កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០១៩ កំពូលតារាសម្ដែងថៃល្បីល្បាញ លោក Boy Pakorn បានបង្ហាញខ្លួននៅក្នុងពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems ដោយលោកប្រកាសថា នោះជាការបង្ហាញមុខលើកទី៣របស់ខ្លួននៅកម្ពុជា។ លោកបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ភ្ញៀវកិត្តិយស ក្នុង និង ក្រោយពេលលោកដើរបង្ហាញម៉ូដ និង បកស្រាយបទចម្រៀង។
តារាសម្ដែងថៃ លោក Boy Pakorn បញ្ជាក់ដាក់ក្បាលមេក្រូថា ធៀបនឹងដំណើរ មកកាន់កម្ពុជា កាលពីពីរលើកមុន លោកថា លើកនេះមានអារម្មណ៍រំភើបជាង ដោយសារតែបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ពិព័រណ៌គ្រឿងពេជ្រធំនៅកម្ពុជា។ លោកថា គ្រឿងពេជ្រ Chateau Des Gems នៅក្នុងប្រទេសថៃ មានការទទួលស្គាល់ យ៉ាងខ្លាំង ដោយលោកក៏ជាហ្វេនយ៉ាងជាប់ចិត្តម្នាក់ដែរ។ យ៉ាងណាមិញលោកសម្ដែង អារម្មណ៍សោកស្ដាយ ដែលមកកម្ពុជាលើកណា ក៏មិនដែលបានដើរកម្សាន្ត ដោយមកពេលព្រឹក ទៅវិញពេលល្ងាច ខណៈដែលដំណើរមកម្ពុជាលើកនេះ ក៏មិនខុសមុន ព្រោះសម្រាកតែមួយយប់ ក៏ត្រលប់ទៅថៃវិញពេលព្រឹក។
លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា ពិធីបញ្ចប់ពិព័រណ៌លើកទី៦របស់ហាង Chateau Des Gems នៅរាជធានីភ្នំពេញ អ្នកស្រីបានសម្រេចចិត្តអញ្ជើញតារាថៃលោក Boy Pakorn អមដោយវត្តមានតារាល្បីៗកម្ពុជា ដូចជាអ្នកនាង យុគ ចិន្តា និងតារាម៉ូដែលល្បីៗ ជាច្រើនរូប ដូចជាកញ្ញា ម៉ាក់សែន សូនីតា អោយបង្ហាញខ្លួន។ អ្នកស្រីអញ្ជើញលោក Boy Pakorn មកកម្មវិធីនេះ ក៏ដោយសារតែនៅក្នុងប្រទេសថៃ ក្រុមហ៊ុនពេជ្រ Chateau Des Gems ដែលមានទីតាំងនៅផ្សារ Icon Siam តារាថៃរូបនេះ ក៏ជាអ្នកតំណាងមួយរូបផងដែរ។ អ្នកស្រីថា សប្បាយចិត្តយ៉ាងខ្លាំង ដែលវត្តមាន តារាថៃ លោក Boy Pakorn ទទួលបានការគាំទ្រខ្លាំង ពីបណ្ដាភ្ញៀវកិត្តយស នៅក្នុងកម្មវិធី។
លោកស្រីថា ពិធីតាំងពិព័រណ៌របស់ហាងពេជ្រ Chateau Des Gems ដែលដំណើរការ យ៉ាងជោគជ័យទាំង២ថ្ងៃនៅភ្នំពេញនេះ មិនខុសពីបង្ហាញពីសន្ទុះរីកចំរើននៃទីផ្សារពេជ្រ នៅកម្ពុជានោះទេ ដោយសារតែក្នុងពិព័រណ៌ទាំងមូល Chateau Des Gems បានច្នៃឈុត ដែលជាម៉ូដតែមួយៗ លើលោកជាច្រើនឈុត ដោយមានទាំងឈុតតម្លៃ ជាងកន្លះលានដុល្លារ និងតម្លៃកប់ពពកជាច្រើនទៀត មិនអន់ជាងទីផ្សារពេជ្រ នៅក្រៅប្រទេស៕
មតិយោបល់