ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗត្រៀមរួចហើយ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌

នៅថ្ងៃទី២៩ សីហា នេះ កម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលត្រូវបានផ្តួចផ្តើមឡើង ដោយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា គណ:មហានិកាយ ក្រោមការសហការរៀបចំ ដោយក្រុមហ៊ុនចំនួន៣ គឺ ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា (RF3 World Cambodia Co.,Ltd) ក្រុមហ៊ុន មហាហង្ស (Phalitakam Mohahang Co.,Ltd and Mohahang Production) និង ក្រុមហ៊ុនអលដេតវ័ន ខូអិលធីឌី (All That Once Co.Ltd) នឹងលេចចេញរូបរាង។ កម្មវិធីនេះ សិល្បករល្បីៗ រួមមានកញ្ញា អេដា លោក ភឹម តារាវិបុល និងតារាល្បីជាច្រើនទៀត បានប្រកាសពីការត្រៀមខ្លួនរួចហើយ។

ការប្រកួតបាល់ទាត់មិត្តភាពរវាងតារាខ្មែរនិងតារាថៃនេះ សម្រាប់ថវិកា ដែលរកបានពីការ លក់សំបុត្រ និង ការឧបត្ថម្ភបន្ទាប់ពីកាត់ចំណាយកម្មវិធីរួច នឹងប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែសីហាឆ្នាំ ២០១៩ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ២៖៣០នាទីរសៀលដល់ ម៉ោង ៩៖០០យប់។

កម្មវិធីនេះ មានការប្រកួតបាល់ទាត់មិត្តភាពចំនួន២ប្រកួតគឺ ការប្រកួតទី១ ក្លឹបបឹងកេត ជាមួយ ក្រុមបាល់ទាត់តារាមហាហង្ស និង ការប្រកួតទី២ ក្រុមបាល់ទាត់តារាកម្ពុជាជាមួយ ក្រុមបាល់ទាត់ តារាថៃ។ បន្ថែមលើការប្រកួតបាល់ទាត់កម្មវិធីនេះក៏មានការប្រគុំតន្ត្រីពីតារា ល្បីៗប្រចាំប្រទេសកម្ពុជា និង ថៃដូចជាលោក ភឹម តារាវិបុល កញ្ញា អេដា ក្រុម Mustache Band លោក Pramote Wilepana និង លោក Utain Prommin។

ចំពោះការលក់សំបុត្រចូលរួមទស្សនា មាន២ប្រភេទគឺ សំបុត្រ VIP តម្លៃ ១០០០០រៀល និង សំបុត្រធម្មតាតម្លៃ ៥០០០រៀល។ បងប្អូនអាចរកទិញសំបុត្រ បាននៅស្តង់លក់សំបុត្រមុខ ពហុកីឡដ្ឋានជាតិអូឡាំពិក ឬ អាចទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ ០១១ ៧៦ ៥៨ ២៧ ចាប់ពីថ្ងៃនេះតទៅ៕

មតិយោបល់