ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុតរឿងឃាតកម្មដ៏សាហាវមួយ ត្រូវបានផលិតក្នុងបទរបស់ ខេម

ពិតជាដូចនឹងការប្រកាសឡើងមែន ដោយសារតែពេលកន្លងទៅ លោក Rith Omega ដែលជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះ របស់ថោន ប្រកាសថា នឹងយកករណីឃាតកម្មរំលោភសម្លាប់ញាត់ចូល ក្នុងធុងទឹកកក យកមកផលិតជាសាច់រឿងបទចម្រៀង ពេលនេះរឿងរ៉ាវ ដ៏កក្រើកមួយនេះ ត្រូវបានផលិតក្នុងបទចម្រៀងរបស់ខេម ជាផ្លូវការហើយ។ មានការរំពឹងយ៉ាងខ្លាំងថា MV របស់លោកខេម ក្រោមចំណងជើងថា «អ្នកណាអោយអូនទៅ» នឹងកក្រើកក្រោយពីបទនេះបង្ហោះផ្លូវការ។

លោក Rith Omega អ្នកផលិតសាច់រឿង បានថ្លែងអោយដឹងថា លោកពិតជាបានកែច្នៃសាច់រឿងឃាតកម្ម ករណីរំលោភសម្លាប់ ហើយញាត់ដាក់ចូលធុងទឹកកក ធ្វើជាសាច់រឿង ក្នុងបទរបស់លោកខេម គឺបទ «អ្នកណាអោយអូនទៅ» ប្រាកដមែន ដោយការផលិតសាច់រឿង ឃាតកម្មនេះ មិនមែនចង់បង្ហាញករណីឃាតកម្មសាហាវ ដើម្បីបំផុសរឿងរ៉ាវអវិជ្ជមាន ក្នុងសង្គមនោះទេ តែចង់អបរំអោយមនុស្សយល់ដឹង ពីល្បិចដ៏សាហាវរបស់មនុស្សអគតិ ហើយចេះការពារខ្លួន ពីល្បិចអស់ទាំនោះ។ ក្នុងនោះលោកថា ក្នុងសាច់រឿងនៃបទចម្រៀង «អ្នកណាអោយអូនទៅ» ក៏មិនសូវបង្ហាញពីសកម្មភាពឃាតកម្មនោះ តែបានបង្ហាញពីល្បិច និងពីភាពអន្តរាយរបស់ជនបង្ក ដែលបានធ្វើរឿងអគតិមួយនោះច្រើនជាង។

លោកថាសាច់មួយនេះ នឹងរំពឹងថា ទទួលបានការគាំទ្រខ្លាំង ដោយសារតែនោះ គឺជាបទចម្រៀងរបស់លោក ខេម ដែលមានអ្នកគាំទ្រច្រើន មកហើយតាំងពីបទ «អ្នកណាអោយអូនទៅ» មិនទាន់គម្រោងផលិតMV ។ អ្វីដែលសំខាន់ គឺសាច់រឿងនេះ មានការសម្ដែងដោយផ្ទាល់ពីតារាចម្រៀង ខេម ដែលលោកបញ្ជាក់ថា គឺជារសជាតិថ្មី ដែលនឹងធ្វើឲ្យអ្នកទស្សនាប្លែកភ្នែក។ ឈុតឆាកនេះ នឹងក្លាយជាចំណងដៃមួយក្នុង១៤ កុម្ភៈ ដែលជាថ្ងៃនៃក្ដីស្រលាញ់ ដែលបញ្ជាក់ថា បទនេះនឹងចងដៃទិវារនៃក្ដីស្រលាញ់ ដើម្បីអោយមនុស្សទាំងឡាយមានតែក្ដីស្រលាញ់ចំពោះគ្នា ហើយមិនគិតអាក្រក់ចំពោះគ្នា។ លោកមិនទាន់ច្បាស់ថា MV បទ «អ្នកណាអោយអូនទៅ» នឹងត្រូវបង្ហោះផ្លូវការម៉ោងណានោះទេ ប៉ុន្តែធ្វើទាន់មុនថ្ងៃ១៤ កុម្ភៈ ដើម្បីទុកជាកាដូ៕

មតិយោបល់