ព័ត៌មានកីឡា

លោកព្រះ ចង់ត្រឡប់មកកាន់ក្លិបយក្សមួយនៅអ៊ីតាលី

ថ្វីបើកំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អ ជាមួយក្លិបបាល់ទាត់ LA Galaxy ក៍ដោយ តែកីឡាករដែលពោរពេញទៅដោយថាមពល Zlatan Ibrahimovic បង្ហើបពីបំណងចង់មកកាន់ក្របខណ្ឌកំពូលរបស់ប្រទេសអ៊ីតាលីវិញ។

បើតាមការចុះផ្សាយរបស់ Tutto Sports បានឲ្យដឹងថា Zlatan Ibrahimovic ចង់ត្រឡប់មកកាន់អតីតក្លិបចាស់របស់គេ AC Milan នៅអ៊ីតាលីវិញ នារដូវកាល​ក្រោយនេះ។ Zlatan ដែលមានរហស្សនាមថា លោកព្រះ ធ្លាប់ជាសមាជិករបស់​ក្រុមបិសាចក្រហមអ៊ីតាលី AC Milan កាលពីរដូវកាល ២០១០-២០១២ ដោយជួយក្លិបជើងខ្លាំងមួយនេះ ឈ្នះពាន២រដូវកាលជាប់គ្នា។

យ៉ាងណាវិញ Ibrahimovic បានឆ្លងកាត់ក្លិបជាច្រើនបន្តបន្ទាប់ទៀតដូចជា Paris Saint Germain, Manchester United និងចុងក្រោយនេះ LA Galaxy ហើយសុទ្ធសឹងតែទទួលបានជោគជ័យនៅគ្រប់ក្លិបទាំងអស់។ បំណងរបស់ Zlatan Ibrahimovic គឺរូបគេចង់ត្រឡប់មកអ៊ីតាលីវិញ ដែលរូបគេរំពឹងថា នឹងក្លាយជាទីកន្លែងបញ្ចប់នៃអាជីពរបស់គេ។

ដូច្នេះហើយ ខ្សែប្រយុទ្ធកំពូលវ័យចំណាស់ Zlatan Ibrahimovic អាចនឹងវិល​មកកាន់អ៊ីតាលីវិញ ដែលនេះគឺជាក្តីស្រម៉ៃចុងក្រោយមួយរបស់កីឡាករស៊ុយអ៊ែត​រូបនេះ។

មតិយោបល់