ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗអាជីពចម្រៀង ហេង ពិសិដ្ឋ ប្រែខ្លួនជាតារាមានឥទ្ធិពលក្នុងសិល្បៈ

ស្ងាត់ពីអាជីពចម្រៀងប្រមាណ៣ឆ្នាំ តារាចម្រៀងលោក ហេង ពិសិដ្ឋ នៅតែមានភាពលេចធ្លោនៅក្នុងវិស័យសិល្ប: ដោយសារតែលោរមែងបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌ និងក្នុងសកម្មភាពជួបជុំតារា។ អ្វីដែលធ្វើតារាចម្រៀងលែងមានបទថ្មីរូបនេះ កាន់តែលេចធ្លោទៅទៀត គឺបន្ទាប់ពីលោកត្រូវគេដឹងថា បានបើក្រុមហ៊ុនធំមួយយ៉ាងកាលីប ដែលធ្វើឲ្យលោកក្លាយជាតារាដែលមានឥទ្ធិពលមួយរូប នៅក្នុងវិស័យសិល្ប:។ លោក ហេង ពិសិដ្ឋ និយាយថា ក្នុងរយ:ពេលចុងក្រោយ លោកពិតជាស្ទើរតែបំភ្លេចអាជីពចម្រៀងដែលធ្លាប់ជួយឲ្យលោកមានឈ្មោះបោះសំឡេងកាលពីគ្រាមុន ពោលគឺតាំងពីលោករៀបការ ហើយបានចូលបម្រើការក្នុងធនាគាមួយ និងបានតំណែងធំដុំក្នុងការងារនោះផង។

លោកកាន់តែបោះបង់អាជីពបង្ហើសំនៀងដាក់ក្បាលមេក្រូដែលធ្លាប់ជោគជ័យទៅទៀត ក្រោយពេលលោកសម្រេចចិត្តបោះទុនរាប់ម៉ឺនដុល្លារដំណើរការ ក្រុមហ៊ុន Express Entertainment ដែលជាត្រូវគេស្គាល់ថាជាក្រុមហ៊ុនទទួលរៀបចំព្រឹត្តិការណ៍តន្ត្រីតូចធំ ពិធីការ និងទទួលផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មានក្នុងស្រុក នៅក្នុងពេលនេះ។ លោកត្រូវគេឃើញបង្ហាញខ្លួនក្នុងតំណែងជាអគ្គនាយកក្រុមហ៊ុនផង ជាពិធីករផង និងជាតារាសិល្ប: ដែលមានសិទ្ធិសម្រិតសម្រាំងតារាៗឲ្យចូលរួមក្នុងពិធីដែលលោកចាត់ចែងផង ទើបធ្វើឲ្យតារារូបនេះ ត្រូវគេមើលឃើញថាជាតារាដែលមានឥទ្ធិពលក្រោយស្ងាត់អាជីពចម្រៀង។

លោក ហេង ពិសិដ្ឋ និយាយថាមកទល់ពេលនេះ ក្រុមហ៊ុន Express Entertainment ដែលលោកបង្កើតឡើង ទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងការរៀបចំព្រឹត្តិការណ៍បើកសម្ពោធហាង និងក្រុមហ៊ុនធំៗ ទើបធ្វើឲ្យលោកលេចធ្លោក្នុងការចាត់ចែងការងារតូចធំ ហើយបានទាំងវិលមកកាន់អាជីពជាពិធីករផង ដោយគ្រាន់តែការប្រឡូកសិល្ប:នៅក្នុងពេលនេះ គឺប្រឡូកតែក្នុងទម្រង់សកម្មភាពរបស់ក្រុមហ៊ុនខ្លួន។

លោកអះអាងថា ខ្លួនមិនបានបោះបង់អាជីពសិល្ប:នោះទេ ដ្បិតតែលោកមិនបានបន្តអាជីពចម្រៀង តាមរយ:ការវិវត្តន៍ខ្លួនពីតារាចម្រៀង ដែលរង់ចាំតែផលិតកម្មទម្លាក់បទឲ្យ និងរង់ចាំតែខាងកម្មវិធីហៅឡើងឆាក ជាអគ្គនាយកក្រុមហ៊ុនខាងផ្នែកពិធីការ និងទទួលសេវាកម្មផ្សព្វផ្សាយធំមួយ ដែលកាន់តែធ្វើឲ្យលោកស្ទើររកពេលដកឃ្លាមិនរួចនៅក្នុងពេលនេះ៕

មតិយោបល់