ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តតាកែវ បង្ក្រាបបានចោរលួចរថយន្តយ៉ាងសកម្ម ដកហូតបានអាវុធខ្លី១ដើម

តាកែវ: កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច ដោយមានការចង្អុលបង្ហញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅក្រុងដូនកែវ ពាក់ព័ន្ធករណីសមគំនិតអំពើលួចរថយន្ដ ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ជនសង្ស័យខាងលើមានឈ្មោះ ហុង សារឿន ភេទប្រុស អាយុ៥០ឆ្នាំ (មុខរបររត់ម៉ូតូឌុប) រស់នៅភូមិពុទ្ធសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង អាវុធខ្លី១ដើម ម៉ាកCZ2075RAM បង់០១ គ្រាប់ចំនួន១០គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់