ព័ត៌មានជាតិ

ឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2BB-3885 ត្រូវរថយន្តកុងតឺន័របត់កៀរ រងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត និងបង្កការកក់ស្ទះចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវយ៉ាងខ្លាំង កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៧៤ កែងផ្លូវព្រះស៊ីសុវត្ថិ ក្បែរក្រោមស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-9972 ដោយកន្ទុយក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-2352 បើកបរដោយបុរសម្នាក់ បានបត់ឆ្វេងមិនប្រយ័ត្ន បានកៀររថយន្តស៊ែរីទំនើបម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3885 ធ្វើដំណើរពីលិចទៅកើតស្របទិសគ្នា បណ្ដាលឲ្យរថយន្តឡង់គ្រីស័រ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ភ្លាមៗនោះ អ្នកបើករថយន្តកុងតឺន័រ បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ហើយករណីនេះ ពុំបង្កឲ្យមានអ្នករបួសទ្បើយ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំការដោះស្រាយពេលក្រោយ ៕

មតិយោបល់