បន្ទាប់ពីមានឱកាសក្លាយ ជាតារាចម្រៀងប្រចាំផលិតកម្មក្លាសុិក លោក ឡុង សុខហៀង ដែលគេស្គាល់ច្រើនថា ជាប្រធានក្លិបសិល្បៈមួយ និងក្នុងសកម្មភាពសប្បុរសធម៌ ត្រូវគេកត់សម្គាល់ថា មានបទចម្រៀងចេញបង្ហោះ ជាហូរហែរ។ យ៉ាងណាមិញ លោកទើបតែមានបទឆ្លងឆ្លើយជាមួយតារាចម្រៀង កញ្ញា សម្រេច សន្យា ដែលជាតារារះថ្មី នៅផលិតកម្មក្លាសុិក ដែលជាបទលើកឡើង ពីបុណ្យភ្ជុំជាលើកដំបូងប៉ុណ្ណោះ ខណៈដែលបទចម្រៀងនេះ ដ្បិតថាជាបទច្នៃប៉ារ៉ូល ពីមរតកដើម តែស្ដាប់ទៅមានន័យ និងពិរោះមួយបែប។
លោក ឡុង សុខហៀង និយាយថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់រដូវភ្ជុំ លោកចេញ តែបទស្មូតៗ ហើយដើរចែកជូនដល់លោកតាលោកយាយ នៅតាមទីអារ៉ាមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែលោក បានក្លាយជាតារាចម្រៀង របស់ផលិតកម្មក្លាសុិក ទើបលោកបញ្ចេញបទចម្រៀង ជាលក្ខណៈទាក់ទង នឹងរដូវបុណ្យភ្ជុំវិញម្ដង។
លោកថានេះគឺជាចំណងដៃលើកដំបូងដែលខាងផលិតកម្មរៀបចំឲ្យលោក បានច្រៀងជាមួយកញ្ញា សម្រេច សន្យា ហើយជាបទនិយាយពីបុណ្យភ្ជុំ។ យ៉ាងណាមិញនេះ មិនមែនជាបទចុងក្រោយរបស់លោក និង កញ្ញា សម្រេច សន្យា នោះទេ ដោយគ្រោងនឹងច្រៀងរួមគ្នានូវបទចម្រៀងក្រោយៗរួមគ្នាបែបនេះទៀត ជាពិសេសបទឆ្លងឆ្លើយៗ ដោយសារតែមានទឹកដមសំលេងសុីគ្នា។
លោក ឡុង សុខហៀង ទទួលស្គាល់ថា ក្នុងមួយរយៈចុងក្រោយខ្លួន ជោគជ័យខ្លាំងមិនថា អាជីពលក់ផលិតផលអនឡាញ អាជីពលក់ដីធ្លី និងអាជីពរៀបចំតារាឲ្យសម្ដែង តាមផលិតកម្មនោះទេ ប៉ុន្តែលោកក៏មិនភ្លេចសកម្មភាព សប្បុរសធម៌នោះដែរ គឺនៅឆ្លៀតពេលរ៉ៃអង្គាស បើទោះជារវល់ដកឃ្លាមិនចង់រួច។
ក្នុងនោះលោកក៏មិនសម្រុកចេញបទចម្រៀងច្រើនៗនោះដែរ នៅក្នុងផលិតកម្មក្លាសុិក គឺលោកនឹងច្រៀងតែបទមួយចំនួន កុំអោយអ្នកគាំទ្រថា ស្ងាត់ប៉ុណ្ណោះ ដើម្បីទុកឱកាសឲ្យអ្នក ជំនាន់ក្រោយ៕








មតិយោបល់