ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាក្មេងៗ បង្អួតសម្រស់ខ្យូតៗ ថ្ងៃសម្ពោធ Drama Cocktail យប់មិញ

កាលពីយប់ថ្ងៃទី១៥ ឧសភា ហាងស្រាក្រឡុកយីហោ Drama Cocktail ដែលមានទីតាំង ស្ថិតនៅទល់មុខមាត់ទន្លេ ក្នុងបរិវេណកោះពេជ្រ ទល់មុខរូបតំណាងបេះដូង ដែលអ្នកចេញចូលកោះពេជ្រនិយម យកសោទៅចាក់លម្អ បានប្រកាសបើកសម្ពោធហើយ ដោយមានវត្តមានតារាក្មេងៗ ជាច្រើននាក់ បង្ហាញខ្លួន។ តារាក្មេងៗ ទាំងនោះ ដ្បិតតែមិនទាន់មានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ប៉ុន្តែរូបសម្រស់របស់ពួកគេ គឺមិនធម្មតានោះឡើយ។

លោក រ៉ាវ៉ាត់ ម្ចាស់ហាង Drama cocktail បានថ្លែងបញ្ជាក់ថា ទម្រាំតែអាចធ្វើឲ្យហាងមួយនេះ លេចចេញរូបរាងនៅថ្ងៃបើកសម្ពោធ លោកចំណាយមិនក្រោម៣មុឺនដុល្លារនោះទេ ខណ:ដែលលោកប្រាប់ថា ដើមទុនដែលបានចំណាយនេះ ប្រសិនបើយកទៅបើកជាផ្ទះសំណាក់ ឬជាអាជីវកម្មផ្សេងវិញ គឺស្រួលចំណេញជាង ហើយក៏មិនហត់។ យ៉ាងណាមិញលោកថា បណ្ដាលមកពីលោកស្រទ្បាញ់ មុខរបរក្រឡុកស្រា និងមានជំនាញលើផ្នែកច្នៃស្រាក្រឡុកនេះ បន្ទាប់ពីហាត់រៀនច្បាស់លាស់ ទើបលោកសម្រេចចិត្ត បោះទុននៅកោះពេជ្រ។ លោកថា អាជីវកម្មរបស់លោក មិនភ័យរឿងអត់ភ្ញៀវនោះទេ ក្នុងពេលដែលទីតាំងទាំងមូល ដ្បិតថាតូចបន្តិច តែស្ថិតនៅតំបន់ប្រជុំ ដោយហាងតូចធំៗ នៅជួរមាត់ទន្លេ ក្នុងតំបន់កោះពេជ្រ ហើយមិនទាន់នឹងបើកដំណើរការឲ្យស្រួលបួលផង ក៏មានភ្ញៀចេញចូលហូរហែររួចមកហើយ តាំងពីមិនទាន់បើកសម្ពោធ។

លោកបានបញ្ជាក់ថា ដោយសារតែលោកមានទំនាក់ទំនងច្រើន ជាមួយតារាសិល្ប: រួមមានក្រុម Freshies និងតារាសម្ដែងជាដើម ទើបក្នុងថ្ងៃសម្ពោធហាងនោះ លោកអញ្ជើញតារាក្មេងៗបានច្រើន។ ក្នុងចំណោមតារាក្មេងៗ ទាំងនោះ គេក៏ឃើញវត្តមានតារាវ័យក្មេង លោក ស្រេង ឈាងឡេង ដែលជាអ្នកជំនួញពុះដីឡូតិ៍ លក់ចូលរួមផងដែរ។

ក្នុងពិធីបើកសម្ពោធ កាលពីថ្ងៃទី១៥ ឧសភា នោះ លោក រ៉ាវ៉ាត់ មិនធ្វើពិធីកាត់ខ្សែបូរ និងបើកសម្ពោធ ជាទ្រង់ទ្រាយធំនោះទេ ប៉ុន្តែគេឃើញតារាក្មេងៗ និងភ្ញៀវកិត្តិយសច្រើន គួរសមបង្ហាញខ្លួនចូលរួម។ ក្នុងនោះ ពាក្យស្លោកមួយចំនួន ដែលលោកប្រើភ្ជាប់នឹងពាក្យ Drama ៨ក៏ធ្វើឲ្យភ្ញៀវកិត្តិយសអានហើយ ចាប់អារម្មណ៍មិនតិចនោះដែរ បន្ថែមពីសេវាកម្មប្រចាំហាង៕

មតិយោបល់