ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយឆ្អឹង ក្រោយចោរគាស់ផ្ទះ ផ្ទុះកំហឹងដាក់មន្ត្រីខ័ណ្ឌពោធិសែនជ័យ

ទំនងជាឆេះដុំនឹងរឿងអាជ្ញាធរប៉ូលិស នៅខ័ណ្ឌពោធិសែនជ័យ មិនអើពើនឹងបណ្ដឹងគាស់ផ្ទះរបស់ខ្លួន ទើបគេឃើញលោក ខាន់ ម៉េ ហៅនាយឆ្អឹង បង្ហោះវីដេអូយ៉ាងវែងអន្លាយរិះគន់ ដោយការរិះគន់របស់លោកអាច នឹងមានឥទ្ធិពលរង្គោះរង្គើដល់មុខតំណែងរបស់មន្ត្រីអសកម្មនៅក្នុងខ័ណ្ឌនោះប្រសិនបើការចែកចាយកាន់តែទូលាយហើយដឹងឮដល់ថ្នាក់លើ។

នាយឆ្អឹងនិយាយថា ក្រោយពីបានចូលលុយជាមួយបងប្អូន បើកហាងបោកអ៊ុត លោកមិនទាន់បានស្គាល់ប្រាក់ចំណេញសូម្បីមួយរៀលនោះទេ ដោយសារតែថ្លៃឈ្នួលផ្ទះនៅទល់មុខវត្តពោធិចិនតុង ដែលលោកបានជួលមានតម្លៃថ្លៃ ហើយការរកស៊ីក្នុងប៉ុន្មានខែដំណើរមិនសូវមានម៉ូយ។ ប៉ុន្តែលុយកាក់កំពុងតែខ្វះខាតផង ស្រាប់តែចោរចូលគាស់ហាងរបស់លោកយកម៉ាស៊ីន និងរបស់របរអស់រលីង កាលពីយប់ថ្ងៃទី១១ ឈានចូលទី១២ កុម្ភ: បណ្ដាលឲ្យលោកអស់ដើមអស់ចុង ហើយសងបំណុលគេយ៉ាងច្រើនទៀត ដោយសារខាងអាជ្ញាធរមិនដោះស្រាយលើបណ្ដឹងរបស់ខ្លួន ដែលប្ដឹងចាប់ចោរ ក្នុងពេលដែលអ្នកក្នុងតំបន់នោះសុទ្ធតែស្គាល់មុខសញ្ញា។ លោកបានចោទថា អាជ្ញាធរ នៅខ័ណ្ឌពោធិសែនជ័យ ទំនងជាជាប់ទំនាក់ទំនងជាមួយនឹងចោរគាស់ផ្ទះលោក និង ជាមន្ត្រីខ្វះសមត្ថភាព ដោយមិនធានាបាននូវទ្រឹស្ដីភូមិឃុំមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនោះទេ ជាពិសេសគឹកម្រអើពើរាល់ពេលប្រជាពលរដ្ឋក្រីក្រដាក់ពាក្យបណ្ដឹងណាមួយ។ លោកប្រើពាក្យតិះដៀល និងវាយប្រហារឡើងចាស់ដៃទៅលើមន្ត្រីទាំងនោះ ដោយលោកនិយាយថាមិនខ្លាចនូវអ្វីដែលខ្លួនបានលើកឡើងនោះទេ ក្រោយពីបានដាក់បណ្ដឹងអស់រយ:ពេលច្រើនថ្ងៃ ប៉ុន្តែចុងក្រោយមន្ត្រីប៉ូលិសដោះស្រាយរឿងតូចមួយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមិនបាន។ លោកបញ្ជាក់ថា លោកមិនមែនជាពលរដ្ឋតែម្នាក់ក្នុងខ័ណ្ឌពោធិសែនជ័យ ដែលមិនទទួលបានយុត្តិធម៌ ក្រោយពេលរងគ្រោះនោះទេ ដោយសារតែក្នុងតំបន់នោះសុទ្ធតែជួបស្ថានភាពដូចលោក ក្រោយចោរគាស់ផ្ទះ។ យ៉ាងណាមិញមានការទម្លាយថា លោកត្រូវបានអភិបាលខ័ណ្ឌចេញមុខដោះស្រាយហើយ ក្រោយការបង្ហោះរិះគន់។

ខាងក្រោមនេះជាការលើកឡើងទាំងស្រុង របស់នាយឆ្អឹង ក្រោយចោរគាស់ផ្ទះដែល បណ្ដាលឲ្យអាជីវកម្មបោកអ៊ុតរបស់លោកដួលរលំ៖

មតិយោបល់