ជាមួយនឹងសកម្មភាពរៃអង្គាសថវិកាស្ទើររាល់ថ្ងៃ ដើម្បីប្រមូលជំនួយយកទៅជួយដល់ជនខ្វះខាត មនុស្សមួយចំនួនកំពុងចោទថា ប្រធានក្លិបសិល្បៈ ឡុង សុខហៀង ដែលជាតារាសម្ដែងមួយរូបផង ធ្វើឡើងដើម្បីចង់បានការចាប់អារម្មណ៍ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ឆ្លើយតបនឹងការយល់ឃើញនេះ លោកបានច្រានចោល និងថាប្រសិនបើដើម្បីចង់ល្បី ឬ ចង់បានផលប្រយោជន៍ក្រៅពីបណ្ដាម្ចាស់ជំនួយ គឺលោកងាកមកការងារប្រចាំថ្ងៃ ឃើញលុយនៅនឹងមុខៗខ្លាំងជាង។
លោក ឡុង សុខហៀង និយាយថា មានមនុស្សមិនតិចទេ យល់ថាលោកប្រឹងធ្វើដើម្បីចង់ល្បី ដើម្បីចង់ឲ្យគេចាប់អារម្មណ៍ ប៉ុន្តែសម្រាប់លោកកេរ្តិ៍ឈ្មោះមុខមាត់ ដ្បិតថាលោកមិនមែនជាបុគ្គលល្បី តែលោកក៏មានគេស្គាល់ច្រើនណាស់ដែរហើយ ទើបលោកចេះតែចង់យកទំនាក់ទំនងនេះ ដើម្បីកៀរគរជាជំនួយជួយដល់អ្នកខ្វះខាត ដែលដង្ហើយរកវិញ។ លោកបន្តថា បើតាមតែលោកមមាញឹកនឹងការងារផ្ទាល់ខ្លួន ជាពិសេសគឺការងារបណ្ដុះបណ្ដាលសិស្សឲ្យមានជំនាញសិល្បៈ ដឹកនាំសិស្សចេញថតនៅតាមផលិតកម្មនានា និងរវល់លក់ផលិតផលផង គឺលោកមិនគួរចំណាយពេលរៃអង្គាសថវិកានោះទេ ដោយសារតែការងារនោះ ក្រៅពីមិនបានលុយចូលហោប៉ៅ ក៏ខាតពេលរកលុយផ្ទាល់ខ្លួន។ ប៉ុន្តែបណ្ដាលមកពីលោកចេះតែចិត្តមិនដាច់ នៅពេលមានគេទាក់ទងមកឲ្យជួយអ្នកនេះជួយអ្នកនោះ ហើយលោកក៏ឃើញពីការលំបាកនោះដោយផ្ទាល់ភ្នែក ទើបលោកចេះតែប្រកូកប្រកាស ហើយដឹកនាំតារាក្មេងៗ និងសប្បុរសជនចុះទៅប្រគល់អំណោយដោយផ្ទាល់ដៃជារឿយៗ។ លោកថាខ្លួនមានលទ្ធភាពបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ជនខ្វះខាតតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលលោកមានកម្លាំងចិត្តច្រើន គឺកម្លាំងទឹកចិត្តពីសប្បុរសជន ដែលធ្វើឲ្យលោកដែលគ្រាន់តែជាអ្នកនាំសារពីទុរគតជន ទទួលបានថវិកាច្រើនជាហូរហែរក្នុងកិច្ចការនេះ។ គោលបំណងដែលលោកកាន់តែសកម្ម គឺដើម្បីបំផុសទឹកចិត្តសិល្បៈករក្មេងៗ ជាពិសេសគឺសប្បុរសជន ឲ្យកាន់តែមានសកម្មភាពបរិច្ចាគ និងដើម្បីបណ្ដុះទឹកចិត្តអាណិតស្រលាញ់ដល់អ្នកខ្វះខាតឲ្យបានច្រើននៅក្នុងសង្គម។
លោក ឡុង សុខហៀង ប្រកាសរត់ច្បាប់បង្កើតជាសមាគមក្នុងពេលខាងមុខ ដើម្បីអាចចុះធ្វើសកម្មភាពរៃអង្គាសនានា ឲ្យបានកាន់តែល្អ ជួយដល់ក្រុមទុរគតជនខ្វះខាត។ ក្នុងនោះក៏ដើម្បីងាយស្រួលចាប់ដៃជាមួយស្ថាប័ននេះស្ថាប័ននោះ ក្នុងពេលចង់ធ្វើសកម្មភាពជួយសង្គម ងាយស្រួលក្នុងការពង្រីកសកម្មភាពផងដែរ។ លោកប្រកាសជំហរថា នឹងមិនឈប់សកម្មភាពរៃអង្គាស និងចុះជួយដល់ជនខ្វះខាតនោះទេ ដោយលោកប្រកាសជំហរសុខចិត្តបោះចោលការងារបានលុយ តែនឹងយកពេលកៀរគរម្ចាស់ជំនួយជួយដល់ខ្វះខាត ដែលបានស្នើមកអោយអស់ពីលទ្ធភាពនោះផង៕
មតិយោបល់