ទើបតែបានចេញលិខិតប្រកាសផ្អាកពីក្រសួងវប្បធម៌កាលពីថ្ងៃទី២០ មករាសោះ ខ្សែរឿង«ភក្ដីស្នេហ៍ទ្វេរភព»ត្រូវបានទូរទស្សន៍PNN បន្តបញ្ចាំងដូចដើមវិញហើយ បន្ទាប់ពីផ្ទុះប្រតិកម្មរឿងក្រឡៃទម្រង់ដើម ដោយអោយតួអង្គទុំទាវរួចពីស្លាប់ហើយឆ្លងមកដល់សង្គមបច្ចុប្បន្ន ខុសពីបរិបទដើមក្នុងអក្សរសិល្ប៏ខ្មែរ។ ការដាក់បញ្ចាំងដូចដើម ដោយគ្មានលិខិតពន្យល់ពីហេតុដូចពេលប្រកាសបិទនេះ បានធ្វើអោយអ្នកតាមភាគច្រើនរិះគន់ ចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលខ្សែរឿង «ភក្ដីស្នេហ៍ទ្វេរភព» ដែលត្រូវគេស្គាល់ថាជាទម្រង់ដើមរឿងទុំទាវ តែក្រឡៃអោយតួអង្គប្រុសនៅរស់ ហើយឆ្លងមករស់នៅសម័យថ្មី ត្រូវបានចាក់ផ្សាយដូចដើមនៅលើកញ្ចក់ទូរទស្សន៍PNN កាលពីយប់ថ្ងៃទី៣១ មករា។ លិខិតជូនដំណឹងលេខ២៨សណ ដែលចេញដោយក្រសួងវប្បធម៌ និងចុះហត្ថលេខាដោយលោកសោម សុគន្ធ រដ្ឋលេខាក្រសួងបានចេញសេចក្ដីប្រកាសថា «ក្រសួងសម្រេចអោយផ្អាកកាបញ្ចំងរឿង «ភក្ដីស្នេហ៍ទ្វេរភព» ដោយសារតែក្រសួងពិនិត្យឃើញថា ជាភាពយន្តមានខ្លឹមសារក្រឡៃប្រឌិតចេញពីខ្លឹមសារស្នាដៃអក្សរសិល្ប៏ខ្មែររឿងទុំទាវ ដែលជាអក្សរសិល្ប៏ក្នុងកម្មវិធីសិក្សារបស់សិស្សចំណេះទូទៅ ធ្វើអោយប្រាស់ចាកពីខ្លឹមសារដើម និងបង្កអោយមានមានការភាន់ច្រលំ ពីសាធារណជន ពិសេសគឺចំពោះសិស្សានុសិស្ស!»។ ក្នុងលិខិតនោះក្រសួងក៏បានបញ្ជាក់កំហុសផ្លូវច្បាប់ ក្នុងច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា និងច្បាប់ប្រហាក់ប្រហែល ត្រង់ទី៩(ចំណងជើងនៃស្នាដៃមួយត្រូវបានការពារ) មាត្រាទី១៩(សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធអចិន្ត្រៃយ៍មិនអាចលក់ដូរ និងមិនផុតអាយុកាល) និងមាត្រាទី២០(អ្នកនិពន្ធមានសិទ្ធិជំទាស់គ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែប្រែខ្លឹមសារដើម បង្កអោយខូចកិត្តិយសសំដៅដើម) ដោយក្រសួងបានចាត់ទុកថា ជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរនោះផងដែរ។ ប៉ុន្តែក្រោយពីចេញលិខិតផ្អាកមិនទាន់បានប៉ុន្មានថ្ងៃផង ការចចារដែលមិនបើកចំហរមួយរវាងតំណាងផលិតករ និងក្រសួងវប្បធម៌ បានបើកផ្លូវអោយភាពយន្ត«ភក្ដីស្នេហ៍ទ្វេរភព» ដាក់បញ្ចាំងដូចដើម។ អ្វីដែលគេកត់សម្គាល់គឺតួអង្គទុំ និងទាវ មិនត្រូវបានប្ដូរឈ្មោះ ដើម្បីកុំអោយមានការភាន់ច្រលំនឹងទម្រង់ដើមក្នុងរឿងទុំទាវ និងមិនមានកាត់ចោលឈុតណាមួយឡើយ ទើបគេឃើញមានការរិះគន់។
លោកសោម សុគន្ធ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ដែលចេញលិខិតផ្អាក មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែមន្ត្រីមួយរូបបានបញ្ជាក់ដោយមិនអោយដាក់ឈ្មោះ និងតួនាទីថា បណ្ដាលមកពីផលិតករពន្យល់ថា ភាពយន្តនេះជាប្រភេទរឿងវិទ្យាសាស្រ្តបែបស្រមើស្រមៃ ដែលគ្រាន់តែចង់អោយរឿងទុំទាវកាន់តែទទួលបានការចាប់អារម្មណ៍ ក្នុងស្រទាប់យុវវ័យសម័យទំនើប ទើបក្រសួងសម្រេចអោយចាក់ផ្សាយបន្ត។ តែក្រសួងក៏តម្រូវអោយទូរទស្សន៍PNN ដាក់សេចក្ដីពន្យល់ និងសុំទោសចំពោះការខុសឆ្គង មុនពេលបញ្ចាំងរឿង និងក្រោយបញ្ចប់ភាគនីមួយៗផងដែរ។
មិនខុសពីការអះអាងគេឃើញទូរទស្សន៍PNN បានដាក់សំណេរប្រកាសថា «រឿង«ភក្ដីស្នេហ៍ទ្វេរភព» ជាខ្សែភាពយន្តភាគវិទ្យាសាស្រ្តស្រមើស្រម៉ៃ។ រឿងនេះគឺផលិតឡើងក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍នូវអក្សរសិល្ប៏ខ្មែរ ដោយរក្សាទម្រង់ដើមទាំងស្រុង៥០%នាសម័យកាលបុរាណ និង៥០%នៃសម័យថ្មី គឺឆ្លុះបញ្ចាំងនូវទស្សនីយភាពថ្មី នៃសម័យបច្ចុប្បន្ន ក្នុងគោលបំណងអោយយុវវ័យមានសាគ្គីគ្នា ភាពស្មោះត្រង់គ្នានឹងគ្នា ក្នុងការតស៊ូក្នុងជីវិត…!»។ យ៉ាងណាមិញ វត្តមានដាក់បញ្ចាំងរឿងនេះជាថ្មីនេះ បានធ្វើអោយមានការវិភាគ និងរិះគន់ ជាពិសេសពីក្នុងសិក្សាដោយម្នាក់ៗលើកឡើងថា ការបើកផ្លូវអោយភាពយន្តដែលកាឡៃរឿងក្នុងកម្មវិធីសិក្សាខ្មែរ បានបញ្ចាំងបន្តធ្វើអោយមានការភាន់ច្រលំ និងរំលោភលើសិទ្ធិអ្នកនិពន្ធត្រង់មាត្រាទី៩ ទី១៩ និងទី២០ នឹងបណ្ដាលអោយមានការបំភ្លៃបែបនេះ កើតឡើងធ្វើអោយទម្រង់ស្នាដៃត្រូវបានរំលោភ។ នៅលើបណ្ដាញហ្វេសប៊ុកមានការលើកឡើង ជាច្រើនបន្ទាប់ពីភាពយន្តនេះ ត្រូវបានបញ្ចាំងឡើងវិញ៕
មតិយោបល់