ភ្នំពេញៈ យុវជនទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីពួកគេបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង ១១ និង០៥នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្បែរច្រកចូលផ្សារទំនើបសុវណ្ណា តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានឲ្យដឹងថា យុវជនទំនើងដែលបង្កហេតុមាន ២ក្រុម ដោយមួយក្រុមៗមានគ្នា ៣នាក់ដូចគ្នា តែត្រូវបានសមត្ថកិច្ច ឃាត់បាន៥នាក់ និងគេចខ្លួនបាត់ម្នាក់ យុវជនទាំង៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖
ភាគីម្ខាងមាន ៣នាក់ ទី ១/ឈ្មោះ អៀង សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបបជាងPas ស្នាក់នៅភូមិប្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ទី២/ឈ្មោះ អ៊ិន សុខឡេង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបបសិស្ស ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ទី៣/ឈ្មោះ ឈូ ដាវីត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបប ដឹកជញ្ជូននំ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ភាគីម្ខាងទៀតមានគ្នា ២នាក់ ទី១/ឈ្មោះ ចន តុលា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបបបុគ្គលិកបេប៊ីខេ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ទី២/ឈ្មោះ លឹម ប៊ុនឃាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបបបុក្គលិកបេប៊ីខេ ស្នាក់នៅផ្ទះជួល ជាប់ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ក្នុងករណីហឹង្សាខាងលើ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ជាក់ថា ខាងណាខុស ខាងណាត្រូវនោះទេ ព្រោះពួកគេទាំងសង្ខាងប្រកែកយកតែត្រូវរៀងៗខ្លួន ពុំមានអ្នករបួសធ្ងន់ធ្ងរឡើយ គ្រាន់តែភាគីម្ខាងបានវាយកំទេចម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-9195 រងការខូចខាតយ៉ាងដំណំ ។
បច្ចុប្បន្ន យុវជនទំនើងទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលទំនប់ទឹក បណ្ដោះអាសន្ន ដើម្បីសួរនាំ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនតាមនីតិវិធី៕
មតិយោបល់