ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ុស្តិ៍លេខ៥ ប្រកាសមិនឲ្យតារាសម្ដែងក្នុងរឿង”និស្ស័យខ្លុយស្នេហ៍” ភ័យរឿងលុយតម្លៃខ្លួន

ខណៈដែលតួសម្ដែងភាគច្រើន កំពុងរិះគន់ជុំវិញករណីថតរឿងចប់មិនបានលុយ និងរឿងករណីផលិតករថតរឿងឲ្យតម្លៃខ្លួនមិនសមរម្យនោះ ផលិតកររឿង”និស្ស័យខ្លុយស្នេហ៍” ដែលបានប្រកាសក្រុងពាលី ចេញថតកាលពីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៩ បានអះអាងថា ខ្លួននឹងទប់ស្កាត់លើករណីនេះ។ ក្នុងនោះផលិតករក៏ស្នើឲ្យតួសម្ដែងទាំងអស់ ត្រូវតែសហការចាប់ដៃ ដើម្បីឲ្យប៉ុស្តិ៍លេខ៥ ផលិតបានរួចរាល់ នៅអំឡុង៣ខែក្រោយនោះផង។

លោក ហួង តារាមុន្នី ប្រធានផ្នែកផលិតប្រចាំនៅប៉ុស្តិ៍លេខ៥ បញ្ជាក់ថា ភាពយន្តរឿង”និស្ស័យខ្លុយស្នេហ៍” មានជាង៣០ភាគ ដោយចំណាយការថតប្រមាណ៣ខែ កាត់ត៣ខែ និងត្រូវផលិតឲ្យបានរួចរាល់នៅ៦ខែក្រោយ។ លោកថាតារាដែលសម្ដែងនៅប៉ុស្តិ៍លេខ៥ មិនដែលមានករណីជំពាក់លុយតួ ឬ ឲ្យតួថោកដូចអ្វីដែលលោកធ្លាប់ឮនោះទេ។ ក្នុងនោះតួសម្ដែងដែលប៉ុស្តិ៍លេខហៅថត ក៏មិនដែលមានប្រវត្តិឲ្យថោកៗ ធ្វើឲ្យតួអន់ចិត្ត និងបាក់ទឹកចិត្តនោះដែរ អ៊ីចឹងហើយ ទើបតារាសម្ដែងក្នុងក្រុមប៉ុស្តិ៍លេខ៥ ច្រើនតែមុខដដែលៗ ដោយសារតែធ្វើការជាមួយប៉ុស្តិ៍លេខ៥ តម្លៃខ្លួនក៏បានខ្ពស់ ហើយលុយក៏បើកស្រួល។ លោកថាភាពយន្តនេះត្បិតថាជាការទិញសិទ្ធិពីភាពយន្តថៃ ប៉ុន្តែសម្រាប់សាច់រឿង និងប្លង់ទាំងមូល គឺក្រុមផលិតបានក្រឡៃច្នៃប្រឌិតឲ្យក្លាយជាលក្ខណៈខ្មែរផងដែរ។ លោកថាប៉ុស្តិ៍លេខ៥ នឹងមានគោលការណ៍ទិញសិទ្ធិពីថៃតែឆ្អឹងរឿងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប៉ារ៉ូល ប្លង់ និងការតុបតែងជាដើម គឺធ្វើឲ្យក្លាយជារបស់ខ្មែរទាំងអស់។

នៅក្នុងភាពយន្តនេះ ក៏ឆ្លុះបញ្ចាំងពីគ្រួសារខ្មែរចៅចិន និងគ្រួសារខ្មែរ នៅក្នុងសម័យកាលមួយ ដែលធ្លាប់កើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងភាពយន្តទងមូល ក៏ជម្រើសយកតារាសម្ដែងជើងចាស់ និងជើងថ្មី ដើម្បីឲ្យតួអង្គខុសជំនាន់គ្នាច្រើននាក់ បានបង្ហាញសមត្ថភាពរួមគ្នាផងដែរ៕

មតិយោបល់