ខណៈដែលតួសម្ដែងភាគច្រើន កំពុងរិះគន់ជុំវិញករណីថតរឿងចប់មិនបានលុយ និងរឿងករណីផលិតករថតរឿង ឲ្យតម្លៃខ្លួនមិនសមរម្យនោះ ផលិតកររឿង “និស្ស័យខ្លុយស្នេហ៍” ដែលបានប្រកាសក្រុងពាលី ចេញថតកាលពីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៩ បានអះអាងថា ខ្លួននឹងទប់ស្កាត់លើករណីនេះ។ ក្នុងនោះផលិតករ ក៏ស្នើឲ្យតួសម្ដែងទាំងអស់ ត្រូវតែសហការចាប់ដៃ ដើម្បីឲ្យ ប៉ុស្តិ៍លេខ៥ ផលិតឲ្យបានរួចរាល់ នៅអំឡុង៣ខែក្រោយនោះផង។
លោក ហួង តារាមុន្នី ប្រធានផ្នែកផលិតប្រចាំនៅប៉ុស្តិ៍លេខ៥ បញ្ជាក់ថា ភាពយន្តរឿង “និស្ស័យខ្លុយស្នេហ៍” មានជាង៣០ភាគ ដោយចំណាយការថតប្រមាណ៣ខែ កាត់ត៣ខែ និងត្រូវផលិតឲ្យបានរួចរាល់ នៅ៦ខែក្រោយ។ លោកថាតារាដែលសម្ដែង នៅប៉ុស្តិ៍លេខ៥ មិនដែលមានករណីជំពាក់លុយតួ ឬ ឲ្យតួថោកដូចអ្វីដែលលោក ធ្លាប់ឮនោះទេ។ ក្នុងនោះតួសម្ដែងដែលប៉ុស្តិ៍លេខហៅថត ក៍មិនដែលមានប្រវត្តិឲ្យថោកៗ ធ្វើឲ្យតួអន់ចិត្ត និងបាក់ទឹកចិត្តនោះដែរ អ៊ីចឹងហើយ ទើបតារាសម្ដែង ក្នុងក្រុមប៉ុស្តិ៍លេខ៥ ច្រើនតែមុខដដែលៗ ដោយសារតែ ធ្វើការជាមួយប៉ុស្តិ៍លេខ៥ តម្លៃខ្លួនក៏បានខ្ពស់ ហើយលុយក៏បើកស្រួល។
លោកថាភាពយន្តនេះ ដ្បិតថាជាការទិញសិទ្ធិពីភាពយន្តថៃ ប៉ុន្តែសម្រាប់សាច់រឿង និងប្លង់ទាំងមូល គឺក្រុមផលិត បានក្រឡៃច្នៃប្រឌិត អោយក្លាយជាលក្ខណៈ ខ្មែរផងដែរ។ លោកថាប៉ុស្តិ៍លេខ៥ នឹងមានគោលការណ៍ទិញសិទ្ធិ ពីថៃតែឆ្អឹង រឿងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប៉ារ៉ូល ប្លង់ និងការតុបតែងជាដើម គឺធ្វើឲ្យក្លាយ ជារបស់ខ្មែរទាំងអស់។
នៅក្នុងភាពយន្តនេះ ក៏ឆ្លុះបញ្ចាំងពីគ្រួសារខ្មែរចៅចិន និងគ្រួសារខ្មែរ នៅក្នុងសម័យកាលមួយ ដែលធ្លាប់កើតឡើង នៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងភាពយន្តទងមូល ក៏ជម្រើសយកតារាសម្ដែងជើងចាស់ និងជើងថ្មី ដើម្បីអោយតួអង្គខុសជំនាន់គ្នាច្រើននាក់ បានបង្ហាញសមត្ថភាពរួមគ្នាផងដែរ៕
មតិយោបល់