ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាច្រើនរូប គាំទ្រព្រឹត្តិការណ៍កញ្ញាឯកភពផែនដី ដល់ឆាកប្រកួត

ភ្នំពេញៈ ក្រៅពីចាប់អារម្មណ៍នឹងរូបសម្រស់ និងការប្រកួតប្រជែងរបស់កញ្ញាឯកភពផែនដី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីយប់ថ្ងៃទី១ មិនា ព្រឹត្តិការណ៍ក៏ធ្វើអោយមហាជនចាប់អារម្មណ៍មិនតិចដែរ ដោយសារតែមានវត្តមានតារាសិល្បៈចាស់ក្មេងច្រើននាក់ បង្ហាញខ្លួនទៅគាំទ្រដល់ឆាកប្រកួត។ តារាទាំងនោះភាគច្រើនមកពី”គ្រួសារតារាកម្ពុជា” ដោយក្រៅពីគាំទ្រព្រឹត្តិការណ៍រហូតដល់ចប់នៅពាក់កណ្ដាលអាធ្រាតុ ម្នាក់ៗក៏រំលេចអត្តសញ្ញាណខ្មែរ ដោយប្រើក្រមាខ្មែរ ស្រុះគ្នាគួរអោយសរសើរផងដែរ។ តារាទាំងនោះរួមមានទាំងអ្នកសម្ដែង តារាបង្ហាញម៉ូដ ផលិតករ និងអ្នកចម្រៀង ខណៈដែលតារាមួយចំនួនក៏ជាអ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងកំពុងឡើងកូដផង។
អ្នកនាង គីង សុរិយា តារាចម្រៀង បានអះអាងថា អ្នកនាងសុខចិត្តមកអង្គុយមើលដល់ឆាកដោយផ្ទាល់ ដោយបានទាំងចំណាយធ្វើខ្លួនអោយស្រស់ស្អាតផង ក៏ព្រោះតែចង់មកលើកទឹកចិត្តដល់ព្រឹត្តិការណ៍មួយនេះ ក្នុងនាមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

អ្នកស្រី សរ កេសរ៉ា ម្ចាស់ផលិតកម្មកេសរ៉ា ភាពយន្តបានអះអាង អ្នកស្រីមិនសូវមានចំណូលចិត្តមកអង្គុយទស្សនាការប្រកួតបែបនេះដោយផ្ទាល់នោះទេ ប៉ុន្តែនៅពេលដឹងថាកម្ពុជាគឺជាម្ចាស់ផ្ទះក្នុងការរៀបចំ គឺអ្នកស្រីសុខចិត្តទម្លាក់ចោលការងារ ហើយមកគាំទ្រដោយផ្ទាល់។ អ្នកស្រីកាន់តែសប្បាយចិត្ត ដែលបេក្ខនារីរបស់កម្ពុជាបានឈ្នះជាបេក្ខនារី ដែលមានឈុតប្រចាំជាតិល្អផ្ដាច់គេ។

លោក ថៃ ប៊ុននាង តារាសម្ដែង និងជាផលិតករ បានកោតសរសើរចំពោះការរៀបចំទាំងមូល ប៉ុន្តែលោកសម្ដែងការសោកស្ដាយដែលអ្នករៀបចំមិនតម្រូវឲ្យពិធីករទាំង៣ គ្រងឈុតជាសំលៀកបំពាក់ខ្មែរ ដើម្បីបង្ហាញពិភពលោកថាកម្ពុជាគឺជាម្ចាស់ផ្ទះ និងឃើញពិធីការិនីតំណាងឲ្យជនជាតិខ្មែរ និយាយតែភាសាអង់គ្លេសច្រើនជាង ស្ទើរមិនបានដើរតួនាទីបកប្រែ ដែលធ្វើអោយកម្មវិធីមួយនេះ ហាក់ដូចជារៀបចំតម្រូវតែជនជាតិបរទេសទស្សនា៕

មតិយោបល់