Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាចម្រៀងជោគ...

តារាចម្រៀងជោគជ័យក្រៅប្រទេស កញ្ញាវុទ្ធសុគន្ធា ត្រៀមចាកចេញទៅ២ប្រទេសទៀតហើយ

ចាប់តាំងពីប្រឡូកអាជីពចម្រៀង គេកត់សម្គាល់ថា តារាចម្រៀងក្នុងក្រុមចល័តសុទ្ធតែក្រុមល្បីៗ ដូចជាក្នុងវង់លោក យ៉ែម សំអូន និង អេឡិច ចាន់ត្រា ជាដើម កញ្ញា វុទ្ធ សុគន្ធា មានឱកាសចេញច្រៀងក្រៅប្រទេសញឹក រហូតច្រានចោលការច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍នាពេលចុងក្រោយ។ នៅចុងខែនេះ មានការបញ្ជាក់ពីខាងស្ពុនស័រមកថា នាងត្រូវបានទីផ្សារប្រទេសអូស្រាលី និងញូហ្សេឡិន ស្នើឲ្យចេញសម្ដែងទៀតហើយ ខណ:ដែលនាងក៏ទទួលស្គាល់ថា គឺជាការពិត។

តារាចម្រៀង កញ្ញា វុទ្ធ សុគន្ធា និយាយថា នឹងពិតចាកចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីមែន ដោយដំណើររបស់នាង នឹងចាកចេញនៅថ្ងៃទី ៣១ កក្កដា នេះហើយ ដើម្បីទៅច្រៀងនៅលើទឹកដីមួយនេះ រយ:ពេល៦សប្ដាហ៍។ កញ្ញាថា ខ្លួននឹងបើកឆាកច្រៀងនៅតាមបណ្ដារដ្ឋជាច្រើនរបស់ប្រទេសអូស្ត្រាលី អមដោយវត្តមានតារាមួយចំនួន ពីស្រុកខ្មែរផងដែរ ដូចជាលោក អេឡិច ចាន់ត្រា ជាដើម។ កញ្ញានឹងបន្តបេសកកម្ម ទៅច្រៀងនៅក្នុងប្រទេសញូហ្សេឡិនរយ:ពេល២សប្ដាហ៍បន្ថែមទៀត ដែលមានន័យថា ដំណើរចាកចេញទៅច្រៀងនៅក្រៅប្រទេសលើកនេះ គឺទៅរយ:ពេល២ខែ គឺមួយខែកន្លះនៅប្រទេសអូស្ត្រាលី និង កន្លះខែនៅ លើទឹកដីប្រទេសញូហ្សេឡិន។

កញ្ញា វុទ្ធ សុគន្ធា និយាយថា នាងមិនត្រៀមអ្វីច្រើន សម្រាប់ការចាកចេញនេះទេ ដោយសារតែនាង គឺជាតារាចម្រៀងប្រចាំក្រុម ដែលមានឈ្មោះបោះសំទ្បេងស្រាប់ហើយ ដែលអាចច្រៀងបានទាំងប្រភេទ បទបុរាណ សម័យ និងបទបែបរាំសប្បាយៗ។ នេះជាអាជីពដែលនាងប្រឡូកមកច្រើនឆ្នាំមកហើយ ទើបនាងមិនសូវមានការបារម្ភពីការគាំទ្រ ដោយសារតែនាង គឺជាតារាអាជីពស្រាប់ ដែលអាចបត់បែន បានគ្រប់ប្រភេទបទ។ យ៉ាងណាមិញ នាងក៏បានត្រៀមខ្លួនបកស្រាយបទពិរោះៗ និងមានការសម្ដែងឲ្យប្លែកភ្នែកផង ដើម្បីឲ្យបងប្អូនបានទស្សនានៅទីនោះ សប្បាយចិត្តផងដែរ សម្រាប់ការសម្ដែងទាំង២ប្រទេសរបស់ខ្លួន៕