ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ ផ្កាប់មុខក្នុងទឹកត្រពាំង សង្ស័យស្រវឹងស្រាដើររកត្រី ហើយខ្យល់គក៏ដួលផ្កាប់មុខឈ្លក់ទឹកស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅមាត់ត្រពាំងទឹក ក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅពិនិត្យជាក់ស្តែង រួចកំណត់អត្តសញ្ញាណជនរងគ្រោះខាងលើ មានឈ្មោះ យ៉ែម រី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ ដើររកត្រី ជាបុរសពោះម៉ាយ ប្រពន្ធ២លែងលះគ្នាអស់ហើយ ប្រពន្ធទី១ មានកូន២នាក់ (ប្រុសស្រី) ប្រពន្ធទី២ មានកូនស្រីម្នាក់ ហើយបានលែងគ្នាជិត២ឆ្នាំមកហើយ ស្នាក់នៅផ្ទះជួល ក្នុងភូមិបឹងឈូក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឪពុកឈ្មោះ យឹម សារឿន អាយុ៥៩ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ឌី កន អាយុ៥៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃរមាសទី១ សង្កាត់បឹងធំ។
តាមស្រ្តីឈ្មោះ ម៉ូវ កំសត់ អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិត្មាតពង ជាប់កន្លែងកើតហេតុ បានឲ្យដឹងថា មុនប្រទះឃើញសព គាត់បានដឹកគោមកចង នៅមាត់ត្រពាំង ត្រង់ចំណុចខាងលើ ស្រាប់តែប្រទះឃើញសាកសពតែម្តង ទើបរត់ទៅប្រាប់អ្នកភូមិ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលតែម្តង ។
តាមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ ដើររកត្រីរាល់ថ្ងៃយប់ ដើម្បីចិញ្ចឹមជីវិត ក្រោយពីលែងលះគ្នាជាមួយប្រពន្ធ ហើយមុនកើតហេតុ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ជនរងគ្រោះបានជុំគ្នាជាមួយអ្នកភូមិ ផឹកស៊ី ហើយចែកផ្លូវគ្នារៀងៗខ្លួន ស្រាប់តែនៅព្រឹកថ្ងៃទី២០ នេះបែរជាស្លាប់ដោយសារដួលឈ្លក់ទឹកទៅវិញ ។
សពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ និងធ្វើកោសល្យវិច័យរួចឃើញថា ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ ទើបប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់