បើទោះជាតារាសម្ដែង និងពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី បានឈរជើងជាតារាល្បីឈ្មោះអស់ជាច្រើនឆ្នាំមកហើយ តែនាងមិនដែលសណ្ដោងសាច់ញាតិ និងប្អូនស្រីៗទាំង២ របស់អ្នកនាង អោយមហាជនចាប់អារម្មណ៍បានស្គាល់នោះទេ ជាពិសេសក្នុងពេល ដែលគេសុទ្ធតែដឹងថាប្អូនស្រីរបស់អ្នកនាងស្រស់ស្អាត មិនចាញ់តារាអាជីព។ អ៊ីចឹងហើយបានជាម្នាក់ៗមានការភ្ញាក់ផ្អើល នៅពេលឃើញនាងបង្អួត សម្រស់ប្អូនស្រីស្រស់ស្អាតទាំងពីរ នៅក្នុងសកម្មភាពថតផ្សាយអោយសម្អាងការមួយ ដែលគ្រាន់តែឃើញសុទ្ធតែលាន់មាត់ថាប្អូនស្រីទាំង២របស់សុខ សោម៉ាវត្តី ស្រស់ស្អាតយ៉ាងនេះ ហេតុអ្វីនាងមិនស្ទួយចូលសិល្បៈតាំងពីយូរ។
អ្នកនាង សុខ សោម៉ាវត្តី បានថ្លែងបញ្ជាក់ថា នារីពីររូបដែលថតសម្អាងការអោយម្ចាស់សម្អាងការហេងឡុង ជាមួយនាង គឺពិតជាប្អូនស្រីទាំង២របស់អ្នកនាងមែន ដោយម្នាក់គឺជាប្អូនបន្ទាប់ពីអ្នកនាងឈ្មោះ សុខ សោម៉ារង្សី និងប្អូនស្រីពៅ ឈ្មោះ សុខ វិសាខា។ អ្នកនាងថា ខ្លួនមានតែបីនាក់បងប្អូនស្រីៗប៉ុណ្ណោះ ប៉ុន្តែបណ្ដាលមកពីប្អូនស្រីៗ របស់អ្នកនាងមិនសូវមានចំណូលចិត្តស្រឡាញ់សិល្បៈ ទើបសូម្បីតែក្នុងកម្មវិធីសិល្បៈ ក៏ពួកនាងកម្រទៅ ហើយធ្វើអោយមនុស្សមិនសូវច្រើន បានដឹងថាពួកនាងគឺជាប្អូនស្រីរបស់អ្នកនាង។ អ្នកនាងថា ប្អូនស្រីទី២របស់អ្នកនាង ជានិស្សិតផ្នែកគ្រប់គ្រងឆ្នាំទី៤ ហើយប្អូនស្រីពៅគឺជានិស្សិតផ្នែកគណនេយ្យឆ្នាំទី២ ដោយអ្នកទាំងពីរមានចំណូលចិត្តតែរឿងសិក្សាប៉ុណ្ណោះ ទើបអ្នកនាងក៏មិនសូវខ្វាយខ្វល់ ក្នុងការដឹកនាំអោយចូលសិល្បៈ។
អ្នកនាងថាហេតុផលដែលប្អូនស្រីទាំង២ របស់អ្នកនាងសម្រេចចិត្តមកថតអោយសម្អាងការហេងឡុង ស្ថិតនៅទល់មុខផ្សារព្រែកលាប លើផ្លូវជាលេខ៦អា គឺដោយសារតែម្ចាស់សម្អាងការនេះ អ្នកនាង និងគ្រួសារបានស្គាល់រាប់អានជាយូរមកហើយ ហើយដោយសារតែអ្នកនាង ចង់អោយប្អូនស្រី បានរូបថតស្អាតៗ ទុកអោយផ្ដិតតាំងផ្ទះផង ទើបប្អូនទាំងពីររបស់អ្នកនាងយល់ព្រមថត។ អ្នកនាងថាប្អូនស្រីទាំងពីរមិនសូវចាប់អារម្មណ៍ការសម្ដែង ឬថតម៉ូដអ្វីទេ ដោយអ្នកនាងបានទាំងចាត់ទុកថា ម្ចាស់សម្អាងការហេងឡុងនៅព្រែកលាភ ពិតជាមានថ្វីមាត់ហើយ ដែលអាចទាក់ទាញប្អូននាងទាំង២ អោយមកថតផ្សាយសម្អាងអោយបានរួមគ្នា។ ជាមួយនឹងការសរសើរថា ប្អូនៗរបស់អ្នកនាង និងអ្នកនាងផ្ទាល់ពិតជាស្រស់ស្អាតណាស់ ជាមួយនឹងប៉ុន្មានឈុតរបស់សម្អាងការនេះ អ្នកនាងនិយាយថា រូបភាពស្អាតៗ ដែលបានឃើញទាំងអ្នកនាង និងប្អូននាង គឺដោយសារតែសំលៀកបំពាក់របស់សម្អាង និងដោយសារតែថ្វីដៃតុបតែងមុខ និងតែងសម្អាងរបស់សម្អាងការហេងឡុងផងទេ ដោយមិនមែនពឹងផ្អែកលើរូបសម្រស់ ពីធម្មតាទាំងស្រុងឡើយ។
លោក ហេង ឡុង ម្ចាស់សម្អាងការហេងឡុង បានអះអាងថា ដោយសារតែលោកស្គាល់ប្អូនស្រីទាំង២របស់អ្នកនាងជាយូរមកហើយ ហើយប្អូនទាំងពីររបស់អ្នកនាង ក៏ស្អាតមិនចាញ់តារាផង ទើបលោកសម្រេចចិត្តជ្រើសអ្នកទាំង៣អោយថតសម្អាងការរបស់ខ្លួន ស្របគ្នាដែលសម្អាងការរបស់លោក ក៏បានច្នៃម៉ូតក្នុងសម័យចតុមុខ និងសម័យនាងនាគ តែបានច្នៃបែបសម័យស្អាតៗផង។ លោកថាសម្អាងការរបស់ខ្លួន បានបើកដំណើរការជាង១៨ឆ្នាំហើយ ទើបលោកមានទំនាក់ទំនងស្និទ្ធច្រើន ជាមួយតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ដោយលោកក៏បានចាត់ទុកថា វត្តមានជ្រើសបងប្អូនទាំង៣របស់សុខ សោម៉ាវត្តី គឺជាការប្លែកមួយក្នុងចំណោមតារាៗ ដែលលោកបានជ្រើសអោយថតសម្អាង៕






















មតិយោបល់