ព័ត៌មានជាតិ

Update៖ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ត្រូវរថយន្តដឹកដីបុករះ របួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយ ដឹកដីបើកបុករះរថយន្តកូរ៉េ និងផ្ទះប្រជាពលរដ្ឋ របួសធ្ងន់ស្រាល៣នាក់ ហើយបន្តបុករថយន្តពីគ្រឿងទៀត រងការខូចខាត កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 7347 បើកបរដោយឈ្មោះ វ៉ា ហៀ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តរងគ្រោះទី១ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-5422 ទី២រថយន្តកូរ៉េមួយតោន កន្លះពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2R- 1343 និងទី៣រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AO-5240។

ជនរងគ្រោះក្នុងករណីនេះ ទី១ឈ្មោះ សរ សាលី អាយុ៧០ឆ្នាំ ជាភ្ញៀវមកទិញម្ហូប នៅកន្លែងកើតហេតុរបួសធ្ងន់ ទី២.ឈ្មោះ ឯក ស្រីពេជ្រ ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកបាយនិងនំបញ្ចុក និងទី៣.ឈ្មោះ សាន ធុទ្ធារី ភេទស្រី អាយុ១៥ឆ្នាំ អ្នកជួយលក់បាយនិងនំបញ្ចុក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកដី ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន បានបុករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវមួយគ្រឿង រួចបានជ្រុលបុករថយន្តកូរ៉េ ពណ៌ខៀវ ដែលចតឈប់នៅចិញ្ចើមផ្លូវខាងស្តាំ បណ្តាលឲ្យខ្ទាតទៅបុកចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ រងការខូចខាត និងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ដងកាំបិត និងប្រុសស្រី ២នាក់ទៀតរបួសស្រាល។

ប្រភពដដែលបន្តថា រថយន្តបង្កមិនទាន់អស់ល្បឿនទេ បានបន្តបុករថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលកំពុងឆ្លងផ្លូវពីត្បូងទៅជើង រងការខូចខាត រួមទាំងទៅបុកផ្ទាំងប៉ាណូរបស់អរគីដេKTVថែមទៀត បណ្តាលឲ្យបាក់បង្គោលដែកមួយដើម និងរហែកក្រដាសផ្ទាំងប៉ាណូរ។

ក្រោយពេលកើតហេតុ បុរសដែលរងបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ រីឯតៃកុងរថយន្តបង្ក និងរថយន្តរងគ្រោះ កំពុងធ្វើការដោះស្រាយគ្នា៕

មតិយោបល់