Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មិនគួរជឿ! តារ...

មិនគួរជឿ! តារាកំប្លែងល្បីៗរហូតដល់៥ក្រុម ប៉ះគ្នាក្នុងព្រឹត្តិការណ៍សង្ក្រាននៅពោធិ៍សែនជ័យ ឆ្នាំនេះ

ពិតជាមិនធម្មតានោះទេ ដែលព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាននៅក្នុងឆ្នាំនេះ ទាក់ទាញតារាកំប្លែងល្បីៗរហូតដល់៥ក្រុមឲ្យឡើងប៉ះគ្នា ខណ:ដែលក្រុមតារាកំប្លែងទាំង៥ក្រុមនោះ ក៏សុទ្ធតែជាអ្នកល្បី ហើយកម្រមានកម្មវិធីណាមួយមានលទ្ធភាពជួលយកអ្នកទាំង៥ក្រុមប៉ះគ្នា។

ក្រុមកំប្លែងទាំងនោះ បានទាំងប្រកាសថានឹងត្រៀមឈុតឆាកផ្ដល់សំណើចរៀងខ្លួន ដើម្បីប្រទាញយកប្រជាប្រិយភាពថាក្រុមណាខ្លាំងជាង នៅក្នុងសង្ក្រានដែលនឹងធ្វើឡើងនៅវត្តជន្លង់ម្លូររបស់ខណ្ឌពោធិ៍សែនជ័យចាប់ពីថ្ងៃទី៣០ មីនា រហូតដល់ថ្ងៃ១ មេសានោះផង។

យោងតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ក្រុមកំប្លែងដែលបង្ហាញខ្លួនជាក្រុមនៅក្នុងថ្ងៃនោះរួមមាន ក្រុមកំប្លែងយ៉េយ៉េ ក្រុមកំប្លែងនាយក្រឹម ក្រុមកំប្លែងនាយស្វិត ក្រុមកំប្លែងប្រចាំCTN ដែលតំណែងដោយនាយក្រូច និងអ្នកនាងអ៊ីត និងក្រុមកំប្លែងរបស់ឌីជេឆ្លាម ដោយវត្តមានរបស់អ្នកទាំង៥ក្រុមនឹងហែកពេលគ្នាឡើងសម្ដែងក្រោមការរៀបចំរបស់«គ្រួសារតារាកម្ពុជា»ទាំង៣យប់។ វត្តមានរបស់ក្រុមទាំង៥ មិនទាន់រាប់បញ្ចូលតារាកំប្លែងដែលមិនមែនជាក្រុមរួមមានអ្នកនាងប៉េងប៉ោង នាយតឹង សមាជិករបស់ក្រុមកំប្លែងនាយវីតាមីនសេ កញ្ញាប៉ុបពី និងលោកម៉ាដូណា ដែលសុទ្ធសឹងតែជាតារាកំប្លែងល្បីឈ្មោះនោះផង។

អ៉ីចឹងហើយទើបគ្រាន់តែមានការប្រកាសឲ្យដឹងថាមានក្រុមកំប្លែងមកចូលរួមសម្រុះគ្នាយ៉ាងកម្របែបនេះ គឺធ្វើឲ្យព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រានកក្រើកទុកមុនបាត់ទៅហើយ។ តារាកំប្លែងដែលមកបង្ហាញខ្លួនជាក្រុមទាំងនោះ សុទ្ធតែបានស្ម័គ្រចិត្តជួយដល់ព្រឹត្តិការណ៍ ដើម្បីធ្វើឲ្យសង្ក្រានទាំងមូល ក្លាយជាព្រឹត្តិការណ៍ប្រជុំដោយតារាល្បីៗនៅលើវេទិកាតែមួយ។
ក្នុងនោះក្រុមកំប្លែងកញ្ញាយ៉េយ៉េ និងក្រុមកំប្លែងនាយឆ្លាម ត្រូវគេដឹងថាលើកគ្នាទៅចូលរួមច្រើននាក់ជាងគេ ក៏បានទាំងប្រកាសថានឹងរៀបចំឈុតឆាកកំប្លុកកំប្លែងឲ្យផ្អើលនោះផង ដើម្បីកុំឲ្យចាញ់ក្រុមកំប្លែងជើងចាស់ៗ រួមមានក្រុមនាយក្រឹម ក្រុមនាយស្វិត និងក្រុមកំប្លែងរបស់CTN គឺនាយក្រូច និងប្អូនស្រី ។

លោក ហែម ដារិទ្ធិ អភិបាលខ័ណ្ឌពោធិ៍សែនជ័យ ជាអ្នករៀបចំព្រឹត្តិការណ៍បានហៅជំនួបតារាកំប្លែងទាំង៥ក្រុមនេះថា ជាការធ្វើឲ្យព្រឹត្តិការណ៍សង្ក្រាន្តទាំងមូលផ្ទុះខ្លាំង ក្នុងនោះលោកក៏មានមោទនភាពផងដែរ ដែលក្នុងឆ្នាំនេះ គឺភាគីខាងសង្កាត់ទាំង១៣ក៏សុទ្ធតែបានដាក់បង្ហាញនូវផលិតផលប្រចាំតំបន់របស់ខ្លួន និងជ្រើសរើសល្បែងប្រជាប្រិយខ្មែរមួយ ឬទម្រង់សិល្ប:បុរាណមួយ ដើម្បីដាក់បង្ហាញនៅក្នុងពិធី។ លោកថាក្រុមកំប្លែងទាំង៥នឹងធ្វើឲ្យព្រឹត្តិការណ៍ទាំងមូលពោរពេញដោយសំណើច ដោយលោកបានអះអាងថាព្រឹត្តិការណ៍ទាំងមូលនឹងទាក់ទាញអ្នកចូលរួមមិនក្រោមម៉ឺននាក់នោះទេទម្រាំនឹងចប់។

លោកផាត់ តារារដ្ឋ អ្នករៀបចំកម្មវិធីសិល្ប:ទាំងស្រុងនៅក្នុងពិធី បានអះអាងថា ក្រៅពីវត្តមានក្រុមកំប្លែងទាំង៥ក្រុមយ៉ាងកម្រ តារាចម្រៀង ពិធីករពិធីការិនី និងតារាសម្ដែងរហូតដល់ជាង១០០នាក់ផ្សេងទៀត ក៏សុទ្ធតែបានត្រៀមខ្លួនធ្វើឲ្យព្រឹត្តិការណ៍ទាំងមូលផ្ទុះខ្លាំងផងដែរ៕