ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ដូចទទួលកាដូធំ ក្រោយបញ្ចប់ការសិក្សា

លើសពីការទទួលបានកាដូជាគ្រឿងអលង្ការពេជ្រ មានតម្លៃទៅទៀត ដោយសារតែ ភិន សុដាលីស គ្រាន់តែទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាផ្នែក Professional Design ភ្លាម ក៏មានកាដូធំមួយ មិនខុសពីជាកាដូយ៉ាងមានកិត្តិយសអោយនាងតែម្ដង។ នោះគឺការដាក់បញ្ចាំងភាពយន្តដែលនាងសម្ដែង នៅថ្ងៃទី៧ កក្កដានេះ គឺតែប៉ុន្មានថ្ងៃក្រោយនាងបញ្ចប់ការសិក្សា។

អ្នកគាំទ្រភាគច្រើនកំពុងចាត់ទុកថា ជាការរៀបចំ ប៉ុន្តែភាគីខាងផលិតកម្មថា ជារឿងចៃដន្យប៉ុណ្ណោះ។ ម្នាក់ៗនិយាយថា ភិន សុដាលីស ពិតជាបានកាដូស្កប់ចិត្ត ជាងរបស់ផ្សេងៗឆ្ងាយណាស់ ដែលភាពយន្តរឿង”ព្រលឹង” ត្រូវដាក់បញ្ចាំងតែប៉ុន្មានថ្ងៃបន្ទាប់ពីនាង បញ្ចប់ការសិក្សាលើជំនាញឌីហ្សាញ នៅក្នុងសាលាអន្តរជាតិធំមួយ។ ភាពយន្តនេះ នាងសំងំសម្ដែងជាយូរមកហើយ ប៉ុន្តែមិនមានដំណឹង ដាក់បញ្ចាំងលក់សំបុត្រទាល់តែសោះ ដោយទើបតែនាងបញ្ចប់ការទទួលសញ្ញាប័ត្រ ដែលមានតម្លៃ មិនអាចកាត់ថ្លៃបានសម្រាប់ជីវិតសិក្សា ក៏មានដំណឹងថា ភាពយន្តត្រូវដាក់បញ្ចាំងពីក្រោយគ្នា។

លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានអះអាងថា ថ្ងៃដាក់បញ្ចាំងលក់សំបុត្ររឿង”ព្រលឹង” លោកមិនបានដឹងមុនរឿងតួឯកស្រី ដែលជាកូនស្រីសំណព្វចិត្ត ទទួលបានសញ្ញាប័ត្រនោះទេ ដោយសារភាពយន្តមួយនេះ ត្រូវបានរត់ច្បាប់ និងសុំសិទ្ធិដាក់បញ្ចាំង ហើយដឹងថា រោងអោយថ្ងៃបញ្ចាំងនៅថ្ងៃទី៤ កក្កដា តាំងពីជាងកន្លះឆ្នាំមុន។ យ៉ាងណាមិញលោកថា ភិន សុដាលីស ពិតជាដូចតែបានកាដូធំផ្ដល់អោយអ្នកគាំទ្រ ក្រោយបញ្ចប់ការសិក្សាមែន ខណៈដែលលោក ក៏រំពឹងថាភាពយន្តនេះ នឹងផ្ទុះខ្លាំង ដូចគ្នានឹងរឿង”ផ្ទះចុងភូមិ”។ លោកថាភាពយន្តនេះ ដាលីស សម្ដែងខ្លាំង ហើយគុណភាពរឿងក៏ស្ដង់ដា ទើបលោកយល់ថា ការដាក់បញ្ចាំងជាកាដូក្រោយនាងបញ្ចប់ការសិក្សា គឺជារឿងមិនធ្វើអោយហ្វេនរបស់នាងខកចិត្ត៕

មតិយោបល់