ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកររឿង “កុំងាកក្រោយ” ស្នើឲ្យអភិរក្សផ្ទះបុរាណសង់ពីបាយអរ អាយុជាង១០០ឆ្នាំ

ក្នុងពិធីសម្ពោធរឿង “កុំងាកក្រោយ” កាលពីថ្ងៃទី២៤ ធ្នូ ក្នុងឆ្នាំ២០១៩ មុននេះ លោក ចាន់ណា រ៉ូណាន់ ដែលជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំមកសែងក្នុងភាពយន្តនេះ បានអំពាវនាវដោយទទូចសុំអោយអាជ្ញាធរខេត្តបាត់ដំបង អភិរក្សផ្ទះបុរាណ២កន្លែងនៅក្នុងខេត្តនោះ ដែលលោកអះអាងថា មានអាយុប្រមាណជា១៣០ឆ្នាំ និង ជាផ្ទះបុរាណដែលសង់ពីបាយអរ។ លោកថាជាការសោកស្ដាយប្រសិនបើផ្ទះបាយអរដែលលោកបានសំដៅនោះ ត្រូវបានគេទុកចោលអោយបាក់រលំ ឬ វាយកម្ទេចចោល មិនទុកអោយក្មេងជំនាន់ក្រោយបានស្គាល់។

ផ្ទះបាយអរដែលលោករ៉ូណាន់ដំដៅនោះ គឺជាផ្ទះបុរាណស្ថិតនៅខេត្តបាត់ដំបង ដែលលោកបានជ្រើសទីរងថតក្នុងរឿង”កុំងាកក្រោយ” ដែលជាភាពយន្តទទួលបានការចាប់អារម្មណ៍ និងប្រកាសដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី២៦ ធ្នូតទៅនោះ។ លោកថាផ្ទះបាយអរទាំងពីរជាផ្ទះបុរាណកម្រ ហើយប្រសិនបើមានការរៀបចំបានល្អ ក៏ក្លាយជាទីតាំងសារមន្ទីរមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយផងដែរ ខណៈដែលផ្ទះនេះ ក្រោយពេលលោកជ្រើសជាទីតាំងថត ក៏មានអ្នកចុះស្រាវជ្រាវ និងទៅកម្សាន្ត។

ងាកទៅកាន់ការផលិតភាពយន្តរឿង “កុំងាកក្រោយ”វិញ លោកថាបានចំណាយការតស៊ូយ៉ាងខ្លាំង ដោយសារតែរឿងនោះជារឿងបែបភ័យរន្ធត់ ដែលតម្រូវអោយថតដាច់យប់ ជាប្រចាំបាក់កម្លាំង ហើយទម្រាំតែរកផ្ទះបុរាណ ដែលជ្រើសជាកន្លែងថតនេះ គឺពិបាកខ្លាំង។ លោករំពឹងថា នឹងជោគជ័យសម្រាប់ការគាំទ្រក្នុងរឿង “កុំងាកក្រោយ” ជាពិសេសបន្ទាប់ពីរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង តាំងពីមុនប្រកាសបញ្ចាំង។ ក្នុងពិធីសម្ពោធនោះ ក៏មានវត្តមានសិល្បករ និងផលិតករចូលរួមជាកិត្តិយសផងដែរ៕

មតិយោបល់