ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡុង សុខហៀង ក្ដោបទាំងវិស័យចម្រៀង និងសប្បុរសធម៌

មិនខុសពីការសន្យា តារាសម្ដែង និងជាប្រធានក្លិបសិល្បៈ លោក ឡុង សុខហៀង ពិតជាបញ្ចេញMV ភ្លាមៗ ក្រោយពេលបទដំបូងរបស់លោកទាក់ទងនឹងបុណ្យភ្ជុំត្រូវបានបញ្ចេញនៅក្នុងផលិតកម្មក្លាស៊ិក មែន ដោយលោកថែមទាំង ឆ្លៀតពេលធ្វើសប្បុរសធម៌ ក្នុងថ្ងៃចុះថតបទចម្រៀងនោះផង។ អ្វីដែលគេកតសម្គាល់ គឺលោកកាន់តែសកម្មក្នុងវិស័យចម្រៀង ប៉ុន្តែសកម្មភាពរ៉ៃអង្គាសធ្វើសប្បុរសធម៌ ដែលធ្លាប់បានបង្ហាញ គឺនៅតែលេចឡើង។

លោក ឡុង សុខហៀង និយាយថាលោកពិតជារំភើបយ៉ាងខ្លាំង ដែលបទចម្រៀងរបស់លោក”ជូនអូនទៅភ្ជុំ «ត្រូវបានដាក់បង្ហោះលើយូធូបទាន់មុនឱកាសភ្ជុំ ស្របគ្នាដែលបទចម្រៀងនោះ ក៏ជាចំណូលចិត្តរបស់លោក ដែលចង់ពញាក់អារម្មណ៍មហាជនឲ្យងាកទៅធ្វើបុណ្យធ្វើទានក្នុងរដូវបុណ្យភ្ជុំ»។ ក្នុងនាមជាអតីតអ្នកបួសរៀន លោកថា ចង់ផ្ញើសារឲ្យមនុស្សគ្រប់គ្នាធ្វើបុណ្យធ្វើទានច្រើនជាង ទើបលោកស្នើផលិតកម្មក្លាស៊ិកឲ្យចេញបទភ្ជុំឲ្យខ្លួន ហើយលោកកាន់តែពេញចិត្តនៅពេលវីដេអូបទនេះ មានការចូលទស្សនាច្រើនក្រោយពេលបង្ហោះ។ លោកបង្ហាញពីការប្លែកអារម្មណ៍ ដែលសព្វដងរាល់ឆ្នាំ លោកចេញតែបទស្មូតចែកចាយតាមវត្ត ប៉ុន្តែឆ្នាំនេះ គឺចេញជាបទចម្រៀងវិញ ខណៈដែលលោកនឹងបន្តបញ្ចេញបទចម្រៀងឲ្យបានច្រើន ដើម្បីងាយស្រួលឡើងឆាកទូរទស្សន៍។ ជាក់ស្ដែងក្នុងឱកាសបុណ្យភ្ជុំនេះ លោកក៏នឹងច្រើនប៉ុស្តិ៍ដើម្បីប្រូម៉ូតបទ “ជូនអូនទៅភ្ជុំ” តាមឆាកនានាជាមួយផលិតកម្មក្លាស៊ិកផងដែរ។

លោក ឡុង សុខហៀង បន្តថា ដ្បិតតែលោកសកម្មក្នុងវិស័យចម្រៀងក៏ពិតមែន ប៉ុន្តែសម្រាប់ការងារសប្បុរសធម៌ គឺនៅតែធ្វើមិនដកដៃនោះទេ ដោយនៅតែឆ្លៀតប្រមែប្រមូលលុយ និងយកទៅជូនអ្នកខ្វះខាតគ្រប់ពេលដែលលោកឆ្លៀតបាន៕

មតិយោបល់