ទើបតែត្រូវគេដឹងថា ជោគជ័យក្នុងជំនួញលក់ទឹកអប់ ពេលនេះតារាសម្ដែងរូបសង្ហា លោក ណាខុន បានបោះទុនបើកហាងស្រាធំមួយ ក្នុងទំហំដើមទុនជាង៣០មុឺនដុល្លារ នៅតាមបណ្តោយផ្លូវត្រសក់ផ្អែម ជាប់ជាមួយធនាគារ ABA។ នេះបើយោង តាមហ្វេសប៊ុកផេកផ្លូវការរបស់លោក ដែលបានបង្ហោះមុននេះ អមដោយការអុជធូប បួសសួងសុំលាភជ័យ ក្នុងថ្ងៃបើកហាងស្រាឈ្មោះ «ផ្សារភេសជ្ជៈ» ។
ប្រភពផ្លូវការទម្លាយថា «ផ្សារភេសជ្ជៈ» គឺជារបស់តារាសម្តែង ណាខុន ក្រោមការចំណាយដើមទុនជាង៣០មុឺនដុល្លារ ប៉ុន្តែមិនមែនមានតែរូបគេម្នាក់ឯងទេ គឺហ៊ុនគ្នា ជាមួយមិត្តភ័ក្រ ដោយក្នុងហាងទាំងមូល គឺមានលក់សុទ្ធតែស្រា ពីបរទេសថ្លៃៗ ទាំងនាំចូលផ្ដាច់មុខ និងមានស្រាប់ក្នុងស្រុក។
ឆ្លើយតបក្នុងកិច្ចសម្ភាសន៍ លោកណាខុន បានប្រាប់ផុសញូថា «ផ្សារភេសជ្ជៈ» មិនត្រឹមតែមានលក់ស្រា ដែលមានគុណភាពខ្ពស់ទេ គឺមានលក់ភេសជ្ជៈគ្រប់មុខ តម្រូវតាម ចិត្តអតិថិជនជាច្រើនរូប។ លោកថា ចាប់ពីថ្ងៃបើកសម្ពោធនេះ ហាង «ផ្សារភេសជ្ជៈ» ក៏មានបញ្ចុះតំលៃ ១៥ ភាគរយ រាល់ភេសជ្ជៈគ្រប់មុខ ដែលអតិថិជនបានជាវ ពីហាង «ផ្សារភេសជ្ជៈ» ផងដែរ ខណៈដែលមុខរបរនេះ បើទោះជាលោកបើកដំណើរការ តែលោកនៅតែទទួលថតកុនជាធម្មតា ដោយសារតែមានប្រពន្ធគ្រប់គ្រង ចំណូលចំណាយច្បាស់លាស់ ហើយមិត្តភ័ក្ត្រដែលជាភាគហ៑ុនក្នុងហាង ក៍មើលខុសត្រូវបាន មិនចាំទាល់តែលោកប្រចាំការ៕
មតិយោបល់