ម្សិលមិញនេះដែរ ផលិតកម្មចក្រវាឡភាពយន្ត បានធ្វើការក្រុងពាលី រឿងថ្មីរបស់ខ្លួន ក្រោមចំណងជើងថា “ស្ទឹងស្នេហ៍” នៅស្រុកភ្នំស្រង់ ខេត្តកំពង់ស្ពី ដោយមានការចូលរួមពីសំណាក់តារាល្បីៗ ជាច្រើនដួង ក្នុងពិភពសិល្បៈ។
រឿង “ស្ទឹងស្នេហ៍” គឺជារឿងភាគបែបមនោសញ្ចេតនា ឈ្នានីស ដោយបញ្ចប់ថតក្នុងរយៈពេលតែ ២ខែ តែប៉ុណ្ណោះ នឹងដាក់បញ្ជាំងតាមកញ្ជក់ទូរទស្សន៍ ។
ទាក់ទិនរឿងនេះដែរ កូនប្រុសម្ចាស់ផលិតកម្មចក្រវាឡ លោក ថៃ ប៊ុននាង និងជាតួឯកប្រុសក្នុងរឿង “ស្ទឹងស្នេហ៍” នេះតែម្តង បានថ្លែងប្រាប់គេទំព័រ ដំណឹង តាមទូរស័ព្ទ នៅរសៀលនេះ ឲ្យដឹងថា “រឿង ស្ទឹងស្នេហ៍ បានក្រុងពាលីកាលពីម្សិលមិញ ដោយដំណើរការថតនៅព្រឹកថ្ងៃទី ១៤ នេះ ដោយមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើនដួង ។ លោកបានថ្លែងបន្តថា រឿងនេះដែរ ចាយទុនពី ២ ទៅ ៣ម៉ឺនដុល្លារ រីឯប៉ុស្តិ៍ទូរទស្សន៍ ដែលត្រូវដាក់បញ្ជាំងនោះ សូមលាក់សិន ” ។ តារាប្រុសដួងនេះបានបន្ថែមទៀតថា តារាៗដែលបានចូលរួមគឺមាន លោក អ៊ឹម ជីវ៉ា លោក យូឌីស្កូ អ្នកនាង ប៉ែន សុផានី អ្នកនាង ចាន់ តារាទី ឆៃលី ដាឡែន នី មុន្នីនាថ កញ្ញា ហេង ស្រីពេជ្រ និង តារាល្បីៗក្នុងពិភពសិល្បៈជាច្រើនទៀត ។
លោក អ៊ឹម ជីវ៉ា ក៏បានថ្លែងប្រាប់តាមទូរស័ព្ទ ឲ្យដឹង ដូចគ្នាថា “ខ្លួនពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលខាងផលិតកម្ម ចក្រវាឡ អញ្ជើញខ្លួន ឲ្យថតរឿង ខាងលើ ពិតជារំភើបរកអ្វីថ្លែងពុំបាន ។ តារាចូលចិត្តបំផុសគំនិតសប្បុរសធម៌រូបនេះ បានបន្តថា ក្នុងរឿងនេះដែរ ខ្ញុំដើរតួធម្មតាៗ តែក៏ចាត់ចូលក្នុងតួធំៗដែរ ក្នុងរឿង ដោយផលិតកម្មឃើញភាពប៉ិនប្រសព្វរបស់ខ្លួន និងខ្វះតួមានរូបសម្បត្តិដូចខ្ញុំក៏ហៅឲ្យថតទៅ ។ តែទោះជាយ៉ាងណាក៏សូមអរគុណដល់ផលិតកម្មផងដែរ ដែលផ្តល់ឱកាសនេះ” ៕
មតិយោបល់