ទើបមកជាន់ទឹកដីកំណើត មិនបានប៉ុន្មានផង ស្រាប់តែធ្លាយដំណឹងថា អេឡិច ចាន់ត្រា ត្រៀមចេញទៅប្រទេសអង់គ្លេសទៀតហើយនៅថ្ងៃទី១៩ កញ្ញានេះ ខណៈដែលការសម្ដែងនៅប្រទេសអូស្ត្រាលីរបស់លោក ដែលទើបបញ្ចប់ គឺជោគជ័យខ្លាំង។ លោកទទួលស្គាល់ថា ខ្លួនពិតជាត្រៀមចេញទៅអង់គ្លេស ប៉ុន្តែមិនទៅសម្ដែងច្រៀងនោះទេ គឺទៅថតស្ពតធំមួយ។
លោក អេឡិច ចាន់ត្រា និយាយថា ដំណើរចេញទៅអង់គ្លេសលើកនេះ គឺបន្ទាប់ពីលោកបានទទួលកុងត្រាថតស្ពតអោយក្រុមហ៊ុនធំមួយ ដែលសកម្មភាព ក្នុងការផលិតស្ពតនោះ តម្រូវទៅថតដល់អង់គ្លេស។ នេះជាការងារធំមួយ ដែលលោកបានទទួល បន្ទាប់ពីចប់ការសម្ដែងនៅអូស្ត្រាលី ដែលបង្ហាញយ៉ាងច្បាស់ថា លោកគឺជាតារាដែលមានទីផ្សារទាំងក្នុង និងក្រៅស្រុកមិនធម្មតា។ មុននេះលោក ក៏ត្រូវគេឃើញចេញថតឈុតសំលៀកបំពាក់ប្រេនប្រេនៗ ដែលមានការអះអាងថា ទទួលបានតម្លៃខ្លួនខ្ពស់ផងដែរ។
ប្រភពជិតស្និទ្ធិបន្តថា អេឡិច ប្រាប់ថា ទើបតែចុះកុងត្រាការងារថ្មីមួយ ជាអ្នកដំណាងផលិតផល អោយក្រុមហ៊ុនធំ ទើបត្រូវដំណើរទៅអង់គ្លេសនៅថ្ងៃ១៩ កញ្ញា ដោយត្រូវចេញទៅ១អាទិត្យ។ គឺជាការចេញទៅរួមជាមួយនិងការងារផងដែរ។ ដំណើរចេញទៅលើកនេះ ក៏ត្រូវបានក្រុមហ៊ុនទិញសំបុត្រអោយទស្សនា ការប្រកួតបាល់ទាត់ខ្នាតអន្តរជាតិ នៅក្នុងប្រទេសអង់គ្លេសផងដែរ ទើបលោកសរសើរថា គឺជាសំណាងដែលបានទៅធ្វើការផង ដើរកម្សាន្តផង ហើយបានទស្សនាការប្រកួតបាល់ទាត់លំដាប់ពិភពលោកទៀត៕
មតិយោបល់