ភ្នំពេញៈ ផ្ទុយស្រឡះពីការអះអាងរបស់ អតីតកីឡា ជៀស ស្រួច ប្រពន្ធរត់ចោលព្រោះតែថវិកា ៣០០ ដុល្លារនោះ អតីតភរិយាកីឡាកររូបនេះ បានចេញមុខបកស្រាយក្នុងន័យថាវាជារឿងមិនពិត ថែមទាំងហែកកេរ្តិ៍ថែមទៀតផង។
បើទោះបីជា ជៀស ស្រួច បានខិតខំបិទបាំង មិនទម្លាយអត្តសញ្ញាណ ស្ត្រីដែលត្រូវជា អតីតភរិយា ប៉ុន្តែ គេបានដឹងយ៉ាងច្បាស់ថា ស្ត្រីម្នាក់នោះ ជាតារាសម្តែង ដែលបច្ចុប្បន្នអាចមានអាយុពី ២៧ ទៅ ២៨ ឆ្នាំ ដែលធ្លាប់បានសម្តែងក្នុងស្ពតពាណិជ្ជកម្មទឹកផ្លែឈើ ហ្វ្រេស៊ី ។
ខណៈដែល ជៀស ស្រួច បានទម្លាក់រឿងរ៉ាវនៃការលែងលះឬរត់ចោល ទៅកាន់អតីតភរិយា ប៉ុន្តែថ្មីៗ អតីតភរិយា កីឡាកររូបនេះ បានចេញមុខ បកស្រាយតាមរយៈសារព័ត៌មានក្នុងស្រុកមួយថា ជៀស ស្រួចបានប្រើអំពើហិង្សាទៅលើនាង ក្រោយការរួច និងមិនចេះរកស៊ីអ្វីនោះទេ ថែមទាំងមានស្រីទៀតផង។
អតីតភរិយា ជៀស ស្រួច ថា «ក្រោយការរួច គាត់មិនធ្វើអ្វីនោះទេ វៃខ្ញុំ ដើរលេងល្បែង មិនដែលរកលុយចិញ្ចឹមខ្ញុំនោះទេ ដោយចោទខ្ញុំមានប្រុសមានអី » ។
ដោយការរស់នៅមិនចុះសម្រុងនិងគ្នានោះ នាងក៏សូមលែង ប៉ុន្តែខាងប្រុស មិនយល់ព្រម ថែមទាំងបោះសម្តីថា បើគេមិនបាន នរណាក៏មិនបានដែរ តែដោយសារតែប៉ាប្តឹងឡើងតុលាការ ទើបរឿងរ៉ាវនោះចប់សព្វគ្រប់។
អតីតភរិយារូបនោះ បានបន្តថា ដើមឡើយនៃការស្គាល់គ្នា គឺ ជៀស ស្រួច បានណែនាំគេទៅថត នៅស៊ីធីអិន តែមិនដឹងថាគេស្រឡាញ់ខ្ញុំនោះទេ តែប៉ាខ្ញុំមិនឲ្យថត ។
តារាសម្តែងខាងលើបានអះអាងថា ធាតុពិតការចូលរង្វង់សិល្បៈគឺនាង តាមពួកម៉ាក ហៅឲ្យចូលថត ក៏បានល្បីទៅ ។
ទន្ទឹមជាមួយនឹងការអះអាង ខាងស្រីយ៉ាងដូច្នោះ តែ ជៀស ស្រួច នៅព្រឹកថ្ងៃទី២៥ ខែកក្កដា បានបញ្ជាក់ថា គេបានរស់នៅជាមួយគ្នា ៦ ខែនោះទេ ហើយក៏បែកបាក់គ្នា ក្រោយភាគីខាងស្រីបានល្បីល្បាញ ក៏រត់ចោលគេ ព្រោះតែទឹកប្រាក់ ៣០០ ដុល្លារអាម៉េរិក ដោយតាមកូនឧកញ្ញ៉ា ម្នាក់។
ជៀស ស្រួច បានអះអាងបន្ថែមទៀតថា ដើមឡើយ ខាងប្រពន្ធបានសូមថត (ចូលសិល្បៈ) ដោយសន្យានេះ សន្យានោះ ហើយលោកក៏យល់ព្រម ឲ្យចូល តែទីបំផុតក៏កើតមានរឿងនេះ តែម្តងទៅ ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់