មកទល់ពេលនេះ តារាកំប្លែងល្បីល្បាញលោកវីតាមីនសេ នៅតែស្ថិតក្នុងការសង្គ្រោះបន្ទាន់ពីសំណាក់គ្រូពេទ្យនៅមន្ទីពេទ្យរុស្ស៊ី បន្ទាប់ពីលោកត្រូវបានបញ្ជូនឲ្យទៅសម្រាកនៅក្នុងផ្នែកជំងឺមហារីក ក្រោយពីរកឃើញដុំសាច់មួយធំក្នុងថ្លើមដែលត្រូវបានគ្រូពេទ្យមិនទាន់ហ៊ានសន្និដ្ឋាននៅឡើយថាជាដុំសាច់មហារីកកាច ឬដុំសាច់មហារីកស្លូត។
លោកក៏ត្រូវមិនទាន់ត្រូវបានវះកាត់យកដុំសាច់នោះចេញនៅឡើយដែរ ដោយសារតែវ័យលោកចាស់ទៅហើយ ហើយលោកក៏មានជំងឺទឹកនោមផ្អែម ដែលពិបាកឲ្យផ្សះមុខរបួសក្រោយការវះកាត់នោះទៅទៀត។
អ្នកនាងប៉េងប៉ោង បានអះអាងថាលោកវីតាមីនសេ ស្ថិតក្នុងការសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ដោយលោកត្រូវបានពេទ្យជំនាញសុងក្រពះ និងថតឆ្លុះយ៉ាងម៉ត់ចត់ ដើម្បីជួយសង្គ្រោះក្រោយពេលដុំសាច់ដែលបានរកឃើញក្នុងថ្លើមឈានដល់ដំណាក់កាលធ្វើទុក្ខធ្ងន់។
អ្នកនាងថាគ្រូពេទ្យបង្ហាញភាពញញើតក្នុងការវះកាត់ដើម្បីយកដុំសាច់នោះទៅពិនិត្យ និងកុំឲ្យដុំសាច់បន្តរីកធំឡើងហើយបង្កជាផលប៉ះពាល់ដល់ថ្លើមទាំងមូល និងសរីរាង្គផ្សេងទៀត ប៉ុន្តែជាក់ស្ដែងគឺលោកមិនមានសុខភាពរឹងមាំដើម្បីអាចទទួលយកការវះកាត់បានដូចអ្នកមានដុំសាច់មហារីកបែបនោះបានទេ ដោយសូម្បីតែវិធីប្រើថ្នាំរំលាយដុំសាច់ដោយមិនវះកាត់ក៏ពិបាកអនុវត្តដោយសារតែលោកមិនមានកម្លាំងគ្រប់គ្រាន់ទប់នឹងប្រតិកម្មនៅពេលត្រូវប្រើថ្នាំនោះ។
អ្នកនាងថា គឺជារឿងស្មុគស្មាញ ហើយក៏មិនដឹងថាឪពុករបស់ខ្លួននឹងត្រូវបានប្រើបច្ចេកទេសមួយណាដើម្បីព្យាបាលដុំសាច់នោះដែរ ក្នុងពេលដែលវិធីវះកាត់ក៏ត្រូវប៉ះទង្គិចនឹងជំងឺទឹកនោមផ្អែមរបស់ឪពុក ហើយបើបច្ចេកទេសបាញ់កាំរស្មីដើម្បីរំលាយដុំសាច់ ក៏ពិតជាធ្វើកម្លាំងរបស់លោកនឹងទប់មិនបាន។ អ្នកនាងបញ្ជាក់ថាគ្រូពេទ្យបានកំពុងតាមដានសរីរាង្គទាំងមូលរបស់លោកវីតាមីនសេ ជាពិសេសគឺបានថតឆ្លុះស្ទើរមិនសល់កន្លែងដែលត្រូវពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចចិត្តវះកាត់ ឬបាញ់កាំរស្មី កុំឲ្យដុំសាច់បន្តរីករាលដាល។ អ្នកនាងអត់ដែលបានទទួលការងារនោះទេ ចាប់តាំងពីលោកឪពុកត្រូវជំងឺដុំសាច់ធ្វើទុក្ខ ដោយមុនពេលចូលសម្រាកក្នុងពេទ្យដែលតម្រូវឲ្យអ្នកនាងត្រូវមកកំដរជាមួយម្ដាយ និងប្អូនៗ ក៏ត្រូវរត់ចុះរត់ឡើងក្នុងពេលជូនលោកវីតាមីសេទៅតាមដានសុខភាព។
អ្នកនាងថាលោកវីតាមីនសេ មានសភាពធ្វើទុក្ខពិបាកខ្លាំងទើបឈានដល់ការសម្រាកពេទ្យ ហើយត្រូវបានក្រុមគ្រូពេទ្យបើកការសង្គ្រោះភ្លាមៗតាំងពីបានចូលសម្រាកដើម្បីស្វែងរកដំណោះ។ យ៉ាងណាក៏ដោយ អ្នកនាងរំពឹងថាស្ថានភាពជំងឺរបស់ឪពុក នឹងមានឈានដល់កម្រិតអស់សង្ឃឹមដូចគ្នានឹងភរិយារបស់លោករិន សាវ៉េត នោះទេ ដោយសារតែដុំសាច់របស់លោកវីតាមីនសេ បើទោះជាបានរកឃើញថាបានរីកធំក្នុងថ្លើម តែមិនមានការមេរោគបង្កនូវផលប៉ះពាល់នៅក្នុងសរីរាងជុំវិញ។ អ្នកនាងថាខ្លួនពិបាកចិត្តជាពិសេសនៅពេលឃើញឪពុកត្រូវធ្វើទុក្ខម្ដងៗ និងក្នុងពេលលោកត្រូវក្រុមគ្រូពេទ្យប្រើឧបករណ៍សង្គ្រោះបន្ទាន់ច្រើនយ៉ាងដើម្បីជួយស្វែងរកដំណោះស្រាយក្នុងការព្យាបាល៕
មតិយោបល់