ខុសពីតារាល្បីល្បាញរួមជំនាន់ភាគច្រើនដែលចាប់ផ្ដើមថមថយប្រជាប្រិយភាព និងស្បើយការងារ តារាចម្រៀងសាច់សក្បុសលោក អេឡិច ចន្ត្រា ត្រូវគេកត់សម្គាល់ឃើញថាកាន់តែឈរជើងរឹងមាំនៅក្នុងវិស័យសិល្បៈ។ បើទោះជាលោកនៅក្នុងពេលនេះមិនសូវឃើញមុខធ្វើជាពិធីករ និងឡើងច្រៀងនៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែក្រឡេកទៅមើលការងាររបស់លោកវិញ គឺស្ទើរតែរកម៉ោងបាយមិនបាន ជាពិសេសចាប់តាំងពីលោកបើកក្រុមហ៊ុន Alex Entertainment ដែលទទួលរៀបចំតារាចម្រៀង និងក្រុមសិល្បៈតាមកម្មវិធីនានានោះ។
អ្នកស្ថិតនៅក្នុងវិស័យសិល្បៈដូចគ្នានឹងតារារូបនេះ បានលាន់មាត់ពីក្រោយខ្នងកាន់តែខ្លាំងសរសើរថាលោក អេឡិច ចន្ត្រា បានក្លាយជាតារាជោគជ័យ ជាពិសេសគឺការប្រមូលលុយដុំពីការងារទទួលរៀបចំតារាចម្រៀង និងការងារចេញច្រៀងក្រៅប្រទេសនាពេលចុងក្រោយ។
លោកត្រូវគេឃើញមានមុខទទួលអាហ្វែលប់លើដៃគូប្រជែងផ្សេងទៀត ខណៈដែលតារាសិល្បៈមួយចំនួនក៏បានប្រកាសថាបើកុំតែមានក្រុម Alex Entertainment របស់លោក អេឡិច ចន្ត្រា ក៏ប្រហែលជាធ្លាក់ចំណូលព្រោះតែការងារឡើងឆាកធ្លាក់ចុះ។
លោកត្រូវបានគេឃើញផ្ដល់ចំណូលអោយតារាចម្រៀងចាស់ថ្មីមួយចំនួនច្រើនឡើង ក្នុងកម្មវិធីប្រគំតន្ត្រី និងក្នុងពិធីមង្គលការធំៗ ដោយសារតែសេវាកម្មរបស់លោកត្រូវបានគេទាក់ទងជួលច្រើន។ ប្រភពពីតារារួមក្រុមបានអះអាងថា លោកអេឡិច ចន្ត្រា ដោយសាររវល់កើបលុយខ្លាំងពេក ប្រហែលជាភ្លេចការងារធ្វើជាពិធីករ និងឡើងឆាកទូរទស្សន៍អោយបានញឹកដូចមុននោះហើយ ដោយសារតែលោកបានប្រាប់មិត្តភ័ក្រ្តថាបើទទួលការងារសិល្បៈផ្ទាល់ខ្លួនញឹកញាប់ដូចមុន នឹងធ្វើអោយការងារទទួលអាហ្វែតាមកម្មវិធីតូចធំ ដែលត្រូវមានលោកចាត់ចែង និងចុះជួបភ្ញៀវដោយផ្ទាល់នឹងមិនសូវរលូន។ យ៉ាងណាមិញ លោកនៅតែឧស្សាហ៍បង្ហាញមុខក្នុងកម្មវិធីថ្នាក់ជាតិ និងក្នុងកម្មវិធីសប្បុរសធម៌ធំៗនៅឡើយទេ ទើបធ្វើអោយតារារូបនេះ នៅតែមានប្រជាប្រិយភាពក្នុងស្រទាប់មហាជន ដែលជួយអោយអាជីវកម្មរបស់លោកឈានឡើងគួរអោយសរសើរ ហើយពេលបង្ហាញមុខចេញច្រៀងក្រៅប្រទេស ឬឡើងឆាកម្ដងៗនៅតែកន្ទ្រាក់អារម្មណ៍អ្នកគាំទ្របានខ្លាំង។ ជោគជ័យនេះហើយ ទើបគេឃើញលោកសំបូរលុយដើរកម្សាន្តក្រៅប្រទេស និងបានទាំងពង្រីកក្រុមហ៊ុនអោយមានស្ដង់ដារប្រកួតប្រជែង។
លោកអេឡិច ចន្ត្រា ក៏ត្រូវគេកត់សម្គាល់ថាជាតារាដែលមានសាច់ញាតិ និងមាមីងស្រឡាញ់ចូលចិត្តគួរអោយសរសើរផងដែរ ដោយសារតែលោកត្រូវបានគេកត់សម្គាល់ថាមានភាពអោនលំទនបើទោះជាបានឡើងកូដ ដែលផ្ទុយពីតារាមួយចំនួន ដែលបែរជាត្រូវសាច់ញាតិរបស់ខ្លួនទម្លាយពីរឿងមិនល្អជាហូរហែរក្រោយពេលល្បីខ្លាំង។ លោកអេឡិច ចន្ត្រា ធ្លាប់បានបញ្ជាក់ថាទោះជាលោកឡើងខ្ពស់កម្រិតណាក៏ដោយ ក៏មិត្តភ័ក្រ្ត និងសាច់ញាតិនៅតែមានតម្លៃជានិរន្តរ៍ អ៊ីចឹងហើយ ទើបលោកសម្រេចចិត្តបើសេវាកម្មទទួលរៀបចំតារាចម្រៀង ហើយរមែងកៀគរតារាចាស់ៗអោយមានទីផ្សារឡើងវិញ៕



























មតិយោបល់