បើទោះជាកម្មវិធីថតអបអរបុណ្យចូលឆ្នាំ ត្រូវគេដឹងភាគច្រើនថា តារាសិល្បៈដែលចូលរួមរាំច្រៀង មិនទទួលបានប្រាក់កម្រៃ និងមានតែការចំណាយផ្ទាល់ពីលើ ក៏គេនៅតែឃើញតារាភាគច្រើន សស្រាកសស្រាំក្នុងការស្ម័គ្រចិត្ត ក្នុងសកម្មភាពលើកស្ទួយទម្រង់វប្បធម៍ រាល់ពេលចូលឆ្នាំនេះដដែល។ ជាក់ស្ដែង ខណៈដែលប៉ុស្តិទូរទស្សន៍មួយចំនួន ផ្អាកមិនថតសកម្មភាពអបអរបុណ្យចូលឆ្នាំ ព្រោះតែមានការចំណាយ លើការរៀបចំឆាកនោះច្រើន និងសម្អាងថា សមាគមទូទស្សន៍កម្ពុជា នៅទូរទស្សន៍ជាតិកម្ពុជា នៅតែបានចំណាយក្នុងការថតកម្មវិធីសិល្បៈមួយនេះ ជាទ្រង់ទ្រាយធំ ដោយបានបង្ហាញពីល្បែងប្រជាប្រិយ និងច្រៀងរាំ យ៉ាងសប្បាយកុះករ ដើម្បីចូលរួមថែរក្សាវប្បធម៍ ដ៏ផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ។ ពិធីនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៩ មេសា នៅស្ទីឌីយោទូរទស្សន៍ជាតិ ដោយមានតារាសិល្បៈចាស់ក្មេង មកពីគ្រួសារតារាកម្ពុជា រហូតដល់ជាង៦០រូបស្ម័គ្រចិត្តចូលរួម។
លោក សុខ សំណាង ផលិតករកម្មវិធីកុនខ្ញុំ បានថ្លែងបញ្ជាក់ថា ដោយសារតែកម្មវិធីរបស់ខ្លួន ត្រូវចាក់បញ្ចាំងចំថ្ងៃចូលឆ្នាំ ទើបលោកសម្រេចសហការ ជាមួយគ្រួសារតារាកម្ពុជា ដើម្បីគៀរគរតារាសិល្បៈជាង៦០រូប អោយចូលរួមលេងល្បែងប្រជាប្រិយ ដើម្បីរំលឹកពីល្បែង សប្បាយៗរបស់ខ្មែរ និងមានសកម្មភាពច្រៀងរាំ នូវចង្វាក់ប្រពៃណីខ្មែរ អមដោយការស្លៀកពាក់ហូលផាមួង និងអាវកបំពង់ ដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ។
កម្មវិធីនេះ ក៍មានកិច្ចសម្ភាសន៍ ជាមួយផលិតករ និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានសហការគ្នា ផលិតស្ពតមួយមុនថតកម្មវិធី ដែលនិយាយពីការថែរក្សាវប្បធម៍របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។ ក្រៅពីកិច្ចសម្ភាសន៍ និងរាំច្រៀង បង្ហាញពីចង្វាក់ប្រពៃណី កម្មវិធីនេះ ក៏មានបង្ហាញពីល្បែងប្រជាប្រិយរួមមាន ល្បែងបោះឈូង លាក់កន្សែង និង ដណ្ដើមស្លឹកឈើ ដែលសុទ្ធតែជាល្បែង ប្រពៃណីខ្មែរ ដែលបង្ហាញពីកម្លាំងសាមគ្គីរបស់ខ្មែរ។ តារាដែលបានចូលរួម ក្នុងពិធីនោះ រួមមានទាំងតារាចម្រៀង តារាបង្ហាញម៉ូដ តារាសម្ដែង និង តារាកំប្លែង ដែលភាគច្រើន ជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា៕
មតិយោបល់