម្លៃចេញថតម្ដងៗថែមទៀត អោយត្រូវនឹងច្បាប់កុងត្រា។ នេះជាការបញ្ជាក់របស់កញ្ញា ក្នុងពិធីសម្ពោធសម្អាងការហ្សាណា ដែលបានធ្វើឡើងកាលពីថ្ងៃទី៤ តុលា នៅ៣១០ កែងផ្លូវ៦៣ ជាប់មន្ទីរពេទ្យមេគង្គ នៅម្ដុំបឹងកេងកង។

លោក ឃីម ហ្សានីត បានថ្លែងប្រាប់ថា មកទល់ពេលនេះ លោកមានសម្អាងការច្រើនគួរសម ទាក់ទងអោយថតម៉ូដសម្អាងការដូចគ្នានឹងការថតម៉ូដអោយសម្អាងការហ្សាណា ដែរ ប៉ុន្តែដោយសារតែលោកស្ថិតក្នុងការរង់ចាំពីការចចាររបស់ កញ្ញា ថៃ ហ្សាណា ទើបលោកដំអក់មិនទទួល ម្យ៉ាងចង់បានកុងត្រាលើការងារសម្អាងការ អោយប្លែកពីតារាដទៃផង។ លោកថាតម្លៃក្នុងការផ្ដាច់មុខ ខ្លួនមិនកាត់ខ្ពស់ពេកទេ ពោលគឺអោយតែបានរង្វង់ពាន់ដុល្លារ គឺលោកនឹងអាចទទួលហើយ៕

មតិយោបល់