កាលពីព្រឹកថ្ងៃ៥ កក្កដា ឆ្នាំ២០១៩ ចាងហ្វាងផលិតកម្មមហាហង្ស និងដៃគូសហការ បានប្រកាសអោយដឹង នៅក្នុងសន្និសីទកាសែតថា តារាខ្មែរ និងតារាថៃ ដែលជាអ្នកចូលចិត្តកីឡា និងអ្នកជួយក្នុងវិស័យចម្រៀង នឹងបើកការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពទ្រង់ទ្រាយធំមួយ នៅថ្ងៃទី២៩ កក្កដានេះ។ គម្រោងទាំងមូល គឺដើម្បីប្រមូលយកថវិកា ដែលបានពីសប្បុរសធម៍ ទៅទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅកម្ពុជា។
លោក អុិន សុភិន ប្រធានក្រុមបាល់ទាត់មហាហង្សអលស្តា បានអះអាងថា ដោយមានការសហការ ពីក្រុមហ៑ុន Thai Once Co.,Ltd ដែលមានក្លិបបាល់ទាត់ Once United ភាគីថៃ និងភាគីកម្ពុជា រួមមានផលិតកម្មមហាហង្ស និង ក្លិបបាល់ទាត់ល្បីឈ្មោះរបស់កម្ពុជា ទើបលោក និងភាគីថៃ សម្រេចបើកការប្រកួតបាល់ទាត់មិត្តភាពធំមួយ ដោយក្រុមបាល់ទាត់អាជីពរបស់ថៃ និងក្រុមបឹងកេត ដែលមានកីឡាករ ចាន់ វឌ្ឃនាកា និងកីឡាករ លី វ៉ាហេទ ជាដើមចូលលេងផង ប្រកួតគ្នានៅថ្ងៃទី២៩ កក្កដា ខាងមុខ។
ក្រៅពីការប្រកួតនោះ ក៏មានការប្រកួតមិត្តភាព រវាងក្រុមតារាសិល្បៈរបស់ផលិតកម្មមហាហង្ស និង តារាសិល្បៈតំណាងប្រទេសថៃ អមដោយការសម្ដែងសិល្បៈ នៅលើទីលាននោះផងដែរ។ លោកថា កម្មវិធីនេះ នឹងមានតារានៃប្រទេសទាំង២ចូលរួមច្រើននាក់ ប៉ុន្តែមិនទាន់បញ្ជាក់ថា រួមមានតារាណាខ្លះនោះទេ ក្នុងពេលដែលលោករំពឹងថា តារារបស់កម្ពុជា និងហ្វេនគាំទ្រ នឹងចូលរួមកុះករ។
លោក Sak Chanbotum តំណាង All Stars Charity Soccer Match និងជាទីប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឩទ្ទេសបណ្ឌិត្យ ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណមហានិកាយ បានអះអាងថា ថវិកាដែលបានពីកម្មវិធីប្រកួតមិត្តភាពនេះ នឹងប្រើប្រាស់ សម្រាប់មូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដើម្បីអោយមន្ទីរពេទ្យកុមារមួយនេះ មានលទ្ធភាពបន្តសកម្មភាព ក្នុងព្យាបាលកុមារនៅកម្ពុជា ទាំង៥ទីតាំង៕
មតិយោបល់