ក្នុងពិធីបិទបញ្ចប់ភាពយន្តភាគរឿង «មន្តស្នេហ៍ អនុសេនីយ៍»របស់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៦ តុលា តារាសម្ដែងកញ្ញា យ៉ែម ស្រីពេជ្រ ដែលត្រូវគេស្គាល់ថាជាតួឯកនៅក្នុងភាពយន្តនេះ បានធ្វើឲ្យម្ដាយស្រក់ទឹកភ្នែកនៅលើវេទិកាជប់លៀងនោះតែម្ដង ដោយសារតែនាង និងលោកបញ្ញា សិដ្ឋ ដែលជាតួសំខាន់មួយរូបនៅក្នុងភាពយន្តនោះដែរ បានសហការគ្នាធ្វើរឿងមួយ។ កញ្ញាក៏បានថ្លែងឲ្យដឹងពីមូលហេតុ ដែលនាំឲ្យនាងសម្រេចចិត្តធ្វើឲ្យម្ដាយ រំភើបនៅក្នុងថ្ងៃនោះផងដែរ។
ក្នុងពេលកម្មវិធីប្រកាសឲ្យដឹងពីពិធីបិទបញ្ចប់រឿង «មន្តស្នេហ៍ អនុសេនីយ៍» ត្រូវបញ្ចប់ កញ្ញាយ៉ែម ស្រីពេជ្រ និងលោក បញ្ញា សិដ្ឋ បានធ្វើឲ្យមានការចាប់អារម្មណ៍តែម្ដង ដោយសារតែលោកបញ្ញា សិដ្ឋ បានដឹកដៃកញ្ញា យ៉ែម ស្រីពេជ្រ ឡើងលើឆាក ហើយនិយាយផ្ដោះផ្ដង និងធ្វើសកម្មភាពធ្វើឲ្យមានការច្រលំថា អ្នកទាំងពីរសារភាពស្នេហ៍នឹងគ្នា។ លោកបញ្ញា សិដ្ឋ បានប្រកាសដាក់ក្បាលមេក្រូថា ខ្លួនស្រឡាញ់ យ៉ែម ស្រីពេជ្រ និងចង់ជូនកាដូឲ្យនាង ហើយបានអញ្ជើញ ឲ្យម្ដាយរបស់នាង ឡើងមកលើឆាកផងដែរ ដើម្បីធ្វើជាសាក្សីស្នេហ៍។
ក្រោយពីទទូចឲ្យម្ដាយរបស់នាងឡើងមកកាន់លើឆាក លោក បញ្ញា សិដ្ឋ បានលត់ជង្គង់ជូនប្រអប់កាដូមួយឲ្យនាង ដោយម្នាក់ៗនឹកស្មានថា ជាកាដូចិញ្ចៀនដែលលោកត្រៀមប្រគល់ឲ្យនាងនៅក្នុងពេលនោះ ប៉ុន្តែក្រោយពេលដែលយ៉ែម ស្រីពេជ្រ ទទួលយក លោកក៏ប្រាប់ថា«បងជូនកាដូនេះដល់អូន ដើម្បីឲ្យអូនជូនដល់អ្នកម្ដាយក្នុងឱកាសបុណ្យភ្ជុំ»។ បន្ទាប់មកកញ្ញា យ៉ែម ស្រីពេជ្រ ក៏បើកប្រអប់កាដូ ហើយយកក្រវិលមាសម៉ូដផ្ការំដួល ពាក់ជូនអ្នកម្ដាយ ដោយអះអាងថា ក្រវិលនេះ គឺជាក្រវិលដែលម្ដាយរបស់នាងស្រឡាញ់ ហើយនាងទិញជូនដោយយកលុយដែលនាងលាក់បាំងពីម្ដាយទិញជូន។
យ៉ែម ស្រីពេជ្រ បន្តថា នាងបានសហការជាមួយលោក បញ្ញា សិដ្ឋ ធ្វើឲ្យម្ដាយរបស់នាងភ្ញាក់ផ្អើល ហើយនាងបានស្រែក ដាក់ក្បាលមេក្រូថា សប្បាយចិត្តខ្លាំងណាស់ នៅពេលដែលម្ដាយរបស់នាងរំភើបចិត្តដល់ថ្នាក់ហូរទឹកភ្នែក នៅពេលបានបំពាក់ក្រវិល ក្រោយពេលប្រគល់ជូន។ កញ្ញា យ៉ែម ស្រីពេជ្រ ហេតុផលដែលនាងសម្រេចចិត្ត យកវេទិកាបិទកាមេរ៉ារឿង«មន្តស្នេហ៍ អនុសេនីយ៍»របស់ប៉ុស្ដិ៍លេខ៥ ធ្វើជាវេទិកាប្រគល់កាដូជូនអ្នកម្ដាយ គឺដោយសារតែភាពយន្តនេះ នាងបានសម្ដែងដោយមានការលំបាកបំផុត ព្រោះតែត្រូវហាត់ទាហាន ហើយក្នុងពេលចុះថតម្ដាយរបស់នាង ក៏តែងដើរតាមដើម្បីជាកម្លាំងចិត្តផង។ អ៊ីចឹងហើយទើបនាងទិញក្រវិល ហើយប្រគល់ជូនអ្នកម្ដាយ ដើម្បីឲ្យម្ដាយនាងសប្បាយចិត្ត ក្នុងពេលភាពយន្តមួយនេះ បានថតបញ្ចប់ដោយជោគជ័យ ហើយនឹងត្រៀមដាក់បញ្ចាំងនៅពេលខាងមុខនៅប៉ុស្ដិ៍លេខ៥៕
មតិយោបល់