ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្សែភាពយន្តកូរ៉េជះឥទ្ធិពលខ្លាំង! ធ្វើឲ្យប្រទេសនេះបំបែកកំណត់ត្រា លក់មីដាច់ខ្លាំង

(កូរ៉េ)៖ ខ្សែភាពយន្តរបស់កូរ៉េខាងត្បូង ពិតជាបានជិះឥទ្ធិពលមិនធម្មតាឡើង លើទស្សនិកជនទូទាំងពិភពលោក ជាពិសសដោយសារតែក្នុងរឿងនីមួយៗរបស់កូរ៉េ បង្ហាញពីការបរិភោគមី ទើបធ្វើឲ្យអ្នកមើលទប់អារម្មណ៍មិនបាន រហូតមានអ្នកខ្លះមើលហើយ ចង់ហូបមីតាមក៏មាន។ ផ្អែកតាមសេវាគយកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេស កូរ៉េខាងត្បូងបាននាំចេញមីកញ្ចប់ក្នុងទំហំទឹកប្រាក់ជិត ៦០៨លានដុល្លារ ដែលជាតួលេខខ្ពស់បំបែកកំណត់ត្រា នៅក្នុងរយ:ពេល១១ខែដំបូងនៃឆ្នាំ២០២១ និងកើនឡើងជាង ១០% បើធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២០។

ទីផ្សារដែលស្រូបយកមីកញ្ចប់កូរ៉េខាងត្បូងច្រើនជាងគេ គឺទីផ្សារប្រទេសចិន ដែលមានចំណែក ២២% នៃការនាំចេញសរុប ហើយតាមពីក្រោយដោយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។អ្នកតាមដានឧស្សាហកម្មមីកញ្ចប់បាននិយាយថាប្រជាប្រិយភាពនៃមីកញ្ចប់របស់កូរ៉េគឺមិនត្រឹមតែដោយសារជំងឺរាតត្បាតសកលនោះទេ ប៉ុន្តែក៏ដោយសារមីកញ្ចប់នេះបានលេចមុខក្នុងភាពយន្តល្បីៗជាច្រើនរបស់កូរ៉េខាងត្បូង តួយ៉ាងដូចជាភាពយន្ត “Parasite” (ប៉ារាសាយ) ដែលជាភាពយន្តដំបូងគេរបស់កូរ៉េបានឈ្នះពានរង្វាន់អូស្ការ។

ទន្ទឹមនឹងភាពល្បីល្បាញនៃមីកញ្ចប់កូរ៉េ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េ បានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មថាមីកញ្ចប់កូរ៉េគឺអាហារតំណាងប្រទេស បន្ថែមពីលើគីមជី និងសារ៉ាយ Nori (នូរី)ផងដែរ៕

មតិយោបល់