ខុសពីសិល្បការិនីភាគច្រើន ដែលចង់បង្ហាញថាខ្លួនស្រលាញ់វប្បធម៍ប្រទេសជិតខាង កាលពីរសៀលថ្ងៃទី១៧ វិច្ឆិកាមុននេះ កញ្ញា រំដួលលិចទឹក បានធ្វើឲ្យក្រសែភ្នែកជនជាតិថៃ ក្នុងខេត្តសុរិន្ទកោតសរសើរយ៉ាងខ្លាំង ដោយសារតែនាង ក្រៅពីតុបតែងកាយបង្ហាញពីអរិយធម៍ខ្មែរ និងបាននិយាយភាសាខ្មែរ ឲ្យតារាថៃបកប្រែឲ្យ នាងក៍បានលើកយកបទចម្រៀងនិយាយពីអង្គរជារបស់ខ្មែរ ទៅច្រៀងក្នុងវេទិកាថៃផងដែរ។
តំណាង”គ្រួសារតារាកម្ពុជា”រូបនេះ បានធ្វើថៃកោតសរសើរមិនដាច់ពីមាត់ឡើយ ជាមួយនឹងការបង្ហាញខ្លួនរបស់នាង។ ក្រោយបញ្ចប់បង្ហាញម៉ូដ កញ្ញា ត្រូវបានពិធីការិនីថៃជជីកសួរហើយជជីកសួរទៀត ពីអត្ថន័យសំលៀកបំពាក់ក្នុងសម័យរាជធានីឥសាន្តបុរៈនៅសំបូរព្រៃគុហ៍ ដែលនាងបានគ្រង ដោយកញ្ញា ក៍បានរៀបរាប់អោយដឹងពីអរិយធម៍ជាច្រើនអោយថៃកាន់តែស្គាល់ ក្រោមការបកប្រែពីសំណាក់រាជិនីកន្រ្ទឹម អ្នកនាង រិន រ័កដា ដែលមានដើមកំណើតជាខ្មែរ។ កញ្ញាបានធ្វើថៃទះដៃកោតសរសើរ និងសុំថតគួរអោយសរសើរ ជាមួយនឹងគំនិតច្នៃប្រឌិតពីប្រាសាទតោនោះ។ អ្វីដែលគេកាន់ស្ងប់ស្ញែងចំពោះការបង្ហាញខ្លួនរបស់នាងទៅទៀត គឺនាងបានបកស្រាយបទចម្រៀងបង្ហាញពីអរិយធម៍រុងរឿង ដែលមានអត្ថន័យថា ប្រាសាទអង្គរជារបស់ខ្មែរ ដែលមិនខុសពីបង្អូតជនបរទេស អោយកាន់តែមើលឃើញពីតម្លៃរបស់ខ្មែរ៕
មតិយោបល់