យោងតាមការបង្ហោះរបស់លោក សុះ ម៉ាច តារាចម្រៀងជើងចាស់ និងជាអតីតប្រធាន សមាគមន៍សិល្បករខ្មែរ បានអះអាងថា ស្ថានភាពជំងឺរបស់នាយ សាន ម៉ៅ បានរើឡើងវិញ និងធ្ងន់គួរអោយបារម្ភ ដោយនាយត្រូវពេទ្យវះកាត់បំពង់ខ្យល់នៅត្រង់បំពង់ករ ដែលមិនអាចអោយនាយ និយាយបាននោះឡើយ។ នាយបានត្រឹមតែងក់ក្បាល និង រង់ចាំស្ថានការណ៍ ក្រោយវេជ្ជបណ្ឌិត នឹងធ្វើការវះផ្ចឹតបំពង់កប៉ុណ្ណោះ ខណៈដែលគ្រួសារ ក៏ប្រកាសថា ជិតអស់ដង្ហើម ក្នុងការយកប្រាក់មកព្យាបាលលោកទៅហើយ។
លោក សុះ ម៉ាច បានបង្ហោះក្រោយពីចុះទៅសូរសុខទុក្ខ ដោយផ្ទាល់ដល់មន្ទីរពេទ្យថា “ថ្ងៃនេះតំណាងឱ្យសមាគមសិល្បករខ្មែរ អ្នកនាង ចនច័ន្ទលក្ខិណា និងលោកហេងឡុង ។ខ្ញុំបាទរួមទាំងបងប្អូន សិល្បករសិល្បការិនី បានទៅសួរសុខទុក្ខលោក សាន ម៉ៅ រៀមច្បងសិល្បករ ផ្នែកល្ខោននិងកំប្លែង ដែលចូលសម្រាកនៅមន្ទីរពេទ្យជាលើកទី៤ព្យាបាលជំងឺសួតបេះដូង និងវះកាត់ដុំសាច់នៅបំពង់ក។
សូមបញ្ជាក់ថា នាយបានធូរស្រាលខ្លះហើយក្រោយពីត្រឡប់មកពីព្យាបាល នៅប្រទេសថៃ កាលពីចូលឆ្នាំចិនកន្លងមក ដោយអាចបរិភោគបានដើរបាននិយាយបាន។ទើបតែប៉ុន្មានថ្ងៃនេះ ជំងឺហាក់រើឡើងវិញ តម្រូវចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ និងកំពុងសម្រាកក្នុងបន្ទប់១៣០៣។ពេលនេះនាយមិនអាចនិយាយបានទេ បានត្រឹមតែងក់ក្បាល និងបង្ហូរទឹកភ្នែកដកដង្ហើម តាមរន្ធដែលចោះត្រង់បំពង់ក រង់ចាំខែក្រោយវះកាត់ និងដេរបំពង់ក ទើបអាចសង្ឃឹមថា អាចនិយាយបានខ្លះវិញ។ បើតាមការរៀបរាប់ពីភរិយា របស់លោកដែលមើលថែ ទាំងក្តុកក្តួលអួលដើមកថា គាត់អស់់លទ្ធភាព ក្នុងការចំណាយដើម្បីព្យាបាលស្វាមីទៀតហើយ។ សង្ឃឹមលើចិត្តសប្បុរស ពីសំណាក់សប្បុរសជន ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសិល្បករសិល្បការិនី ដើម្បីបន្តព្យាបាលនាយអោយជាសះស្បើយវិញ។
ខ្ញុំសែនសង្វេគស្ទើរទប់ទឹកភ្នែកមិនបាន ពេលឃើញ នាយក្នុងសភាពបែបនេះ។ សមាគម បានឧបត្ថម្ភថវិកាមូលនិធិសិល្បករចាស់ជរាជាលើកទី៤ ចំនួន២៥០$ ខ្ញុំបាទក៏ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ៥០$រួមទាំងបងស្រី គ្រត៥០$ផងដែរ។បើលោកអ្នកមានបំណងសួរសុខទុក្ខ ឬឧបត្ថម្ភដល់នាយសូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៨២៥ ៧៣៦..រឺលេខខ្ញុំបាទ ០១៧ ៤៨០ ១៧៧…០៨៧ ២៧៦.៦៦៣ សូមអរគុណ។
សូមជួយផ្តល់កម្លាំងចិត្ត និងឧបត្ថម្ភតាមសទ្ធាដល់នាយផង!!!ហុឺ!!ថ្ងៃនេះនាយសានម៉ៅ នាយក្តឹប តើថ្ងៃក្រោយនរណាទៀត? សូមទេវតាឆ្នាំថ្មីព្រមទាំង វត្ថុសក្តិសិទ្ធិក្នុងលោកជួយថែរក្សា សិល្បករសិល្បការិនីខ្មែរទាំងអស់ អោយជៀសផុតពីគ្រោះអកុសលទាំងឡាយផង!!!”។ ខ្លឹមសាររបស់លោក ធ្វើអោយមានការសង្វេគចិត្តយ៉ាងខ្លាំង ចំពោះមហាជនភាគច្រើន ដែលធ្លាប់តែឃើញតារាកំប្លែងនាយសាន ម៉ៅ នៅលើវេទិកា និង កញ្ចក់ទូរទស្សន៍៕
មតិយោបល់