ភ្នំពេញៈ ក្នុងចំណោមតារាចម្រៀងទាំងអស់ដែលបានទទួលឱកាសឡើងច្រើននៅក្នុងព្រឹត្តិការណ៍ដើរលើកំរាលព្រំដ៏អស្ចារ្យរបស់សាកលវិទ្យាល័យន័រតុនចាប់ពីវេលាម៉ោង៤ ថ្ងៃទី១៧ កញ្ញានេះ មានតែតារាចម្រៀងល្បីឈ្មោះ៣ដួងប៉ុណ្ណោះ ដែលត្រូវគេកត់សម្គាល់ថាបានច្រៀងរហូតដល់៤បទម្នាក់ឯង។ ប៉ុន្តែបើក្រឡេកទៅមើលតារាចម្រៀងអាជីពផ្សេងទៀត គឺទទួលបានមិនលើសពី៣បទនោះទេ ខណៈដែលតារាខ្លះក៏ទទួលបានត្រឹមតែ១បទនៅក្នុងកម្មវិធី។
តារាទាំង៣នោះរួមមាន កញ្ញា សុខ ពិសី មកពីផលិតកម្មសាន់ដេ លោកងួន ចាន់ដេវីត ម្ចាស់បទOriginal Song មកពីផលិតកម្មហង្សមាស និងកញ្ញាទេព បូព្រឹក្ស តារាចម្រៀងមកពីផលិតកម្មហង្សមាសដូចគ្នា។ តារាទាំង៣ត្រូវគេមើលឃើញថាជាតួអង្គលេចធ្លោសម្រាប់ព្រឹត្តិការណ៍ដោយសារតែអ្នកគាំទ្ររបស់ពួកគេក៏ល្បីថានឹងប្រមូលផ្ដុំគ្នាកកកុញផងដែរនៅបរិវេណទីលានតាំងពិពណ៌ស្នាដៃនិស្សិតពេទ្យនៅន័រតុននាថ្ងៃនេះ។
លោកផាត់ តារារដ្ឋ ស្ថាបនិកក្រុម«គ្រួសារតារាកម្ពុជា» និងជាអ្នករៀបចំព្រឹត្តិការណ៍សិល្បៈរបស់កម្មវិធីនេះបានអះអាងថា កញ្ញាសុខ ពិសី លោកដេវីដ និងកញ្ញា ទេព បូព្រឹក្ស នឹងមាន៤បទស្មើគ្នាដោយសារតែពួកគេសុទ្ធតែមានអ្នកគាំទ្រច្រើននៅក្នុងវិស័យសិល្បៈ។ លោកថាសុខ ពិសី នឹងបកស្រាយបទចម្រៀងប្រភេទស្លូ ដោយមានក្រុមអ្នកគាំទ្ររបស់នាងប្រកាសនៅលើហ្វេសប៊ុកថា នឹងមកទស្សនាដល់ទីតាំងច្រើនដើម្បីគាំទ្រតារាស្រីរូបនេះ។ ងាកទៅលោកងួន ចាន់ដេវីត ឯណោះវិញ មិនបានប្រកាសនឹងមានអ្នកគាំទ្រកម្រិតណាមកលើកឈ្មោះ និងរូបថតដូចសុខ ពិសី នោះទេ ប៉ុន្តែសម្រាប់តារាសិល្បៈ និងនិស្សិតភាគច្រើនបានប្រកាសថានឹងត្រៀមខ្លួនរាំញីកែងជើង នៅក្នុងព្រឹត្តិការណ៍នេះជាមួយលោក។ លោកដេវីតនឹងច្រៀង៤បទ ដែលបទរបស់លោកគឺសុទ្ធតែជាប្រភេទញាក់ៗទាំងអស់ដើម្បីឲ្យអ្នកទស្សនារាំរែក។ សម្រាប់ កញ្ញាទេព បូព្រឹក្ស ក្រៅពីត្រូវគេឃើញអ្នកគាំទ្ររបស់នាងប្រកាសនៅលើហ្វេសប៊ុកថា មកគាំទ្រមិនខុសគ្នានឹង សុខ ពិសី កញ្ញាក៏ប្រកាសច្រៀងបទញាក់ទាំង៤បទ ដើម្បីឲ្យអ្នកនៅលើទីលានបានរាំសប្បាយដូចគ្នានឹងលោកដេវីតផងដែរ។ ចឹងហើយទើបតារាស្រីរូបនេះ នឹងកន្តា្រក់បានការគាំទ្រខ្លាំងក្លាសម្រាប់ព្រឹត្តិការណ៍ដើរលើកំរាលព្រំក្នុងគម្រោងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃនេះ។
គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះបើគ្មានការរំខានដោយអាកាសនោះ នោះនឹងក្លាយជាព្រឹត្តិការណ៍សប្បុរសធម៌ទី១ដែលមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម ដោយសារតែអ្នកចម្រៀងអាជីព អ្នកបង្ហាញម៉ូដ តារាកំប្លែង និងតារាសម្ដែងសុទ្ធតែល្បីឈ្មោះក្នុងពិភពសិល្បៈទាំងអស់ស្ម័គ្រជួយដល់កម្មវិធី។ នេះជាការរៀបចំរបស់និស្សិតពេទ្យរបស់សាកលវិទ្យាល័យន័រតុន ក្រោមការជ្រោមជ្រែងរបស់សាកលវិទ្យាល័យន័រតុន និងរៀបចំកម្មវិធីសិល្បៈដោយស្ថាបនិកគ្រួសារតារាកម្ពុជា៕
មតិយោបល់