នៅទីបំផុតតារាសម្ដែងវ័យក្មេងលោក រុន ណាកូ ហក់បានតំណែងជាតួឯកដូចការគ្រោងទុកហើយ ដោយលោកទើបតែបញ្ចប់ការសម្ដែងភាពយន្តដែលខាងផលិតករអោយសម្ដែងជាតួឯកកាលពីដើមសប្ដាហ៍ប៉ុណ្ណោះ។ លោករំពឹងយ៉ាងខ្លាំងថា ស្នាដៃដៃនេះ នឹងជួយអោយលោកលេចធ្លោ ហើយទទួលបានឱកាសសម្ដែងជាតួឯកទៀតនៅក្នុងពិភពសិល្បៈ។
លោករុន ណាកូ និយាយថា លោកទើបតែបានបញ្ចប់ការសម្ដែងក្នុងភាពយន្តមួយ ដែលផលិតករមិនអនុញ្ញាតិអោយបញ្ចេញចំណងជើងនៅឡើយ ដោយក្នុងរឿងនេះ គឺលោកត្រូវគេតម្រូវអោយសម្ដែងជាតួអង្គកូនអ្នកមាន ភ្លើតភ្លើត និងមានសង្សារក្នុងវ័យសិក្សា ហើយចុងក្រោយក៏ក្លាយជាជនសង្ស័យ ព្រោះអ្នករំលោភសង្សាររបស់លោកត្រូវបានគេសម្លាប់។ លោកថាក្នុងភាពយន្តនេះ ផលិតករតម្រូវអោយលោកសម្ដែងជាតួអង្គឈ្លើយ ហើយចេះវ៉ៃតប់កាប់ចាក់ ខណៈដែលនៅមុនសម្ដែងក៏បានហ្វឹកហាត់បច្ចេកទេសវាយតប់បម្រុងទុក ទើបក្នុងពេលសម្ដែងលោកសម្ដែងមិនមានបញ្ហា។ លោកមិនទាន់ដឹងថាភាពយន្តនេះ ក្រោយពេលថតចប់តើគ្រោងនឹងដាក់ផ្សាយជាសាធារណៈពេលណានោះទេ ប៉ុន្តែផ្អែកកុងត្រាមុនពេលថត គឺគម្រោងដាក់បញ្ចាំងច្រើនប៉ុស្តិ៍ព្រោះស្ថាប័នមួយចង់ធ្វើការផ្សព្វផ្សាយ។ លោកនិយាយថា«សម្រាប់ខ្ញុំភាពយន្តគឺសម្ដែងបានច្រើនរឿងហើយ ដោយក្នុងរឿង«ភរិយាឥតខាន់ស្លា»ដែលត្រៀមបញ្ចាំងនៅប៉ុស្ដិ៍បាយ័នក៏ខាងផលិតករអោយសម្ដែងជាតួអង្គល្អដែរ ប៉ុន្តែសម្រាប់ឱកាសបានសម្ដែងតួឯក គឺទើបតែរឿងនេះទេ ទើបខ្ញុំសប្បាយចិត្ត!»។
លោក រុន ណាកូ បន្តថារំពឹងពីការទទួលស្គាល់ស្នាដៃរបស់ខ្លួនកាន់តែខ្លាំង តាមរយៈភាពយន្តដែលខ្លួនដណ្ដើមបានតំណែងតួឯកលើកដំបូង ត្រូវបានចាក់បញ្ចាំង។ យ៉ាងណាមិញ លោកថាខ្លួនៅតែមិនប្រកាន់ជំងឺតួឯកនោះទេ ដោយនៅតែបន្តទទួលសម្ដែងមិនថតភាពយន្តដែលអោយសម្ដែងក្រោយនោះ អោយសម្ដែងជាតួអង្គអ្វីនោះទេ សំខាន់កុំអោយតែជាតួអង្គដែលគ្មានប៉ារ៉ូលនិយាយ៕
មតិយោបល់