ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាន់ណា រ៉ូណាន់ កាន់តែធ្វើឲ្យភ្ញាក់ផ្អើល ក្នុងវិស័យភាពយន្តមុនដាច់ឆ្នាំ

ចាត់ទុកថាជាជោគជ័យយ៉ាងខ្លាំង ដែលផលិតករវ័យក្មេងលោក ចាន់ណា រ៉ូណាន់ ទើបតែបង្អួតស្នាដៃរឿង «កុំងាកក្រោយ» ជាមួយផលិតកម្ម Galaxy សោះ ស្រាប់តែនៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៩មុននេះ ក៏ប្រកាសបើកផលិតកម្មមួយបន្ថែមទៀត ជាមួយថៅកែវីហ្វ្រេន គឺលោក ចេង វណ្ណា។ លោក និង ដៃគូ បានទាំងធ្វើពិធីក្រុងពាលី ចេញថតរឿង «សំណើច652Km» ជាទ្រង់ទ្រាយធំ ផ្អើលអស់អ្នកសិល្ប:នោះផង។

ការរំលេចស្នាដៃធំៗដល់ទៅ២ ក្នុងពេលបណ្ដាក់គ្នានេះ បានធ្វើម្នាក់ៗ សុទ្ធតែយល់ថា លោក ចាន់ណា រ៉ូណាន់ ដែលល្បីក្នុងការផលិតរឿង «កំណត់ហេតុនាងនាថ» និង «សរសរកន្លោង» គឺជាផលិតករដែលជោគជ័យខ្លាំងមុនដាច់ឆ្នាំ ខណ:ដែលផលិតករល្បីៗ មួយចំនួនចាប់ផ្ដើមបាត់ភាពលេចធ្លោ។ ពីមុនលោកធ្លាប់តែផលិតរឿងក្រោមការសហការ ជាមួយផលិតកម្មភាពផ្សេងប៉ុណ្ណោះ ប៉ុន្តែពេលនេះ ការបានឡើងកាន់តំណែងជានាយកគ្រប់គ្រងទូទៅ ក្នុងនាមជាម្ចាស់ភាគហ៊ុនពាក់កណ្ដាល ដែលមិនសុទ្ធតែផលិតករគ្រប់រូបទទួលបានឱកាសនេះ។ លោកកំពុងគេមើលឃើញថា នឹងក្លាយជាផលិតករ ដែលនឹងអាចបញ្ចេញស្នាដៃថ្មីៗ ដោយមិនពិបាក និង កាន់តែពង្រីកស្នាដៃនោះផង។

លោក ចាន់ណា រ៉ូណាន់ និយាយថា លោកសម្រេចចិត្តចាប់ដៃជាមួយលោក ចេង វណ្ណា គឺដោយសារតែរវាងលោក និង ដៃគូថ្មី គឺមិនខុសពីបងប្អូនបង្កើត ដែលមិនភ័យរឿងបែកបាក់សាមគ្គី ដើម្បីចាប់ដៃគ្នាលើកស្ទួយវិស័យភាពយន្ត។ លោកថាផលិតកម្មនេះ មានឈ្មោះថា ក្រុងពិជ័យ ហើយភាពយន្តដែលលោក និង លោក ចេង វណ្ណា ចេញផលិតបើកឆាកគឺរឿង «សំណើច652Km» ដែលចង់សំដៅលើដំណើរផ្សងព្រេងរបស់តួអង្គមួយក្រុម ទៅខេត្តមណ្ឌលគីរី ដោយក្នុងផ្ទៃរឿងគឺរំលេចភាពកំប្លុកកំប្លែងស្ងួត តាំងពីដើមដល់ចប់។
មួយរឿងនេះ គ្រោងចំណាយទុនច្រើនជាង៨ម៉ឺនដុល្លារ ដោយសកម្មភាពថតគឺនៅមណ្ឌលគីរី កោះកុង និងភ្នំពេញ និងគ្រោងថតឲ្យចប់នៅពាក់កណ្ដាលឆ្នាំ២០២០។ លោកថា ផលិតកម្មក្រុងពិជ័យ នឹងផលិត១ឆ្នាំ២រឿង ហើយលោក ក៏នឹងបញ្ចេញស្នាដៃឲ្យអស់ពីសមត្ថភាពផងដែរ ដើម្បីលើកស្ទួយវិស័យភាពយន្ត។ នៅក្នុងភាពយន្តលោកក៏បានរំលេចតារាថ្មី ដែលសុទ្ធសឹងតែជាអតីតបុរសឯក និង Freshies ដែលមានសមត្ថភាពក្នុងសិល្ប:ផងដែរ៕

មតិយោបល់