ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ផលិតកម្មរ៉ៃមាស ដឹកដៃស្វាមីទៅសម្ដែងនៅបារាំង

ស្ងាត់ពីការសិល្ប:មួយខ្យល់ធំ អ្នកស្រី ខៀវ ចិន្តា ដែលអ្នកសិល្ប:ភាគច្រើនស្គាល់ថាជាម្ចាស់ផលិតកម្មរ៉ៃមាសតោមាសដ៏មានកេរ្តិ៍ឈ្មោះ បានដឹកដៃស្វាមី គឺតារាសម្ដែង និង ជាតារាចម្រៀង លោក យុទ្ធិ ស័ក្ត ចេញទៅសម្ដែងនៅប្រទេសបារាំង ដែលធ្វើឲ្យម្នាក់ៗមានការភ្ញាក់ផ្អើល ដោយសារតែអ្នកស្រី និងស្វាមី ត្រូវមហាជននឹកស្មានថាបោះបង់សិល្ប:ទៅហើយ ស្រាប់តែពេលនេះបង្ហាះមុខចេញទៅច្រៀងនៅក្រៅស្រុកបែបនេះ។

អ្នកស្រី ខៀវ ចិន្តា និយាយថាដំណើរទៅកាន់ប្រទេសបារាំងលើកនេះ សម្រាប់អ្នកស្រីគ្រាន់តែទៅកម្សាន្ត និងទៅលេងបងប្អូនប៉ុណ្ណោះ ប៉ុន្តែសម្រាប់លោក យុទ្ធិ ស័ក្ត គឺទៅសម្ដែង ដោយនេះជាលើកទី២របស់លោក។ អ្នកស្រីថាការដឹកដៃស្វាមីទៅសម្ដែងនៅក្នុងប្រទេសបារាំងលើកនេះ គឺដោយសារតែមានស្ព័នស័រស្នើឲ្យលោក យុទ្ធិ ស័ក្ត ទៅច្រៀងកុំឲ្យឃ្លាតឆ្ងាយពីសិល្ប:យូរពេក ទើបអ្នកស្រី និង ស្វាមីទទួលយក ដើម្បីបានទៅកម្សាន្តជាមួយស្វាមី។

ជាមួយនឹងការងារសិល្ប: អ្នកស្រីថា មិនដែលប្រកាសថាបោះបង់សិល្ប: ឬឈប់ផលិតស្នាដៃថ្មីៗនោះទេ ប៉ុន្តែមកពីអ្នកស្រី និងស្វាមីមមាញឹក នឹងការងារច្រើនហើយមុខជំនួញក៏មិនអាចដកឃ្លាបាន ទើបមិនទាន់មានពេលបញ្ចេញស្នាដៃសិល្ប:ឡើងវិញ។ អ្នកស្រីថា បើមានបណ្ដាទូរទស្សន៍ ឬផលិតករណាមួយ ចង់សហការណ៍ឲ្យអ្នកស្រីផលិតភាពយន្ត ឬដឹកនាំការសម្ដែងអ្វីមួយ គឺអ្នកស្រីនឹងនៅតែបន្ត ដោយសារតែពេលកន្លងមក អ្នកស្រីក៏ផលិតភាពជាច្រើនរឿងផងដែរ ដោយដាក់យីហោផលិតកម្មតោមាស ហើយភាពយន្តភាគច្រើនទទួលបានការគាំទ្រខ្លាំង ដូចជារឿង”អាសូរអូនផង” និងរឿង”ចៅស្រទបចេក” និងរឿកំប្លែងៗចាក់ឲ្យTV5។ អ្នកស្រីថាខ្លួនមិនបានបំភ្លេចសិល្ប:ចោលទេ បើទោះជាអ្នកស្រីរវល់នឹងបើកជំនួញនៅខេត្តសៀមរាប បើមិនអ៊ីចឹងមិនមែនអ្នកស្រី និងស្វាមីនៅតែបង្ហាញមុខក្នងសកម្មភាពសិល្ប: ហើយថែមទាំងឲ្យលោក យុទ្ធិស័ក្ត ជាស្វាមីនៅតែបន្តទទួលច្រៀងនៅពេលបងប្អូននៅក្នុងប្រទេសបារាំងដាក់សំណើរមកនោះទេ។

អ្នកស្រី ខៀវ ចិន្តា បន្ត អ្នកស្រី និងស្វាមី ចេញទៅប្រទេសបារាំងរយ:ពេល៣ខែ ដោយអ្នកស្រី គឺទៅជាមួយស្វាមី ដើម្បីដើរកម្សាន្ត និងទៅលេងបងប្អូន ប៉ុន្តែសម្រាប់លោក យុទ្ធិ ស័ក្ត គឺទៅច្រៀងតាមការរៀបចំរបស់ម្ចាស់ស្ព័នស័រ។ អ្នកស្រីមិនទាន់ដឹងថា លោកយុទ្ធិ ស័ក្ត សម្ដែងប៉ុន្មាន Shows នោះទេ ប៉ុន្តែក្រៅពីសម្ដែង គឺអ្នកស្រី និង លោក នឹងដើរកម្សាន្តនៅប្រទេសផ្សេងទៀត ដូចជាប៊ែលហ្សិក និង អ៊ីតាលី ជាដើម។
គួរបញ្ជាក់ដែរថា ក្នុងដំណើរចាកចេញទៅកម្សាន្ត និងចេញសម្ដែងលើកទី២របស់លោក យុទ្ធិ ស័ក្ត នៅក្នុងប្រទេសបារាំងនោះ គេឃើញមានសាច់ញាតិ និងអ្នករាប់អានអ្នកស្រី និង ស្វាមីច្រើននាក់ជូនដំណើរផងដែរ៕

មតិយោបល់