កក្រើកពិភពហ្វេសប៊ុកមិនតិចទេ ក្នុងពេលដែល តារាហ្វេសប៊ុក ចៅខ្មែរ ប្រកាសអោយដឹងពីកាលបរិច្ឆេទនៃមង្គលការភេទដូចគ្នារបស់ខ្លួន នៅថ្ងៃទី១២ វិច្ឆិកានេះ។
នេះជាអាពាហ៍ពិពាហ៍ដែលអាចនិយាយបានថា ជាមង្គលការរបស់អ្នកសិល្បៈទី១ ដែលហ៊ានរៀបការជាមួយបុរសដូចគ្នាដោយមិនខ្វល់ពីការរិះគន់ ខណៈដែលគ្រាន់តែលោកប្រកាសអោយដឹងពីថ្ងៃចូលរោងក៏មានការចាប់អារម្មណ៍ពីស្រទាប់មហាជនបាត់ទៅហើយ។
អ្នកលេងហ្វេសប៊ុកមិនតិចទេ បានចោទសួរពីស្នេហារបស់លោក បន្ទាប់ពីដឹងថាលោក និងស្វាមី គឺលោកខេមរិន្ទ ពិតជារៀបការផ្លូវជាមួយគ្នាមែន ដោយមិនមែនគ្រាន់តែស្រឡាញ់គ្នា ហើយលាក់មុខដូចស្នេហាភេទដូចគ្នាខ្លះ។
អ្នកខ្លះបានបង្ហាញការចាប់អារម្មណ៍ដោយអបអរនឹងភាពក្លាយរបស់គូស្នេហ៍មួយគូនេះ ប៉ុន្តែអ្នកខ្លះក៏បង្ហោះសំដីមាក់ងាយឌឺដង ក្នុងន័យសើចយំចំពោះការសម្រេចចិត្តរបស់លោកនោះដែរ។ យ៉ាងណាមិញ គេឃើញតារាហ្វេសប៊ុក ចៅខ្មែរ ដែលទើបបញ្ចប់ការសម្ដែងក្នុងរឿង«ម៉ាដាមអាប»របស់ផលិតកម្មក្លាស៊ិក និងត្រៀមដាក់បញ្ចាំងខាងមុខនោះ មិនបានសំចៃមាត់ទុកអោយអ្នកណាម្នាក់បំផ្លាញការតាំងចិត្តរបស់ខ្លួន និងស្វាមីនោះទេ ដោយលោករមែងបង្ហោះការឆ្លើយតបទៅវិញក្ដៅៗ ព្រមជាមួយនឹងពាក្យដែលមានន័យថា លោករៀបការភេទដូចគ្នាគឺជាការសម្រេចចិត្តដើម្បីបំពេញផ្លូវអារម្មណ៍របស់ខ្លួន និងមិនបានទៅប៉ះពាល់ចំពោះអ្នកណា ដែលត្រូវអ្នករិះគន់ទាំងនោះ មាក់ងាយចំពោះលោកនោះឡើយ។ លោកប្រកាសថាមង្គលនោះធ្វើឡើងច្រើនជាង២០តុ ដោយក្នុងចំណោមបណ្ដាភ្ញៀវកិត្តិយសដែលបានអញ្ជើញ គឺមួយចំនួនធំជាតារាសិល្បៈ និងផលិតករ។ ម្នាក់ៗនិយាយថា កន្លងមកដ្បិតថាមានមង្គលការភេទដុចគ្នាប៉ុន្តែមិនមែនមង្គលការរបស់តារាសិល្បៈ ឬអ្នកលេងហ្វេសប៊ុកល្បីឈ្មោះនោះទេ អ៊ីចឹងហើយទើបមង្គលការមួយនេះ ពិតជាកក្រើកស្រទាប់មហាជន។
មង្គលការរបស់លោកធ្វើឡើងផ្គួបនឹងពិធីឡើងផ្ទះថ្មី នៅបុរីលឹមឈាងហាក់វាលស្បូវ ដោយផ្ទះតម្លៃច្រើនម៉ឺននោះ គឺជាញើសឈាមដែលលោក និងស្វាមី ប្រឹងរកស៊ីលក់ផលិតផលអនឡានជាមួយតាំងពីពេលស្រឡាញ់គ្នា។ មានការសន្និដ្ឋានថា តារាសិល្បៈច្រើននាក់ដែលលោកបានអញ្ជើញនឹងមិនអវត្តមានោះទេដោយសារតែនោះគឺជាមង្គលការភេទដូចគ្នារបស់អ្នកសិល្បៈមិនធ្លាប់មាន ខណៈដែលស្ថាប័នព័ត៌មានច្រើននាក់ ក៏បានត្រៀមខ្លួនសម្រាប់ការប្រមាញ់ពិធីមង្គលការមួយនេះ៕
មតិយោបល់