ពិតជារន្ធត់ចិត្តមិនតិចទេ នៅពេលដែលខាងគ្រូពេទ្យជំនាញស្រាប់តែអះអាងថា សភាពជំងឺរបស់សាស្រ្តាចារ្យល្បីឈ្មោះ អ្នកគ្រូ គង់ ណារី បានឈានដល់ដំណាក់កាលចុងក្រោយ និងអស់សង្ឃឹមហហើយ បន្ទាប់ពីជំងឺដែលបង្កជាក្រិនថ្លើម បានទាំងធ្វើអោយអ្នកគ្រូមានឈាមធ្លាក់ស្ថិតក្នុងការបារម្ភ។
អ្នកគ្រូត្រូវបានគេអះអាងថាបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ) ដោយប្រភពជិតស្និទ្ធបានសម្ដែងការបារម្ភយ៉ាងខ្លាំង បន្ទាប់ពីពេទ្យជំនាញប្រកាសថាអស់សង្ឃឹម។
លោក សន សុវណ្ណារ៉ា ពិធីករ និងជាកូនសិស្សជំនិតរបស់អ្នកគ្រូ បានថ្លែងបញ្ជាក់ថា អ្នកគ្រូត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ជាថ្មីកាលពីល្ងាចថ្ងៃទី២៣ វិច្ឆិកា ដោយក្រោយដាក់បញ្ចូលអុកស៊ីហ្សែន និងត្រូវបានសង្គ្រោះ គ្រូពេទ្យបញ្ជាក់ថា អ្នកគ្រូគង់ ណារី ឈានដល់ដំណាក់គួរអោយបារម្ភយ៉ាងខ្លាំង ដោយសារតែប្រព័ន្ធសរីរាង្គខាងក្នុងរបស់អ្នកគ្រូត្រូវបានដុំសាច់ដែលបង្កអោយក្រិនថ្លើមស៊ីប្រព័ន្ធភាពស៊ាំស្ទើរអស់ទៅហើយ។ លោក ថា លោកពេទ្យបានត្រឹមតែសន្និដ្ឋានថាអ្នកគ្រូពិបាកព្យាបាល និងអស់សង្ឃឹមប៉ុណ្ណោះ ខណៈដែលអ្នកគ្រូក៏មិនមានកូនចៅចេញមុខជំហរដើម្បីស្វះស្វែងរកផ្លូវដើម្បីបានចេញទៅព្យាបាលនៅក្រៅប្រទេស។
លោក សន សុវណ្ណារ៉ា និយាយថាជំងឺរបស់អ្នកគ្រូ គង់ ណារី កើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែអាចមកពីអ្នកគ្រូមិនមានកូនចៅ ហើយការតាមដានសុខភាពក៏មិនមានបម្រុងប្រយ័ត្នក្នុងពេលដំបូងៗ ទើបជំងឺដែលបង្កឡើងកើតជាក្រិនថ្លើម និងមានទឹកក្នុងថ្លើម ដោយក្នុងពេលសង្គ្រោះបន្ទាន់ គឺអ្នកគ្រូមានសភាពធ្លាក់ឈាម និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោកថ្លែងយ៉ាងខ្លីថា នៅក្នុងពេលនេះ សាច់ញាតិរបស់អ្នកគ្រូបានទទួលយកលទ្ធផលដែលបានស្ដែងឡើងហើយ តែលោកក៏ទទូចសុំអោយមានការជួយជ្រោមជ្រែងនៅក្នុងដំណាក់កាលចុងក្រោយផងដែរ ដោយសារតែអ្នកគ្រូមិនមានកូនចៅ ខុសពីអ្នកសិល្បៈល្បីឈ្មោះឯទៀត៕
មតិយោបល់