ព័ត៌មានសិល្បៈ និងកម្សាន្ត

រៀមច័ន្ទ បរមី ទៅសម្ដែងអូស្ត្រាលី ក្នុងអារម្មណ៍ជឿជាក់

កាលពីរសៀលថ្ងៃទី១០ មេសា មុននេះ តារាសម្ដែង និងជាតារាថតស្ពតពេញនិយមមួយរូប បានចេញសម្ដែង នៅលើទឹកដីប្រទេសអូស្ត្រាលី ដែលការចេញសម្ដែងរបស់នាង គឺដំណើរចេញសម្ដែងលើកដំបូងតែនាង ហាក់មានជំនឿចិត្តខ្ពស់ ថានាងទទួលបានការគាំទ្រខ្ពស់ បើទោះជានាងមិនមែនជាអ្នកចម្រៀងអាជីព។ នាងនឹងបាត់មុខពីប្រទេសកម្ពុជាពេញរយៈពេល២ខែ ដោយការសម្ដែងរបស់នាង ក៏ដើម្បីរ៉ៃអង្គាសថវិកា ពីការលក់សំបុត្រនៅទីនោះ ដើម្បីមកជួយដល់កុមារកំព្រា និងជនក្រីក្រនៅកម្ពុជាផងដែរ។

រៀម ច័ន្ទបរមី បានបញ្ជាក់មុនឡើងយន្តហោះថា នាងមិនមែនជាតារាចម្រៀងនោះទេ ប៉ុន្តែដោយសារតែប្រជាប្រិយភាព របស់នាងក្នុងការសម្ដែង ហើយគាប់ជួនជានាងឩស្សាហ៍ឡើងឆាកទូរទស្សន៍ច្រៀងរាំ ធ្វើអោយម្ចាស់ស្ពុនស័រ មានការកត់សម្គាល់ពីសមត្ថភាព ទើបមានការធានាមួយឡើង ដើម្បីអោយនាងបានចេញទៅច្រៀងនៅអូស្ត្រាលី។ យ៉ាងណាមិញនាង បានប្រកាសថា ខ្លួនក៏បន្សល់នូវស្នាដៃ ក្នុងកាសម្ដែងមិនតិចនោះទេ ជាពិសេសក្នុងការថតស្ពត និងសម្ដែង MV ដោយមានន័យថា បើទោះជានាង បានចេញទៅអូស្ត្រាលីបាត់មុខក៏ពិតមែន ប៉ុន្តែគឺមុខមាត់ និងស្នាដៃរបស់នាង នឹងនៅតែបង្ហាញមុខជាហូរហែតាមយូធូប និងកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ កញ្ញាក៏ប្រកាសថា ខ្លួនបានត្រៀមបទបុរាណ និងសម័យមិនតិចបទនោះទេ ទើបជឿជាក់ខ្លាំង ថាការសម្ដែងរបស់ខ្លួននឹងជោគជ័យ គឺទោះជាលើកដំបូង។

ក្នុងឱកាសឡើងយន្តហោះទៅសម្ដែងលើកដំបូង នៅអូស្ត្រាលីនោះ រៀមច័ន្ឬទ បរមី ក៏ត្រូវគេឃើញសាច់ញាតិ មិត្តភ័ក្ត្រ និងអ្នកសិល្បៈមកជូនដំណើរផងដែរ៕

មតិយោបល់